ជាតិ
បទវិភាគ
ល្មម​ដល់​ពេលដែល​ខ្មែរ​ត្រូវ​រួមគ្នា កសាង​មាតុភូមិ​ដ៏​កំសត់​មួយ​នេះ!
13, Jun 2015 , 5:00 pm        
រូបភាព
ដោយ:

កម្ពុជា​ដែល​ធ្លាប់ជា​អាណាចក្រ​ដ៏​ខ្លាំងក្លា និង​មាន​ទឹកដី​ធំ​ទូលាយ កាលពី​អតីតកាល បាន​ប្រែខ្លួន​មកជា​ជាតិ​សាសន៍​ដែល​ក្រីក្រ និង​មាន​ទឹកដី​រួម​តូច​នាពេល​បច្ចុប្បន្ន ដោយសារតែ​ភាព​បែកបាក់ និង​ការ​ធ្វេស​ប្រ​ហែស​របស់​ក្រុម​អ្នកនយោបាយ និង​ពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ជំនាន់។ ដូច្នេះហើយ ល្មម​ដល់ពេល​ហើយ ដែល​អ្នកនយោបាយ​ខ្មែរ ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ត្រូវ​រួបរួមគ្នា​ឈរលើ​ផលប្រយោជន៍​ជាតិ ដើម្បី​អភិវឌ្ឍន៍​មាតុភូមិ​ដ៏​កំសត់​មួយ​នេះ ។ ថ្វីបើ​យើង​គាំទ្រ​បក្ស​ផ្សេងគ្នា មាន​ទស្សនៈ​ផ្សេងគ្នា តែ​យើង​មិនមែនជា​សត្រូវ និង​ត្រូវ​កាប់សម្លាប់​គ្នា​ឡើយ ។


 សូម​ស្តា​ប់លោក ជា ធី​រិ​ទ្ធ !




« សាមគ្គី សាម​គ្គា​នំ ត​បោ សុ​ខោ ការរួបរួម​សាមគ្គី​គ្នា នឹង​នាំមក​នូវ​សេចក្តីសុខ » ។ នេះ​គឺជា​ព្រះពុទ្ធ​ឱវាទ​ដែល​ព្រះអង្គ បាន​ត្រាស់​សម្តែង​តាំងពី​ជាង ២ ពាន់​ឆ្នាំមុន​មក ។ ព្រះពុទ្ធដីកា ដ៏​មាន​អត្ថន័យ​នេះ ល្មម​អាច​ជ្រាបចូល​សន្តាន​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ ដែល​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ឲ្យ​មាន​ស្មារតី​រួបរួមគ្នា ដើម្បី​កសាង​ប្រទេសជាតិ ។  ពីព្រោះថា ខ្មែរ​ដែល​ធ្លាប់​ខ្លាំង ក៏​ធ្លាប់មាន​ប្រវត្តិ​បាត់បង់​ទឹកដី ធ្លាប់​កាប់សម្លាប់​គ្នាឯង​ក្នុង​ភ្លើងសង្គ្រាម ធ្លាក់ខ្លួន​ជា​ប្រទេស​ក្រីក្រ​ដូច​បច្ចុប្បន្ន ដោយសារតែ​ការធ្វេសប្រ​ហែស និង​ការបែកបាក់​គ្នា​របស់​អ្នកនយោបាយ និង​ពលរដ្ឋ​ខ្មែរ​ក្នុង​អតីតកាល ។ លើ​លោក​នេះ ប្រហែលជា​គ្មាន​ជាតិ​សាសន៍​ណាមួយ​នោះទេ ដែល​ហ៊ាន​លើកដៃ​សម្លាប់​ជាតិ​សាសន៍​ខ្លួនឯង​អស់​រាប់លាន​នាក់​ដូច​កម្ពុជា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​ក្រោយពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ កម្ពុជា​បាន​ប្រកាន់យក​នូវ​របប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ដោយ​អនុញ្ញាត​ឲ្យ​មាន​គណបក្សនយោបាយ​ច្រើន​ចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​នា​អាណត្តិ​ទី ១ និង​អាណត្តិ​បន្តបន្ទាប់​រហូតដល់​ប​ច្ចុ​ប្បន្ន ។  ថ្វី​ដ្បិត​កម្ពុជា ដើរទៅ​មុខ​មួយ​ជំហាន​ស្រវា​ឳ​បយក​របប​ប្រជាធិបតេយ្យ​ពិតមែន តែ​ប្រទេស​នេះ នៅតែ​បន្ត​ជួប​បញ្ហា​បែកបាក់​គ្នា​រវាង​អ្នកនយោបាយ និង​អ្នកនយោបាយ និង​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ដោយ​គ្រាន់​តែមាន​ភាព​ធូរស្រាល​ជាង​អតីតកាល ។  បច្ចុប្បន្ន​នៅតែមាន​អ្នកនយោបាយ​ខ្មែរ​ខ្លះ បន្ត​ហែកហួរ​គ្នា ចាត់ទុក​គ្នា​ជាស​ត្រូវ ដើម្បី​បម្រើ​មហិច្ឆតា​នយោបាយ​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​គិតពី​ជោគវាសនា​របស់​ជាតិ។ ដើម្បី​ប្រយោជន៍​បក្ស​ខ្លួន ក្រុម​ខ្លួន គ្រួសារ​ខ្លួន និង​ដើម្បី​អំណាច ពួកគេ​ត្រូវ​ឈ្លោះ​គ្នា និង​ចាត់ទុក​គ្នា​ជាស​ត្រូវ​ក្នុង​វិថី​នយោបាយ ។

រីឯ​ពលរដ្ឋ​ខ្លះ​ដែលជា​ម្ចាស់​ប្រទេស​វិញ ក៏​កំពុង​ផុងខ្លួន​ជឿ​លើ​អ្នកនយោបាយ​គ្មាន​មនសិការ​មួយចំនួន ដែល​បង្ក​ឲ្យ​មាន​អរិភាព​ជាមួយ​ប្រជាពលរដ្ឋ​គ្នាឯង។ នៅតាម​មូលដ្ឋាន​ខ្លះ​ពលរដ្ឋ មើលមុខ​គ្នា​មិន​ចំ ឈ្លោះប្រកែក​គ្នា ពេលខ្លះទៀត​ឈានដល់​ការកាប់សម្លាប់​គ្នា​ក៏មាន ដោយសារ​ពួកគេ​ប្រកាន់​ជំហរ​គាំទ្រ​គណបក្សនយោបាយ​ខុសគ្នា។ បងប្អូន​បង្កើត មិត្តសំឡាញ់ ដែល​ធ្លាប់តែ​ស្រឡាញ់គ្នា ល្អូកល្អិន​នឹង​គ្នា ប្រែជា​បែកបាក់​គ្នា ក៏​ព្រោះ​តែមាន​និន្នាការ​គាំទ្រ​បក្សនយោបាយ និង​ទស្សនៈ​ផ្សេងគ្នា​ដែរ ។ គ្រាន់តែ​ទស្សនៈ​ផ្សេងគ្នា ពួកគេ​នាំគ្នា​ជេរប្រទេច​គ្នា​យកឈ្នះ​ចាញ់​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ជាពិសេស​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលជា​ទីលាន​បញ្ចេញមតិ​ដ៏​ពេញនិយម​នាពេល​បច្ចុប្បន្ន។ ម្នាក់ៗសុទ្ធតែ​គិតថា មានតែ​ទស្សនៈ​របស់ខ្លួន​ឯង​ទេ ដែល​ត្រឹមត្រូវ​ឥតខ្ចោះ ហើយ​ទស្សនៈ​អ្នកផ្សេង គឺជា​ទស្សនៈ​ខុស ដែល​ត្រូវតែ​ជេរប្រទេច និង​ស្អប់​បុគ្គល​នោះ​តែម្តង។

ទាំងនេះ​ជា​កត្តា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ សម្រាប់​ប្រទេស​កម្ពុជា ដែល​ធ្លាប់​វក់វី​នឹង​ភ្លើងសង្គ្រាម​មួយ​នេះ ស្រប​ពេលដែល​ប្រទេស​នេះ បាន​ប្រកាន់យក​នូវ​របប​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ ។ ម្យ៉ាងទៀត ទង្វើ​នេះ ក៏​បង្ហាញ​ពី​ខ្លឹម​នៃ​ប្រជាធិបតេយ្យ​ពិតប្រាកដ នៅ​មិនទាន់​អាច​ជ្រាបចូល​ទៅក្នុង​សន្តាន​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ច្រើន​នោះឡើយ។ របប​ប្រជាធិបតេយ្យ ដែល​បើក​សិទ្ធិសេរីភាព​ឲ្យ​ពលរដ្ឋ អាចមាន​និន្នាការ​គាំទ្រ​គណបក្ស​ណា​ក៏បាន​តាមតែ​ខ្លួន​ពេញចិត្ត និង​បើក​ឲ្យ​ពលរដ្ឋ​មាន​ទស្សនៈ​ផ្សេងគ្នា ព្រមទាំង​បញ្ចេញមតិ​ដោយ​សេរី កុំ​ឲ្យ​តែ​ប៉ះពាល់​ដល់​សិទ្ធិ​និង​សេរីភាព​របស់​បុគ្គល​ដ​ទៃ។

ជាការ​ពិត ការ​ឈ្លោះ​ទស្សនៈ​គ្នា ក្នុងន័យ​ស្ថាបនា កែលម្អ ដើម្បី​ប្រយោជន៍​ប្រទេសជាតិ​ទាំងអស់គ្នា គឺជា​រឿង​ដែល​គួរ​ឲ្យ​សរសើរ នឹង​លើកទឹកចិត្ត​ឲ្យ​ធ្វើ​បន្តទៀត ។ ក៏ប៉ុន្តែ​អ្វី ដែល​គួរ​បារម្ភ​នោះ គឺ​អ្នកនយោបាយ និង​ពលរដ្ឋ​ខ្លះ​មិន​ត្រឹមតែ​ឈ្លោះ​ទស្សនៈ​គ្នា តែ​ចាត់ទុក​គ្នា​ជាស​ត្រូវ បែប​បាក់​គ្នា​ទៀត ។ ដូច្នេះ​ក្នុងនាម​យើង​ជា​ជនជាតិ ដែល​និយាយ​ភាសា​ដូចគ្នា រស់​នៅលើ​ទឹកដី​តែមួយ​ដូចគ្នា ហេតុអ្វី​យើង​ចាំបាច់​បែប​កបាក់​គ្នា ចាត់ទុក​សត្រូវ គ្រាន់តែ​រឿង​គាំទ្រ​បក្ស​ផ្សេងគ្នា និង​ទស្សនៈ​ខុសគ្នា​ប៉ុណ្ណឹង? ប្រសិនបើ​ជនជាតិ​យើង នៅ​បន្ត​បែកបាក់​គ្នា កាប់សម្លាប់​គ្នា​តាមដាន​អតីតកាល​ទៀត​នោះ តើ​ពេលណា​មាតុភូមិ​ដ៏​កំសត់​មួយ​នេះ បាន​ស្គាល់​រសជាតិ​នៃ​ភាព​រីកចម្រើន​ដូច​គេ? វា​គួរតែ​ដល់ពេល​ហើយ ដែល​យើងទាំងអស់គ្នា ត្រូវ​ចាប់ដៃគ្នា សាមគ្គី​គ្នា ដើម្បី​កម្ពុជា​របស់​យើង ៕




© រក្សាសិទ្ធិដោយ thmeythmey.com