ជាតិ
២០១៤ឆ្នាំ​ដែល​អ្នកសារព័ត៌មាន​មាន​ភាពភ័យខ្លាច​នៅក្នុង​ការប្រកប​វិជ្ជាជីវៈ
30, Apr 2015 , 7:00 pm        
រូបភាព
 
នៅ​ថ្ងៃទី៣០ខែមេសា​នេះ​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា(CCHR)និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)បានរៀបចំ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ក្រោម​ប្រធានបទ«ឯករាជ្យភាព​និង​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា»។



លោក ប៉ា​ងួនទៀង​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)បាន​ថ្លែង​នៅក្នុង​ឱកាស​នោះ​ថា បរិយាកាស​នៃ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០១៤គឺ​បានធ្វើ​ឲ្យ​អ្នកសារព័ត៌មាន មាន​អារម្មណ៍​ភ័យខ្លាច​នៅក្នុង​ការប្រកប​ការងា​រ​របស់ខ្លួន ដោយសារតែ​ភាពជាប់គាំង​នយោបាយ​និង​បញ្ហាផ្សេងៗទៀត។

លោក ប៉ា​ងួនទៀង​បាន​ថ្លែងបន្តថា​ភាពភ័យខ្លាច​ទាំងនោះ​គឺ​នៅពេល​មានការ​ប្រមូលផ្តុំ​តវ៉ា ជាពិសេស​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​កន្លែង​តវ៉ាផ្សេងៗទៀត​ដោយសារតែ​កងកម្លាំង និង​សន្តិសុខ​របស់​រដ្ឋាភិបាល​មាន​អភ័យឯកសិទ្ធិ​ហួសហេតុ​ពេក​ក្នុងការ​បង្ក្រាប​ឬ​ការគំរាមកំហែង​ដល់​អ្នកសារព័ត៌មាន។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​អ្នកជំនាញ​សារព័ត៌មាន បាន​បញ្ជាក់ថា​សេរីភាព​សារព័ត៌មាន​ហាក់​មាន​ភាពល្អប្រសើរ​ខ្លះ បន្ទាប់ពី​បញ្ហា​ជាប់គាំង​នយោបាយ ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា​បានបញ្ចប់។

បើតាម​របាយការណ៍រ​បស់​អង្គការ​អាដហុក​ពី​ឆ្នាំ២០១២ដល់​ឆ្នាំ២០១៥មាន​អ្នកកាសែត​ប្រមាណ១៣នាក់ ត្រូវបាន​ស្លាប់​និង២៥នាក់​បាន​រង​នូវ​ការគំរាមកំហែង។
អង្គការ Freedom House បាន​រាយការណ៍​ថា កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ១៤៧ជា​ប្រទេស​ដែល​មិនមាន​សេរីភាព​សារព័ត៌មាន ក្នុងចំណោម​ប្រទេស​ចំនួន១៩៧ កាលពី​ឆ្នាំ២០១៣។នៅ​ឆ្នាំ២០១៤កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ១៣៩ក្នុងចំណោម​ប្រទេស១៨០លើ​ពិភពលោក។

សូមបញ្ជាក់ថា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នេះ​រៀបចំឡើង​ក្នុង​បំណង​ឧទ្ទិស​ដឹងគុណ​ដល់​អ្នក​កាសែត​ដែល​បាន​បាត់​បង់ជីវិត​នៅក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន ប្រាប់​ដល់​ប្រជាពលរដ្ឋ​អំពី​ការរំលោភ​សេរីភាព​សារព័ត៌មាន និង​រំលឹក​ដល់​រដ្ឋាភិបាល ក្នុងការ​ផ្តល់នូវ​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព្រមទាំង​ឆ្លុះ​ប​ញ្ជាំ​ង​នៅក្នុង​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​បញ្ហា​នៃ​សេរីភាព​សារព័ត៌មាន​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com