កីឡាជាតិ
សីឈិនឡូន និងសីប៉ាក់តាក្រត្រៀមខ្លួនទៅដណ្ដើមមេដាយនៅសីហ្គេម 
×![]()
ក្រុមកីឡាសីឈិនឡូននិង សីប៉ាក់តាក្រ ជម្រើសជាតិកម្ពុជាកំពុងតែហ្វឹកហាត់ទាំងក្នុងនិងក្រៅប្រទេសយ៉ាងមមាញឹកដើម្បីត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរីឆ្នាំ ២០១៥ ដែលនឹងមកដល់ដើមខែមិថុនា នេះ។
លោក ជាតិ ខេមរាគ្រូបង្កោលទាំងសីឈិនឡូននិង សីប៉ាក់តាក្របានលើកឡើងថាសហព័ន្ធបានសម្រេចបញ្ជូនកីឡាទាំង២ ប្រភេទនេះទៅប្រកួតស៊ីហ្គេមលើកនេះដោយក្នុងនោះកីឡាករ ៨នាក់ និង កីឡាការិនី ៨ នាក់។ក្រុមកីឡាករនឹងប្រកួតសីឈិនឡូនចំណែកក្រុមកីឡាការិនីប្រកួតសីប៉ាក់តាក្រ។
លោកគ្រូបង្វឹកបន្ថែមថាសម្រាប់ផ្នែកបុរសចំនួន៨រូបនោះបានធ្វើដំណើរទៅហាត់នៅប្រទេសមីយ៉ាន់ម៉ាគិតចាប់ពីថ្ងៃទី២ខែមិនា ២០១៥ មកម្ល៉េះដែលជាទីកន្លែងកំណើតសីឈិនឡូនតែម្ដង។ ពួកគេនឹងត្រឡប់មកវិញនៅថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១។កីឡាករទាំងនោះមាន អ៊ឹងណារិត ,ត្រឹងលី ,ជាតិខេមរិន្ទ្រ ,ហេងរ៉ាវុធ, រៀមសុភិរម្យ,ជិនសុវណ្ណារិទ្ធ ,ណាងសុភាព និង សុភ័ក្ដ្រ ចន្នី។
សម្រាប់ក្រុមនារីទើបតែត្រឡប់ពីហ្វឹកហាត់នៅប្រទេសថៃចំនួន ៤៥ ថ្ងៃ។ឥឡូវនេះពួកគេកំពុងបន្តពង្រឹងសមត្ថភាពថែមទៀតដោយហ្វឹកហាត់ជាប្រចាំថៃក្នុងនោះមានព្រឹក ១ម៉ោងកន្លះ និងល្ងាច ២ម៉ោងកន្លងនៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាន់ផ្ទាល់ដី។កីឡាការិនី ទាំង ៨ នាក់មានសន សុភាព, អ៊ុកសុខសាន្ត, សនសុភ័ណ្ឌ, ចនពេជ្រញ៉ា, ពេជ្រសុផា, ងួនច័ន្ទបូរមី, ឯមពិសិដ្ឋ និង សុទ្ធ ស្រីលក្ខណ៍។
លោកគ្រូបង្វឹករូបនេះមានសង្ឃឹម៩០% ចំពោះក្រុមបុរសព្រោះកម្រិតបច្ចេកទេសសឹងតែអាចប្រជែងជាមួយមីយ៉ាន់ម៉ាដែលជាម្ចាស់កីឡាប្រភេទនេះទៅហើយ។ប៉ុន្ដែលោកក៏មានក្ដីសង្ឃឹម៥០% ចំពោះក្រុមនារីដែរទោះជាដឹងថាមានប្រទេសច្រើនចូលរួមក៏ដោយពោលគឺក្រុមថៃ ឥណ្ឌូណេស៊ីវៀតណាម ជាក្រុមខ្លាំងស្រេចជាដើម។
ក្នុងសីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ានាឆ្នាំ ២០១៣ ក្រុមជម្រើសជាតិសីឈិនឡូនធ្លាប់ដណ្ដើមបានមេដាយប្រាក់២ និង សំរឹទ្ធ ៣ គ្រឿងខណៈសីប៉ាក់តាក្រឈ្នះបានមេដាយសំរឹទ្ធ២ គ្រឿងផងដែរ។
សម្រាប់ស៊ីហ្គេមឆ្នាំ២០១៥ នេះវិញនឹងប្រកួតចាប់ពីថ្ងៃទី៥ ដល់ ១៦ ខែ មិថុនា ឆ្នាំ ២០១៥នៅប្រទេសសិង្ហបុរីដោយដាក់កីឡាចំនួន ៣៦ប្រភេទ ក្នុងនោះ ៤០២ វិញ្ញាសា(ស្មើនឹង៤០២ មេដាយមាស) ឱ្យប្រកួតប្រជែង៕
© រក្សាសិទ្ធិដោយ thmeythmey.com