ជាតិ
សង្គមជាតិ
ឧបករណ៍​យក្ស​តាំង​បង្ហាញ​នៅ​កន្លែង​ដដែល​ក្រោយ​ថ្ងៃ​អង្គរ​សង្ក្រាន្ត
20, Apr 2015 , 9:56 am        
រូបភាព
មួកស្លឹកត្នោតយក្ស ដែលតាំងបង្ហាញនៅមុខប្រាសាទបាយ័ន។ រូបភាព៖ ហ្វេសប៊ុកលោក សុខ សង្វារ
មួកស្លឹកត្នោតយក្ស ដែលតាំងបង្ហាញនៅមុខប្រាសាទបាយ័ន។ រូបភាព៖ ហ្វេសប៊ុកលោក សុខ សង្វារ
សៀមរាប៖ ឧបករណ៍​យក្ស​ចំនួន៤ ដែល​ជាប់​ឯតទគ្គ​កម្ម​ថ្នាក់ជាតិ​កាលពី​ថ្ងៃ​អង្គរ​សង្ក្រាន្ត​កន្លងទៅថ្មីៗនេះ បានដាក់​តាំងនៅ​មុខ​ប្រាសាទបាយ័ន​ដដែល ដោយ​មិនមាន​ការរុះរើ​ទេ បើទោះបី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានបញ្ចប់​ទៅហើយ​ក្តី។ ឧបករណ៍​ទាំងនោះ​មាន អង្រុត មួក បំពង់​ទឹកត្នោត និង​កន្ត្រងប្រហុក​យក្ស។



បើតាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង​ភូមិ​ខ្ញុំ ដែលជា​ភូមិ​មួយ ដែល​បាន​បង្កើត​អំឡុងពេល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លងទៅ ហើយ​ដែលជា​អ្នក​ផ្តួចផ្តើម​បង្កើត​ឧបករណ៍​យក្ស​ទាំង៤ បាន​បញ្ជាក់ថា លោក​សម្រេចចិត្ត​រក្សា អង្រុត មួក បំពង់​ទឹកត្នោត និង​កន្ត្រងប្រហុក នៅមុខ​ប្រាសាទបាយ័ន រហូតដល់​ឧបករណ៍​ទាំងនោះ ខូច​រូបរាង។ លោក សុខ សង្វារ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់​អង្គរ នៃ​អជ្ញាធរ​ជាតិ​អប្សរា និង​ជា​សមាជិក​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ពន្យល់ថា៖« យើង​ឃើញ ក្រោយ​អង្គរ​សង្ក្រាន្ត​ហើយ នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចូលទៅ​ទស្សនា និង​ផ្តិត​រូបភាព​ឧបករណ៍​ទាំងនោះ។ យើង​សម្រេចចិត្ត​រក្សាទុក​នៅ​កន្លែង​ដដែល ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ បានឃើញគ្រប់ៗគ្នា»។

នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឃើញថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ទើបតែ​ចូលទៅ​ទស្សនា​តំបន់​អង្គរ ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ហើយ។ ពួកគេ បាន​ផ្តិត​រូបភាព​និង​ឧបករណ៍​យក្ស ដែលមាន​ទាំង​អង្រុត មួក កន្ត្រងប្រហុក និង​បំពង់​ទឹកត្នោត​ជាដើម និង​បានសរសេរថា ពួកគេ​បានឃើញ​ហើយ​នូវ​ឧបករណ៍​យក្ស​ទាំងនោះ។

គួររម្លឹកថា នៅ​ថ្ងៃ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ថ្ងៃទី១៤ មេសា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា រួម​និង​លោក សម រង្ស៊ី ព្រមទាំង​ថ្នាក់ដឹកនាំ​ផ្សេងទៀត បាន​ចូលទៅ​ទស្សនា​ឧបករណ៍​យក្ស​ទាំងនោះ​ផង។ លោកនាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ស្នាដៃ និង​គំនិត​បង្កើត​ឧបករណ៍​ទាំងនោះ។ អង្រុត មួក កន្ត្រងប្រហុក និង​បំពង់​ទឹកត្នោត គឺជា​ស្នាដៃ​របស់​អ្នកភូមិ​អង្គរ ដែល​ចង់បង្ហាញ​ពី​ស្នាដៃ និង​ការអភិរក្ស​វប្បធម៌ ប្រពៃណី​របស់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com