ជាតិ
សង្គមជាតិ
មន្ត្រីរាជការ​នឹង​ទទួលបាន​បៀវត្ស​សម្រាប់​ខែឧសភា​មុន​មួយ​សប្តាហ៍
27, Apr 2015 , 9:00 pm        
រូបភាព

មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ​កម្ពុជា យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ  នឹង​ទទួលបាន​ប្រាក់បៀវត្ស​សម្រាប់​ខែឧសភា​ឆ្នាំ២០១៥ មុន​មួយ​សប្តាហ៍ ពោលគឺ​យ៉ាងយូរ​ក្នុង​សប្តាហ៍​ទី៣ នៃ​ខែឧសភា។ នេះ​បើ​យោងតាម លិខិត​របស់លោក ហ៊ុន សែន ដែល​ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ។



លិខិត​ចុះ ថ្ងៃទី២៥មេសា​ដោយ​លោក ហ៊ុន សែន បាន​បញ្ជាក់ថា ការស្នើ​ឲ្យ​បើក​បៀវត្ស​ជូន​មន្ត្រីរាជការ​មុន​កាលកំណត់​នេះ គឺ​ដើម្បី​កុំ​ឲ្យ​មាន​គំលាត​ឆ្ងាយ​រវាង​បៀវត្ស​សម្រាប់​ខែមេសា និង​ខែឧសភា ដោយសារតែ កាលពី​ខែមេសា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​សម្រាប់​ខែមេសា មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ។

យោងតាម​សារា​ចរណៃ​នាំ​លេខ០១ សរ ចុះ​ថ្ងៃទី២៩ខែមករា​ឆ្នាំ២០១៤ ស្តីពី​ការបើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ការបើកប្រាក់​បៀវត្ស ត្រូវអនុវត្ត​នៅ​សប្តាហ៍​ទី៤នៃ​ខែនីមួយ។

លិខិត​ដដែល បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ប្រាក់បៀវត្ស​ចាប់ពី​ខែមិថុនា​តទៅ ត្រូវ​បើក​ផ្តល់នៅ​សប្តាហ៍​ទី៤ នៃ​ខែនីមួយៗ ស្របតាម​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​លេខ០១ សរ ចុះ​ថ្ងៃទី២៩ខែមករា ឆ្នាំ២០១៤ធម្មតា​វិញ។ វិធានការ​នេះ​ត្រូវ​អនុវត្តន៍​ដូចគ្នា​ដែរ ចំពោះ​ការរៀបចំ បើក​ផ្តល់​របប​សន្តិសុខ​សង្គម​ជូន​អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន៕




© រក្សាសិទ្ធិដោយ thmeythmey.com