អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីស្រាអែល​ដេក​ភ័យ​ក្រោយ​រុស្ស៊ី​លក់​មី​ស៊ី​ល​ការពារ​ដែនអាកាស​ឲ​អ៊ីរ៉ង់
15, Apr 2015 , 6:00 pm        
រូបភាព
កាលពីថ្មីៗនេះ​រុស្ស៊ី​បានសម្រេច​ដក​ការហាមឃាត់​ការផ្គត់ផ្គង់​អាវុធ​ការពារ​ដែនអាកាស​ទៅអោយ​រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់។ ក្រោយ​សម្រេចចិត្ត​ដក​ការហាមឃាត់ អ៊ីស្រាអែល​បាន​ប្រតិកម្មភ្លាមៗ ដោយ​បង្ហាញ​ក្តីបារម្ភ​​ចំពោះ​សុវត្ថិភាព​របស់ខ្លួន​នៅពេល​អនាគត។ ក្រុង​ម៉ូស្គូ​បាន​ព្យាយាម​បកស្រាយ​ពី​ការសម្រេចចិត្ត​របស់ខ្លួន ដោយ​បញ្ជាក់​ច្បាស់​ថា​អាវុធ​រុស្ស៊ី​ផ្តល់អោយ​អ៊ីរ៉ង់​សម្រាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ។


រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​សម្តែង​ក្តីបារម្ភ​របស់ខ្លួន​ចំពោះ​ការសម្រេចចិត្ត​របស់​រុស្ស៊ី​ក្នុង​ការដក​ការហាមឃាត់​ការលក់​សព្វាវុធ ការពារ​ដែនអាកាស ទៅអោយ​អ៊ីរ៉ង់។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ទូរស័ព្ទ​ទៅដោយ​ផ្ទាល់​កាន់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ដោយ​លោក​ឆ្លៀតឱកាស​បង្ហាញ​ការព្រួយបារម្ភ​របស់លោក​ជុំវិញ​ការលក់​អាវុធ និង​បញ្ហា​សន្តិសុខ​តំបន់។ លោក បេន ចា​មិន​ណេ​តាន់​យ៉ា​ហ៊ូ បាន​លើកឡើងថា ការបំពាក់​អាវុធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​នេះ​ត្រឹមតែ​ជួយ​អោយ​អ៊ីរ៉ង់​ឡើងចាង កាច​សាហាវ​ជាមុន​នៅក្នុង​តំបន់ ហើយ​អ្វីដែល​សំខាន់​វា​នឹង​ធ្វើអោយប៉ះពាល់​សន្តិសុខ សន្តិភាព នៅក្នុង​តំបន់​ថែមទៀត។

ក្រោយ​មានការ​បង្ហាញ​ក្តីបារម្ភ ពី​សំណាក់​រដ្ឋាភិបាល​អ៊ីស្រាអែល របប​ដឹកនាំ​ក្រុង​ម៉ូស្គូ បាន​ព្យាយាម​បកស្រាយ​អោយ​អ៊ីស្រាអែល​អស់​កង្វល់។ រុស្ស៊ី​សង្កត់ធ្ងន់ និង​ធានាថា ការផ្គត់ផ្គង់​មី​ស៊ី​ល​ការពារ​ដែនអាកាស​ទៅអោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ជា​រឿង​សាមញ្ញ​ប៉ុណ្ណោះ ហើយ​អាវុធ​ទាំងនោះ​ត្រូវ​ប្រើប្រាស់​ក្នុងន័យ​ការពារ​ខ្លួន​ប៉ុណ្ណោះ មិនមែន​បង្កបញ្ហា​សន្តិសុខ ឬ​គំរាមកំហែង​ប្រទេស​ណាមួយ​នោះឡើយ។ ដូច្នេះ​អ៊ីស្រាអែល​មិនចាំបាច់​ព្រួយបារម្ភ​ឡើយ​ចំពោះ​ការផ្គត់ផ្គង់​សព្វាវុធ​ទៅអោយ​អ៊ីរ៉ង់​នោះ។

គួរ​រម្លឹក​បន្តិច​ថា​រុស្ស៊ី​និង​រដ្ឋាភិបាល​អ៊ីរ៉ង់​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-300 តាំងពី​ឆ្នាំ ២០០៧មកម្ល៉េះ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៨០០លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ក្រោយមក​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​ព្យួរ​បណ្តោះអាសន្ន​សិន ក្នុង​អាណត្តិ​ប្រ​ធានា​ធីប​តី Dmitry Medvedev ដោយមាន​ការដាក់​ការហាមឃាត់​នាំ​អាវុធ​ទៅ​អ៊ីរ៉ង់ ។

យ៉ាងណាក៏ដោយ ការសម្រេច​អនុវត្ត​កិច្ចសន្យា​ឡើងវិញ​នេះ កើតឡើង​ក្រោយ​ពេលដែល​ភាគី​មហាអំណាច ៦ និង​អ៊ីរ៉ង់​បានសម្រេច​រៀបចំ​ចំណុចសំខាន់ៗក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ផង ហើយ​ភាគី​ពាក់ព័ន្ធ​ប្តេជ្ញា​បន្ត​ចរចា​គ្នា​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពេញលេញ​មួយ​នាពេលខាងមុខ។ ការដក​ការហាមឃាត់​សព្វាវុធ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ជាការ​សម្រេចចិត្ត​ឯកតោភាគី និង​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី​ផ្ទាល់ ហើយ​រុស្ស៊ី​ជឿថា​ពេលវេលា​នេះ គេ​មិន​ត្រូវការ​ប្រភេទ​ទណ្ឌកម្ម​បែបនេះ​ទៀតឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com