អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​ចេញ១០០លាន​អឺរ៉ូ​ប្រឆាំង​ការរើសអើង​ពូជសាសន៍​និង​សាសនា
18, Apr 2015 , 2:19 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នាយករដ្ឋមន្ត្រី​បារាំង លោក​ម៉ា​នុយ​អែល វ៉ាល់ បានបង្ហាញ​ជា​សាធារណៈ​នូវ​គម្រោង​ប្រឆាំង ការរើសអើង​ពូជសាសន៍​និង​សាសនា ដែលជា​បញ្ហា​ចោទ​ក្នុងសង្គម​បារាំង។ ដើម្បី​អនុវត្ត​ផែនការ​នេះ រដ្ឋាភិបាល​បាន ប្រកាស​ចាយវាយ​ថវិកា១០០លាន​អឺរ៉ូ សម្រាប់​រយៈពេល៣ឆ្នាំ។



ទិសដៅ​លេចធ្លោ​នៃ​ផែនការ១០០លាន​អឺរ៉ូ​នេះ គឺ​ការការពារ​ប្រជាជន​បារាំង​ដែលមាន​ដើមកំណើត​ជ្វី​ហ្វ និង​អារ៉ាប់។ ជាការ​កត់សម្គាល់ ក្នុង​ត្រីមាស​ទី១ដើមឆ្នាំ២០១៥នេះ ពលរដ្ឋ​បារាំង​កាន់សាសនា​អ៊ីស្លាម​បាន​រង​បញ្ហា​រើសអើង​ដល់​ទៅ២២៦ករណី គិត​ទៅ​គឺ​ច្រើនជាង​ឆ្នាំមុន​ដល់​ទៅ៦ដង។ សម្រាប់​ពលរដ្ឋ​ដើមកំណើត​ជ្វី​ហ្វ​វិញ តួលេខ​បង្ហាញថា ក្នុង​ឆ្នាំ២០១៤កន្លងទៅ សកម្មភាព​រើសអើង​វាយប្រហារ​ពួកគេ​មានការ​កើនឡើង​មួយ​ជា​ពីរ បើ​ប្រៀប​ទៅនឹង​ឆ្នាំ២០១៣ ។

នៅ​បារាំង ការរើសអើង​សាសនា​និង​ពូជសាសន៍​ជា​បញ្ហា​ដែល​តែង​កើតឡើង ក្នុងសង្គម។ ជាក់ស្តែង កាលពី​ខែមករា​ដើមឆ្នាំ ទីក្រុង​ប៉ារីស បាន​រង​ភេរវកម្ម​ប្រឆាំង​កាសែត​ស្ហា​លី អេប​ដូ។ ហើយក៏​មានការ​វាយប្រហា​រ​ហាង​ទំនិញ​ជនជាតិ​ជ្វី​ហ្វ​ផងដែរ។ ដោយសារតែ​ឧក្រិដ្ឋជន​សុទ្ធតែជា​អ្នក​កាន់សាសនា​អ៊ីស្លាម ពលរដ្ឋ​ដែល​កាន់សាសនា​អ៊ីស្លាម​បាន​សំដែង​ការព្រួយបារម្ភ ខ្លាច​មានការ​សងសឹក​ណាមួយ​ទៅលើ​ពួកគេ។ រីឯ​ជនជាតិ​ជ្វី​ហ្វ​វិញ​ក៏​តែងតែ​ភ័យខ្លាច​ការវាយប្រហារ​លើ​ពួកគេ​ដែរ។

ចាប់ពីពេលនេះ​ទៅ អ្នក​ដែល​ប្រើ​ពាក្យសំដី​វាយប្រហារ​ជនជាតិ​ជ្វី​ហ្វ និង​អារ៉ាប់ រឹ​ក៏​ប្រើពាក្យ​ពេចន៍​បង្ហាញ​ការរើសអើង​ពូជសាសន៍ និង​សាសនា នឹង​ទទួលទោស​ដល់​កម្រិត​ព្រហ្មទណ្ឌ។ ក្នុង​វេ​ប​សាយ​ក៏​ដូច្នេះ​ដែរ អ្នក​ដែល​សរសេរ​ឃ្លាប្រយោគ​រើសអើង​សាសនា​ពូជសាសន៍​នឹង​ទទួលទោស​តាមច្បាប់។ រដ្ឋអំណាច​បារាំង​នឹង​បង្កើត​ក្រុម​វេ​ប​សាយ​មួយ​ទទួលបន្ទុក​កិច្ចការ​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com