អ៊ិន លក្ខិណា៖ បើមានសង្សារមានលុយច្រើនគឺសប្បាយចិត្តណាស់ 
×![]()
ភ្នំពេញ៖តារាសម្តែង និងជាពិធីការិនីនាង អ៊ិន លក្ខិណា ត្រូវបានមិត្តភក្តិបង្ហើបឲ្យដឹងថា នាងនៅមិនទាន់មានគូស្នេហ៍ថ្មីនៅឡើយទេ ខណៈពេលខ្លះ នាងតែងនិយាយបែបលេងបន្លំមែនថា អត់សង្សារយូរទៅអផ្សុកណាស់ បើមានសង្សារ ហើយជាអ្នកមានលុយច្រើនគឺសប្បាយចិត្តណាស់ ពេលទៅណាមកណា គឺឡូយតែម្តង។
ស្រីស្អាត អ៊ិន លក្ខិណា គឺរមែងផ្ទុះចេញរឿងស្នេហាមិនសូវដាច់ឡើយ ហើយគូស្នេហ៍របស់នាងភាគច្រើនសុទ្ធតែជាបុរសសម្បូរទ្រព្យថែមទៀតផង។ ប៉ុន្តែជារឿយៗ ពន្លកស្នេហ៍របស់នាងតែងតែរង្គោះរង្គើមិនបានស្ថិតស្ថេរយូរអង្វែងឡើយ ។
ក្រោយពីបែកស្នេហ៍បុរសអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី លោក ដេវីដឆាយណាវ៉ា ដែលបង្កឲ្យមានស្ទើរតែប្តឹងផ្តល់គ្នានោះ ធ្វើឲ្យ លក្ខិណា ស្ងប់ស្ងាត់ពីសិល្បៈមួយរយៈ។ក្រោយពីរឿងរ៉ាវស្រីប្រកាន់ប្រុសប្រកែកខាងលើត្រូវបានបញ្ចប់ មិនទាន់លេចឮដំណឹងថា កញ្ញា អ៊ិន លក្ខិណា បានជួបស្នេហ៍ជាមួយបុរសម្នាក់ណានៅឡើយទេ។
មិត្តភក្តិជិតស្និទ្ធរបស់នាងមួយចំនួនបានបង្ហើបឲ្យដឹងថា រហូតមកដល់ពេលនេះ លក្ខិណា នៅមិនទាន់មានស្នេហាថ្មីនៅឡើយទេ ព្រោះពេលទៅណាមកណា គឺនាងទៅតែម្នាក់ឯង ។ មិត្តភក្តិរបស់នាងដដែលបញ្ជាក់ថា អ៊ិន លក្ខិណា តែងនិយាយបែបលេងបន្លំមែនថា អត់សង្សារយូរទៅអផ្សុកណាស់ បើមានសង្សារ ហើយជាអ្នកមានលុយច្រើនគឺសប្បាយចិត្តណាំស់ ពេលទៅណាមកណា គឺឡូយតែម្តង។
នៅពេល “ថ្មី” សួរបញ្ជាក់ពីការទន្ទឹងរង់ចាំបុរសអ្នកមានស្រលាញ់នោះ កញ្ញា អ៊ិន លក្ខិណា បានប្រាប់ឲ្យដឹងថា ជាធម្មតាទេស្ត្រីគ្រប់រូបរមែងចង់បានគូស្រករដែលជាបុរសមានលក្ខណៈសម្បត្តិត្រឹមត្រូវ ហើយក៏គូបផ្សំជាមួយចំណេះវិជ្ជា និងទ្រព្យសម្បត្តិផងដែរ។ ព្រោះថា បើយើងចាប់ដៃគ្នាកសាងគ្រូសារមួយមានតែចិត្តស្មោះ តែគ្មានចំណេះដឹង រួមជាមួយលុយកាក់និងទ្រព្យសម្បត្តិផងៗនោះវាមិនអាចមានសុភមង្គលឡើយ។
លក្ខិណា បន្តថា កាលដែលនាងនិយាយបែបនេះវាមិនមែនជារឿងលោភលន់ទេ គឺសង្គមមនុស្សរស់នៅត្រូវការអ្វីៗទាំងប៉ុន្មាននេះជាចាំបាច់ ហើយនាងជឿថា ស្ត្រីគ្រប់រូបក៏គិតដូចនាងដែរ ប៉ុន្តែគ្រាន់តែអ្នកខ្លះគេមិនហ៊ាននិយាយតែប៉ុណ្ណោះ។
សម្តីរបស់កញ្ញា អ៊ិន លក្ខិណា ខាងលើនេះអាចបញ្ជាក់ឱ្យឃើញថា វាជាសារមួយសម្រាប់ឱ្យបុរសៗដែលកំពុងមានចិត្តលើនាង តំរូវរៀបចំឭកពារ ក៏ដូចជាលក្ខណៈសម្បត្តិជាមុនសិន មុននឹងឈានជើងមកប្រម៉ាញ់បេះដូងរបស់នាង៕
© រក្សាសិទ្ធិដោយ thmeythmey.com