កីឡាជាតិ
បាល់ទាត់ជម្រើសជាតិ៖ឈុតស៊ីហ្គេមទៅម៉ាឡេស៊ីឈុតWorld Cup ទៅបាទី 
×![]()
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំង ២ ឈុតសុទ្ធតែត្រូវចេញដំណើរដូចគ្នានៅព្រឹកថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០១៥នេះដោយឈុតត្រៀមស៊ីហ្គេម(U-23) ទៅប្រកួតមិត្តភាពអន្តរជាតិនៅម៉ាឡេស៊ីស្របពេលឈុតធំ ត្រៀមជម្រុះFIFA World Cup 2018ទៅបោះជំរំប្រមូលផ្ដុំនៅមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីក្នុងខេត្តតាកែវ។
សម្រាប់ឈុតស៊ីហ្គេមត្រូវទៅប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុម U-23 របស់ម្ចាស់ផ្ទះម៉ាឡេស៊ីចំនួន ២ ប្រកួត នៅវេលាម៉ោង១១ ព្រឹក តាមជើងហោះហើរភ្នំពេញ-កូឡាឡាំពូរ។ប្រកួតទី១ នៅថ្ងៃទី២៩ ខែ មេសា និង ប្រកួតទទី២នៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ២០១៥ ដោយរៀបចំឡើងក្នុងទីក្រុងកូឡាឡាំពួរ។
លោកគ្រូបង្វឹកLee Tae Hoonបានដឹកនាំសមាជិករបស់ខ្លួនចំនួន ២៨ នាក់ ទៅប្រកួតនៅឆាកអន្តរជាតិជាលើកដំបូងសម្រាប់ក្រុមមួយនេះខណៈប្រកួតកម្ដៅសាច់ដុំបន្ទាប់លោកត្រូវធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញជួបជាមួយក្រុមU-23 កូរ៉េខាងត្បូងនៅថ្ងៃទី ១៣ ខែ ឧសភា និងប៉ះក្រុមខេត្តឡុងអាននៅថ្ងៃទី ១៥ ខែ ឧសភានៅទីនោះមុនត្រឡប់មកកម្ពុជាវិញ។
វិញ្ញាសាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងប្រកួតចាប់ពីថ្ងៃទី២៩ ខែ ឧសភា ដល់ ១៥ ខែ មិថុនាឆ្នាំ ២០១៥ ដោយ ក្រុមU-23 កម្ពុជា ស្ថិតក្នុងពូលA ជាមួយម្ចាស់ផ្ទះសិង្ហបុរី, មីយ៉ាន់ម៉ា, ហ្វីលីពីននិង ឥណ្ឌូណេស៊ី ហើយពូលB មាន ថៃ, ម៉ាឡេស៊ី, វៀតណាម, ឡាវ,ប្រ៊ុយណេនិង ទីម័រខាងកើត។
ចំណែកក្រុមជម្រើសជាតិឈុតធំដែលត្រូវចាប់ប្រមូលផ្ដុំពីថ្ងៃទី២៧ ខែ មេសានេះតទៅហើយក្រោមការដឹកនាំបណ្ដោះអាសន្នរបស់លោកOhara Kazunori ខណៈការប្រកួតបើកឆាកជាមួយសិង្ហបុរីនៅថ្ងៃទី ១១ ខែ មិថុនា និងប្រកួតទី២ ជាមួយអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៥។
កីឡាករ ២៩នាក់មកពីក្លិបបាល់ទាត់ចំនួន ៩ ក្នុងលីកកំពូលកម្ពុជាដោយក្នុងនោះក្រុមក្រសួងការពារជាតិ២ នាក់, អគ្គស្នងការដ្ឋាននគរបាលជាតិ៤ នាក់, ខេត្តស្វាយរៀង៦ នាក់, បឹងកេតអង្គរ៦ នាក់, Albirex Niigata ១ នាក់, ណាហ្គាវើល ១៣ នាក់, ភ្នំពេញក្រោន ៥នាក់, Cambodia Tiger ២ នាក់ និងបៀលប្រាយយូណាធិត ១ នាក់ត្រូវបានលោកOharaកោះហៅចេញដំណើរវេលាម៉ោង១០ព្រឹក តាមរថយន្តក្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com