អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​ថៃ​បង្កើត​ច្បាប់​ថ្មី​លុបបំបាត់​អ្នកសុំទាន​តាមផ្លូវ
23, Apr 2015 , 8:45 pm        
រូបភាព
ដោយ:
 
រាជរដ្ឋាភិបាល​ថៃ​បានអនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​ថ្មី​ដោយបាន​បញ្ញត្តិ​ពី​ការ​សុំទាន​នៅតាម​ផ្លូវ​ជាពិសេស​នៅក្នុង​ទីក្រុង​សំខាន់​និង​តំបន់​ទេសចរណ៍​របស់​ថៃ​ត្រូវ​ចាត់ទុកជា​បទល្មើស។ច្បាប់​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោល​ដើម្បី​កាត់បន្ថយ​សកម្មភាព​សុំទាន​នៅក្នុង​ទីក្រុង​និង​ជួយ​បណ្តុះបណ្តាល​អ្នកសុំទាន​ទាំងនោះ​ដើម្បី​អាចមាន​សមត្ថភាព​និង​ជំនាញ​ដើម្បី​រក​ការងារ​មួយ​ត្រឹមត្រូវ។


កាលពី​ព្រឹក​មិញ​លោកនាយក​រដ្ឋមន្ត្រី​រដ្ឋ​ប្រហារ​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​យល់ស្រប​ចំពោះ​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ការ​គ្រប់​អ្នកសុំទាន​ដែល​បានចាត់ទុក​សកម្មភាព​នៃ​ការ​សុំទាន​នៅតាម​ដងផ្លូវ​ជា​បទល្មើស។ច្បាប់​ថ្មី​នេះ​នឹងត្រូវ​និរាករណ៍​ច្បាប់​ចាស់​ដែលមាន​បញ្ញត្តិ​ស្រដៀង​គ្នា​ហើយ​បានអនុម័ត​តាំងពី​ឆ្នាំ១៩៤១មកម្ល៉េះ។

លោក Sansern Kaewkamnerd អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់ថា​ច្បាប់​ថ្មី​ដែល​ទើបតែ​អនុម័ត​ដោយ​រដ្ឋាភិបាល​ធ្វើឡើង​ក្នុង​គោលបំណង​ដោយ​ដើម្បី​កាត់បន្ថយ​ការសុំ​ទាន​និង​គ្រប់គ្រង​ទៅលើ​អ្នកសុំទាន​ទាំងនោះ​តាមរយៈ​ការបណ្តុះបណ្តាល​ឲ្យ​មាន​ជំនាញ​មួយ​ដើម្បី​បង្កើត​មុខរបរ។ដោយឡែក​សម្រាប់​អ្នក​មិនអាច​ធ្វើការ​បណ្តុះ​បណ្តាញ​ជំនាញ​បានរួម​មាន​កុមារ​មនុស្ស​ចាស់ជរា​និង​ជនពិការ​ត្រូវបញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​គាំទ្រ​សុខមាលភាព។

បើ​យោងតាម​សេចក្តីព្រាងច្បាប់​នេះដែរ​អំពើ​ដែល​ត្រូវបាន​ចាត់ទុកថា​ជាការ​សុំទាន​មានដូចជា​ការសុំ​ប្រាក់​អ្នកដទៃ​តាមរយៈ​ការនិយាយ​សរសេរ ឬ​កាយវិការ​និង​ការសម្តែង​ធ្វើ​ឲ្យ​អ្នកដទៃ​អាណិត​ផងដែរ។ដោយឡែក​សម្រាប់​ការសុំ​ប្រាក់​ពី​សមាជិកគ្រួសារ​និង​កិច្ចការ​មនុស្សធម៌​មិនត្រូវ​បានចាត់ទុក​ជាកា​រ​សុំទាន​នោះទេ។មួយ​វិញ​សម្រាប់​ការប្រគុំ​តន្ត្រី​នៅតាម​សាធារណៈ​ដើម្បី​សុំ​ប្រាក់​ពី​អ្នកដំណើរ​ក៏​មិនត្រូវ​បានចាត់ទុក​ជាកា​រ​សុំទាន​ដែរ ប្រសិន​ជន​ទាំង​នោះបាន​ផ្តល់ដំណឹង​ទៅកាន់​អាជ្ញាធរ និង​បាន​អនុវត្ត​ទៅតាម​ការណែនាំ។

អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ​គឺ​ច្បាប់​នេះ​នឹងដាក់​ទណ្ឌកម្ម​ជន​ទាំងឡាយណា​ដែល​ជម្រុញ​ឲ្យ​មានការ​សុំទាន​អ្នកសុំទាន​ទាំងឡាយណា​ដែល​បាន​រត់គេច​ពី​កន្លែង​បណ្តុះបណ្តាល​ជំនាញ​ជន​ទាំងឡាយ​ដែល​ប្រគុំ​តន្ត្រី​សុំ​ប្រាក់​តាម​សាធារណៈ​ដោយ​គ្មាន​ការអនុញ្ញាត​និង​ជន​ទាំងឡាយណា​ដែល​បង្ខិតបង្ខំ​អ្នកដទៃ​សុំទាន​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង៕



© រក្សាសិទ្ធិដោយ thmeythmey.com