អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់​ត្រៀម​សហការ​ជាមួយ​ឥណ្ឌា,ចិន,រុស្ស៊ី​ប្រឆាំង​ប្រព័ន្ធ​មី​ស៊ី​ល​ណា​តូ
20, Apr 2015 , 3:25 pm        
រូបភាព

ក្រោយ​រុស្ស៊ី​ប្រកាស​ដក​ការហាមឃាត់​ការ​នាំចូល​សព្វាវុធ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ង​បានប្រកាសថា​ខ្លួន​ត្រៀមលក្ខណៈ​រួចស្រេច​ហើយ​ដើម្បី​សហការ​ជាមួយ​មហាមិត្ត​ចិន រុស្ស៊ី និង​ឥណ្ឌា​ដើម្បី​ទប់ទល់​ប្រព័ន្ធ​មី​ស៊ី​ល​បក្សសម្ព័ន្ធ​យោធា​ណា​តូ។ អ៊ីរ៉ង់​ចាត់ទុក​ប្រព័ន្ធ​មី​ស៊ី​ល​ណា​តូ​ដែល​ពង្រាយ​នៅ​ភាគ​ខាងកើត​អឺរ៉ុប​និង​តំបន់​ផ្សេងទៀត​ជាការ​គំរាមកំហែង​ផ្នែក​សន្តិសុខ ហើយ​ការសហការ​ជាមួយ​រុស្ស៊ី​ក្តី ចិន​ក្តី ឥណ្ឌា​ក្តី​ជា​រឿង​មួយ​មិនអាច​ខ្វះ​បាន​ដើម្បី​ធានា​សន្តិសុខ និង​ស្ថិរភាព។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់​បានប្រកាសថា ខ្លួន​ត្រៀមលក្ខណៈ​ជាស្រេច​ហើយ​ដើម្បី​សហការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ដូចជា​រុស្ស៊ី ឥណ្ឌា និង​ចិន​ជាដើម ដើម្បី​ការពារ​សន្តិសុខ និង​ទប់ទល់​រាល់​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​បង្កឡើង​ដោយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ។ អ៊ីរ៉ង់​ផ្តោត​សំខាន់​លើ​ការគំរាមកំហែង​បង្កឡើង​ដោយ​ប្រព័ន្ធ​មី​ស៊ី​ល​បក្សសម្ព័ន្ធ​យោធា​ណា​តូ ដែល​ពង្រាយ​នៅ​ជុំវិញ​អឺរ៉ុប និង​ការប្រើប្រាស់​សកម្មភាព​យោធា​ដើម្បី​គំរាមកំហែង​ប្រទេស​ផ្សេងទៀត​នោះ។

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់ បាន​ថ្លែង​ក្នុង​សន្និសីទ​សន្តិសុខ​អន្តរជាតិ​នាទី​ក្រុង​ម៉ូស្គូ​ថា ក្នុងនាម​លោក​ជា​អ្នក​តំណាងអោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​លោក​គាំទ្រ​ពេញទំហឹង​ចំពោះ​គំនិត​អភិវឌ្ឍន៍​សហការ​ប្រតិបត្តិ​ការ​ផ្នែក​សន្តិសុខ និង​ការពារជាតិ​រវាង​ប្រទេស​ចិន អ៊ីរ៉ង់ ឥណ្ឌា និង​រុស្ស៊ី។ ការសហការ​ផ្នែក​សន្តិសុខ និង​យោធា​នេះ គឺ​ដើម្បី​ប្រកួតប្រជែង​និង​ទប់ទល់​ជាមួយ​អង្គការ​លោកខាងលិច​ណា​តូ ដែល​កំពុង​ពង្រីក​ឥទ្ធិពល និង​តំឡើង​សម្ភារៈ ឬ​សព្វាវុធ​របស់ខ្លួន​មានដូចជា​មី​ស៊ី​ល​ជាដើម​នៅ​អឺរ៉ុប ជាពិសេស​អឺរ៉ុប​ខាងកើត។

ការលើកឡើង​ពី​ការបង្កើន​សហប្រតិបត្តិ​ការ​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​ដូចជា​រុស្ស៊ី ចិន ឥណ្ឌា​នេះ​កើតឡើង ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​នៅ​បន្ត​តំឡើង​និង​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​អឺរ៉ុប ដោយ​យក​លែស​ថា ជាការ​ទប់ស្កាត់​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ដែល​មិនអាច​ប៉ាន់​ស្មានដឹង​មុន​ដោយ​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

យ៉ាងណាមិញ ឆ្លើយតប​នឹង​សកម្មភាព​របស់​អាមេរិក រុស្ស៊ី​បានសម្រេច​ដក​ការហាមឃាត់​ការនាំចេញ​សព្វាវុធ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ដោយ​ត្រៀម​បញ្ជូន​អាវុធ​ការពារ​ដែនអាកាស S-300 ទៅកាន់​អ៊ីរ៉ង់​ក្នុងពេលឆាប់ៗនេះ។

គួរ​រម្លឹក​បន្តិច​ថា​រុស្ស៊ី​និង​រដ្ឋាភិបាល​អ៊ីរ៉ង់​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-300 តាំងពី​ឆ្នាំ ២០០៧មកម្ល៉េះ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៨០០លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ក្រោយមក​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​ព្យួរ​បណ្តោះអាសន្ន​សិន ក្នុង​អាណត្តិ​ប្រ​ធានា​ធីប​តី Dmitry Medvedev ដោយមាន​ការដាក់​ការហាមឃាត់​នាំ​អាវុធ​ទៅ​អ៊ីរ៉ង់។

យ៉ាងណាក៏ដោយ ការសម្រេច​អនុវត្ត​កិច្ចសន្យា​ឡើងវិញ​នេះ កើតឡើង​ក្រោយ​ពេលដែល​ភាគី​មហាអំណាច ៦  និង​អ៊ីរ៉ង់​បានសម្រេច​រៀបចំ​ចំណុចសំខាន់ៗក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ផង ហើយ​ភាគី​ពាក់ព័ន្ធ​ប្តេជ្ញា​បន្ត​ចរចា​គ្នា​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពេញលេញ​មួយ​នាពេលខាងមុខ។ ការដក​ការហាមឃាត់​សព្វាវុធ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ជាការ​សម្រេចចិត្ត​ឯកតោភាគី និង​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី​ផ្ទាល់ ហើយ​រុស្ស៊ី​ជឿថា​ពេលវេលា​នេះ គេ​មិន​ត្រូវការ​ប្រភេទ​ទណ្ឌកម្ម​បែបនេះ​ទៀតឡើយ៕        



© រក្សាសិទ្ធិដោយ thmeythmey.com