អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​រដ្ឋ​ឥស្លាម​សម្លាប់​រង្គាល​ក្រុម​អ្នក​កាន់សាសនា​គ្រិស្ត​អេ​ត្យូ​ពី
20, Apr 2015 , 7:00 pm        
រូបភាព
ដោយ:

ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បាន​ទម្លាយ​វីដេអូ​សម្លាប់​រង្គាល​ក្រុម​អ្នក​កាន់សាសនា​គ្រិស្ត​ជនជាតិ​អេ​ត្យូ​ពី​នៅក្នុង​ប្រទេស​លី​ប៊ី​កាលពីថ្មីៗនេះ។ ការសម្លាប់​រង្គាល​ជាថ្មី​នេះ​កើតឡើង​ក្រោយ​ពេលដែល​ក្រុម​ដ៏​ព្រៃផ្សៃ​នេះ​បានសម្លាប់​កាត់​ក​អ្នក​កាន់សាសនា​គ្រិស្ត​មួយក្រុម​ជនជាតិ​អេ​ហ្ស៊ី​ប​ប្រហែល២០នាក​កាលពី​ខែកុម្ភៈ។



ខ្សែអាត់​វីដេអូ​ថ្មី​មួយ​ត្រូវបាន​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដោយ​បង្ហាញ​ពី​សកម្មភាព​ព្រៃផ្សៃ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​សម្លាប់​រង្គាល​ប្រជាជន​អេ​ត្យូ​ពី​នៅក្នុង​ប្រទេស​លី​ប៊ី។ ក្នុង​ខ្សែអាត់​វិ​ដេ​អូ​នោះ​មាន​រយៈពេល ២៩នាទី ត្រូវបាន​គេ​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។ ក្នុង​វីដេអូ​នោះ​មាន​បង្ហាញ​ចំណាប់ខ្មាំង​ពីរ​ក្រុម​ស្ថិតក្នុង​កណ្តាប់ដៃ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ហើយ​គេ​អះអាងថា​មួយក្រុម​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ភាគ​ខាងកើត និង​មួយក្រុម​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ភាគខាងត្បូង​ប្រទេស​លី​ប៊ី។ មុន​មានការ​ការសម្លាប់​ចំណាប់ខ្មាំង​ទាំងនោះ ក្រុម​រដ្ឋ​ឥស្លាម​បាន​ថ្លែង​សារ​មួយសន្ទុះ​ធំ បន្ទាប់មក​ចាប់ផ្តើម​សកម្មភាព​សម្លាប់​ចំណាប់ខ្មាំង​តែម្តង។ ចំណាប់ខ្មាំង​មួយក្រុម​មាន​គ្នា​ប្រហែល ១២នាក់​សុទ្ធតែ​បុរស​ត្រូវបាន​ក្រុម​នេះ​បាញ់សម្លាប់ ខណៈពេលដែល​មនុស្ស​មួយក្រុម​ទៀត​មាន​គ្នា​តិច​ណាស់​ក៏១៦នាក់​នោះ​ត្រូវបាន​ក្រុម​ដដែល​កាត់​ក​សម្លាប់ចោល​នៅ​មាត់សមុទ្រ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អេ​ត្យូ​ពី បាន​បញ្ជាក់ថា​ខ្លួន​មិនទាន់​អាច​ទទួលស្គាល់ភ្លាមៗថា ជនរងគ្រោះ​ទាំងនោះ​ជា​ជនជាតិ​ខ្លួន​នោះឡើយ ដ្បិត​គេ​កំពុង​រង់ចាំ​ព័ត៌មាន​លម្អិត​ជាមុនសិន។ ប៉ុន្តែ​រដ្ឋាភិបាល​អេ​ត្យូ​ពី​បានប្រកាស​ថ្កោលទោស​ក្រុម​រដ្ឋ​ឥស្លាម​នេះ បើទោះបីជា​ជនរងគ្រោះ​ជា​ជនជាតិ​ខ្លួន​ឬ​មិនមែន​ក៏ដោយ។

កាលពី​ខែកុម្ភៈ​ក្រុម​ជនជាតិ​អេ​ហ្ស៊ី​ប​កាន់សាសនា​គ្រិស្ត​មួយក្រុម​ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដូចគ្នា​ដែរ​នៅក្នុង​ប្រទេស​លី​ប៊ី។ ក្រោយ​មានការ​សម្លាប់​រង្គាល​ក្រុម​ប្រជាជន​អេ​ហ្ស៊ី​ប​នោះ រដ្ឋាភិបាល​ក្រុង​កៃរ៉ូ បាន​បញ្ជា​អោយ​កងកម្លាំង​ខ្លួន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​សាខា​នៅ​លី​ប៊ី​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com