ជាតិ
សាលា​រាជធានី​ប្រើ​ប្រាក់​ជំនួយ​ជប៉ុន​ដើម្បី​ដំឡើង​ប្រព័ន្ធគ្រប់គ្រង​ចរាចរ​ជាង១០០ទីតាំង
28, Apr 2015 , 7:45 pm        
រូបភាព
ដោយ:

 
ភ្នំពេញ៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ នឹង​ដំឡើង​ប្រព័ន្ធ​កាមេរ៉ា​គ្រប់គ្រង​ចរាចរ ជាង ១០០ទីតាំង ដោយ​ចំណាយ​អស់​ជាង ១៩លាន​ដុល្លារ​អាមេរិក​ដែល​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន។ ការដំឡើង​ប្រព័ន្ធ​កាមេរ៉ា​ទាំងនោះ គឺ​ក្នុង​គោលបំណង សង្កេតមើល​ស្ថានភាព​ចរាចរ និង​បញ្ចៀស​ការកកស្ទះ​ចរាចរ ដែល​កាន់​តែមាន​កើនឡើង​ជាប្រចាំ នៅ​រាជធានី​ភ្នំពេញ។


មានសំឡេង




ប្រព័ន្ធគ្រប់គ្រង​ចរាច​រ និង​កាមេរ៉ា​សុវត្ថិភាព ព្រមទាំង​បន្ទប់​បញ្ជារ​ប្រព័ន្ធ​ចរាចរ​បែប​ទំនើប នឹងត្រូវ​ដំឡើង​នៅ​ទីតាំង​ចំនួន១០០ដើម្បី​សម្រួល​ការកកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ។
អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​គម្រោង​ដំឡើង​ប្រព័ន្ធគ្រប់គ្រង​ចរាចរ​ដ៏​ទំនើប​នេះ តាមរយៈ​ទីភ្នាក់ងារ JICA ។
លោក​បន្តថា នាពេល​បច្ចុប្បន្ន​JICAកំពុង​រៀបចំ​ធ្វើ​លទ្ធកម្ម​ក្នុង​គម្រោង​នេះ (ការដេញថ្លៃ) ជាមួយ​ក្រុមហ៊ុន​ជប៉ុន នៅ​ប្រទេស​ជប៉ុន។

បើតាម​អ្នកនាំពាក្យ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ចំណាយ​ថវិកា​ជាង ១៩លាន​ដុល្លារ​អាមេរិក ហើយ​គម្រោង នឹង​បញ្ចប់​នៅ​អំឡុង​ដើមឆ្នាំ ២០១៦ ។

«គម្រោង​ដំឡើង​ប្រព័ន្ធគ្រប់គ្រង​ចរាចរ​ដ៏​ទំនើប​នេះ ចំណាយ​ថវិកា​ជាង ១៩លាន​ដុល្លារ​អាមេរិក ដោយ​ជប៉ុន​នឹង​ជួយ​រៀបចំ​ម៉ាស៊ីន​កាមេរ៉ា​ទំនើប​ថ្មី ដែល​យើង​អាច​តាមដាន​គ្រប់គ្រង និង​បញ្ជា​បាន ដើម្បី​ជួយ​បញ្ចៀស​ការកកស្ទះ​ចរាចរ»។ នេះ​ការបញ្ជាក់​របស់លោក ឌី​ម៉​ង់ ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បន្ថែមថា ទោះបីជា​គម្រោង​នេះ នឹង​អាចជួយ​សម្រួល​ស្ថានភាព​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​មមាញឹក​ខ្លាំង​ក៏ដោយ តែ​ប្រសិន​ប្រជាជន​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​នោះ ក៏​មិនអាច​ទៅរួច​ដែរ។

ដូច្នេះ​ទ​នឹ្ទ​ម​គ្នា​នឹង​ការដំឡើង​ប្រព័ន្ធ​ចរាចរ​នេះ លោក​លោង ឡុង ឌី​ម៉​ង់ ក៏បាន​សំណូមពរ​ឲ្យ​ប្រជាជន​ចូលរួម គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់តែ​ល្អប្រសើរ​ផង។

គួរ​បញ្ជាក់ថា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​ជួបពិភាក្សា​ការងារ​ស្ដីពី​គម្រោង​នេះ​ជាមួយ លោក KOTO MASATO ជំនាញការ JICA លើ​គម្រោង​ចរាចរ​និង​សេវា​ដឹកជញ្ជូន​សាធារណៈ​ប្រចាំ​កម្ពុជា​ផងដែរ​ដោយ​នៅពេលនោះ​លោក​បានស្នើ​អង្គការ JICA សិក្សា និង​រៀបចំ​នូវ​ការគ្រប់គ្រង​ប្រព័ន្ធ​ភ្លើងស្ដុប និង​ដំឡើង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com