អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាអំណាច​ពីរ​រុស្ស៊ី​និង​អាមេរិក​ដណ្តើមគ្នាយក​វៀត​ណា​ម
22, Apr 2015 , 2:32 pm        
រូបភាព
ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ទៅកាន់​ប្រទេស​វៀតណាម​កាលពីថ្មីៗកន្លងមកនេះ បញ្ជាក់​អោយឃើញថា​រុស្ស៊ី​មិន​រួញរា​ក្នុងការ​រឹតបន្តឹង​ចំណងមិត្តភាព​ជាមួយ​វៀតណាម​ឡើយ។ វៀតណាម​ជាទី​តាំង​យុទ្ធសាស្ត្រ ហើយ​ទំនាក់ទំនង​ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ​និង​សន្តិសុខ​រវាង​វៀតណាម​និង​រុស្ស៊ី​មាន​ភាពជិតស្និទ្ធ​ណាស់​តាមពិតទៅ។ ប៉ុន្តែ​រុស្ស៊ី​ប៉ុន្មាន​ឆ្នាំនេះ​ព្រួយបារម្ភ​នៅពេលដែល​វៀតណាម​និង​អាមេរិក​កាន់តែ​ខិតជិត​គ្នា ដោយ​វៀតណាម​ត្រូវការ​អាមេរិក​ដើម្បី​ទប់​ជាមួយ​ចិន។ អាមេរិក​ក៏​ពេញចិត្ត​វៀតណាម​ផងដែរ ដើម្បី​ពង្រឹង​គោលនយោបាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ គោលនយោបាយ​ពង្រឹង​សហប្រតិបត្តិការ​ស្ទើ​គ្រប់​វិស័យ​រួមទាំង​យោធា​ផង​រវាង​រុស្ស៊ី​ជាមួយ​វៀតណាម បានធ្វើអោយ​ក្រុង​វ៉ាស៊ីនតោន​មិន​ស្រួល​ចិត្ត​ឡើយ។ នេះ​បញ្ជាក់ថា​វៀតណាម​កំពុង​ក្លាយជា​នំ​ដែល​ត្រូវ​មហាអំណាច​ពិភពលោក​ដណ្តើម​គ្នា​យក។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖

     


រុស្ស៊ី​និង​អាមេរិក​សុទ្ធតែ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ចំណងមិត្តភាព​ជាមួយ​ក្រុង​ហាណូយ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ ពង្រីក​ឥទ្ធិពល​និង​អំណាច​របស់ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​វៀតណាម ពិតជា​ខុសពី​ទំនាក់ទំនង​អាមេរិក និង​វៀតណាម ដ្បិត​ប្រទេស​វៀតណាម​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​សហភាពសូវៀត​តាំង​ពី​យូរយារ​មកហើយ។ ហើយ​វៀតណាម​ក៏​មិន​ភ្លេចគុណ​សូ​វៀត​ដែល​ជួយ​ជ្រោមជ្រែង​ខ្លួន​វាយ​ចក្រពត្តិ​អាមេរិក​កាល​អំឡុង​សម័យ​សង្គ្រាម​វៀតណាម​ក្នុង​បរិបទ​សង្គ្រាមត្រជាក់។ មកទល់​បច្ចុប្បន្ន​វៀតណាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ក្រុង​ម៉ូស្គូ ហើយ​ចំណងមិត្តភាព​លើ​គ្រប់​វិស័យ​នៃ​រដ្ឋ​ទាំងពីរ​នេះ​ល្អប្រសើរ​ណាស់។ ម្យ៉ាង​ដើម្បី​ធានាថា​ចំណងមិត្តភាព​មិនល្អ​ក់​ករក ជានិច្ច​ជា​កាល​មន្ត្រី​កំពូល​រុស្ស៊ី​ទាំង​ស៊ីវិល យោធា ទៅ​ទស្សនកិច្ច​វៀតណាម​ជា​ហូរហែរ។

ក្នុង​ឆ្នាំ ១៩៩៥ ដោយសារ​បរិបទ​នយោបាយ​ពិភពលោក​ផ្លាស់ប្តូរ អាមេរិក​ដែលជា​សត្រូវ​ចាស់​របស់​វៀតណាម នោះបាន​ក្លាយជា​មិត្ត​របស់​វៀតណាម​វិញ។ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​ស្តារ​ចំណង​ការទូត​ជាមួយគ្នា​ឡើងវិញ ហើយ​វៀតណាម​ក៏​រីករាយ​ចំពោះ​ការដក​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​របស់​អាមេរិក​ផងដែរ។ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ក្រុង​ហាណូយ​និង​ក្រុង​វ៉ាស៊ីនតោន ចេះតែ​វិ​វត្ត​ទៅមុខ​កាន់តែ​ល្អប្រសើរ។ អាមេរិក​បន្ត​ផ្តល់ជំនួយ​អភិវឌ្ឍន៍ និង​ជំនួយ​យោធា​ដល់​វៀតណាម​រាល់​ឆ្នាំ។ ហើយ​វៀតណាម​ក៏​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក ដោយ​ចង់អោយ​អាមេរិក​ការពារ​ខ្លួន​ទប់ទល់​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ។ បច្ចុប្បន្ននេះ អ្នកវិភាគ​មើលឃើញថា មហាអំណាចធំៗ រុស្ស៊ី អាមេរិក​កំពុងតែ​ប្រជែង​គ្នា​ដណ្តើមយក​វៀតណាម​ជា​មិត្ត​ខ្លួន ដើម្បី​សម្រួល​ដល់​ការពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ រុស្ស៊ី​មិន​ចង់​ព្រលែង​វៀតណាម​អោយ​ធ្លាក់​ក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់​ក្រុង​វ៉ា​ស៊ី​តោន​ឡើយ ហើយ​ក្រុង​វ៉ាស៊ីនតោន​ក៍​មិន​ចង់អោយ​វៀតណាម​របូត​ទៅក្នុង​ដៃ​ក្រុង​ម៉ូស្គូ​ដូចគ្នា។

១. អាមេរិក​និង​រុស្ស៊ី​ដណ្តើម​ចែចង់​វៀតណាម

គោលនយោបាយ​របស់​អា​មេ​រិ​ក ត្រលប់​មកកាន់​តំបន់​អាស៊ី​វិញ ជំ​រុញអោយ​អាមេរិក​ត្រូវការ​វៀតណាម​កាន់តែខ្លាំង។ ហើយ​ម្យ៉ាង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក៏​រុញច្រាន​វៀតណាម​អោយ​រត់ទៅរក​អាមេរិក​វិញ​ដែរ។ អាមេរិក​ត្រូវការ​ពង្រឹង​ទំនាក់ទំនង​ជាពិសេស​មួយ​ប្រទេស​នៅ​តំបន់​អាស៊ី​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់ ស្របពេល​ដែល​ចិន​រះ​ត្រដែត​ឡើង​និង​កើន​ឥទ្ធិពល​ខ្លាំង​ក្នុង​តំបន់។ មកទល់ពេលនេះ​វៀតណាម​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​គាំទ្រ​អាមេរិក​ខ្លាំងជាងគេ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ដូចជា​ហ្វីលីពីន​ដែរ។ ប៉ុន្តែ​វៀតណាម​ក៏​មិនបាន​បោះបង់​មិត្ត​ចាស់​ដូចជា​រុស្ស៊ី​នោះដែរ។ តាម​ស្ថានភាព​ជាក់ស្តែង មហាអំណាច​ទាំងពីរ​នាំគ្នា​ដណ្តើមយក​វៀតណាម ដោយសារ​ហេតុផល​ន​យោ​យ និង​យោធា​ច្រើនជាង ហេតុផល​សេដ្ឋកិច្ច។ ទាំង​អាមេរិក និង​រុស្ស៊ី​សុទ្ធតែ​មានបំណង​ចង់​ដាក់​មូលដ្ឋានទ័ព​នៅ​វៀតណាម ហើយ​ប្រទេស​ទាំងពីរ ប្រហែលជា​រំពឹង​ចង់​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ខ្លួន នៅ​តំបន់​យុទ្ធសាស្ត្រ​ដូចជា​ឆកសមុទ្រ​ទឹក​ជ្រៅ Cam Ranh ផងដែរ។ វៀតណាម​នៅ​រារែក​ចិត្ត​នៅឡើយ ចំពោះ​ការឆ្លើយតប​នឹង​ការស្នើសុំ​សិទ្ធិ​កាន់កាប់​តំបន់​យុទ្ធសាស្ត្រ​របស់​មហាអំណាច​ទាំងពីរ​នេះ ប៉ុន្តែ​គេ​យល់ច្បាស់​ថា វៀតណាម​នឹងមិន​ផ្តល់​សិទ្ធិ​ដល់​មហាអំណាច​ណាមួយ​ក្នុង​ការតាំង​មូលដ្ឋានទ័ព​ក្នុង​ទឹកដី​របស់ខ្លួន​ឡើយ។

២. ទំនាក់ទំនង​យោធា​វៀតណាម​ស្និទ្ធ​ក្រុង​ម៉ូស្គូ ជាង​ក្រុង​វ៉ាស៊ីនតោន

តាមពិតទៅ បើ​និយាយ​រឿង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និង​ទំនាក់ទំនង​វិស័យ​ការពារជាតិ វៀតណាម​ស្និទ្ធ​ជាមួយ​រុស្ស៊ី​ជាង​ជាមួយ​អាមេរិក។ វៀតណាម បញ្ជា​ទិញ​សព្វាវុធ​ច្រើន​ហូរហែរ​មាន​ធុន​ធំ ធុន​តូច ពី​ប្រទេស​រុស្ស៊ី។ ក្នុងនោះ វៀតណាម​បាន​ទិញ​នាវាមុជទឹក​ប៉ុន្មាន​គ្រឿង​ដែរ សម្រាប់​ប្រើប្រាស់​ទប់ទល់​ការគំរាមកំហែង​របស់​ចិន។ វៀតណាម​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​ទំនើប​និង​ថ្មី​បំផុត​មួយ Su-30 MK2 ប្រមាណ១២គ្រឿង​ពី​ក្រុង​ម៉ូស្គូ​កាលពី​ឆ្នាំមុន ក្នុង​ទំហំ​ទឹកប្រាក់ ៤៥០លាន​ដុល្លារ​អាមេរិក​ផង។ ក្រុង​ម៉ូស្គូ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ប្រភេទ Su-30 ប្រមាណ២០គ្រឿង​ទៅ​វៀតណាម​រួចរាល់​ហើយ ក្រោយ​ភាគី​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​កាលពី​ឆ្នាំ២០០៩ និង២០១០ ។ ក្រៅពី​ទិញ​លក់​សព្វាវុធ​រុស្ស៊ី​ក៏​នៅ​បន្ត​ជួយ​វៀតណាម​សាងសង់​កំពង់ផែ​នាវាមុជទឹក ជួសជុល​សព្វាវុធ​យោធា និង​បំពាក់បំប៉ន​កងទ័ព​ទាក់ទិន​នឹង​បច្ចេកទេស​ជួសជុល​សម្ភារៈ​យោធា​ផងដែរ។ ថ្មីៗនេះ​រុស្ស៊ី​ប្តេជ្ញា​នឹង​ជួយ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ស៊ីវិល​អោយ​វៀតណាម​ថែមទៀត។

៣. វៀតណាម​មិន​ជ្រើស​រើសយក​សម្ព័ន្ធមិត្ត​ផ្តាច់មុខ ព្រោះ​ធ្លាប់មាន​បទពិសោធន៍​ឈឺចាប់

វៀតណាម​ធ្លាប់​ឆ្លងកាត់​រឿងរ៉ាវ និង​មេរៀន ជូរចត់​និង​ខ្លោចផ្សា​ច្រើន​ដែរ ដោយសារ​ជ្រើសរើស​ចូលបក្ស​សម្ព័ន្ធ​ជាមួយ​ប្រទេស​មហាអំណាច​នេះ។ នេះ​គឺ​សម្តៅលើ​សម័យ​សង្គ្រាមត្រជាក់​នៅពេលដែល​ទឹក​វៀតណាម​ក្លាយជា​សមរភូមិ​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​រវាង​មហាអំណាច​សេរី​អាមេរិក និង​កុម្មុយនីស្ត​សូ​វៀត។ មេដឹកនាំ​ក្រុង​ហាណូយ​យល់ថា បើ​ហ៊ាន​ជ្រើសរើស​មហាអំណាច​ណាមួយ​ជា​មិត្ត​ផ្តាច់មុខ​ដូច​មុន វៀតណាម​អាច​នឹង​ខូចប្រយោជន៍​ច្រើន​ផង​ដូច​មុន​ក៏​ថា​បាន។ ចង់​មិន​ចង់​វៀតណាម ត្រូវ​ថ្លឹងថ្លែង​មើល​ជាមុន​ពី​គោលនយោបាយ​ការបរទេស​របស់ខ្លួន​ដោយ​ប្រុងប្រយ័ត្ន និង​ធ្វើអោយមាន​តុល្យភាព ចំពោះ​មហា​យក្ស​ដែល​កំពុង​ប្រជែង​គ្នា​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នេះ។ ម្យ៉ាង​តាំងពី​រួបរួម​វៀតណាម​ទាំងពីរ​ដល់​បច្ចុប្បន្ន វៀតណាម​រក្សា​គោលការណ៍​ឯករាជ្យ អ​ព្យា​ក្រឹត្យ មិន​ចូលបក្ស​សម្ព័ន្ធ ដែល​គោលការណ៍​នេះ​ជា​លេស​របស់​វៀតណាម ដើម្បី​បដិសេធ​ចូលរួម និង​មិន​បណ្តោយអោយ​ខ្លួន​ធ្លាក់​ក្រោម​ឥទ្ធិពល​មហាអំណាច​ណាមួយ​ដោយ​ផ្តាច់មុខ​ឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com