ជាតិ
លោក ស ខេង ស្នើ​ឲ្យ​ក្រុមហ៊ុន​សន្ដិសុខ​ជួយផ្ដល់​ការងារ​ដល់​នគរបាល​ចូលនិវត្តន៍
02, May 2015 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ទាំងអស់​ជួយ​ពិនិត្យ​ពិចារណា​ទៅតាម​លទ្ធភាព ជ្រើស​រើសយក​កងកម្លាំង​នគរបាល​ចូលនិវត្តន៍ ដើម្បី​ឲ្យ​ចូល​បម្រើ​ការងារ​បន្ត​ការពារ​សន្តិសុខ​នៅតាម​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ។ ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រគល់ ប័ណ្ណសរសើរ​ដល់​ក្រុមហ៊ុន​សន្តិសុខ​ចំនួន៣៤ ។



យោងតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ស ខេង មានប្រសាសន៍ថា ការពិនិត្យ​លទ្ធភាព​ជ្រើសរើស​មន្ត្រី​កងកម្លាំង​និវត្តជន​ចូល​បម្រើ​ការងារ​ត្រូវធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​បង្កើន​ចំណូល​ចិញ្ចឹម​ជីវភាព​ក្នុង​គ្រួសារ និង​មានឱកាស​យក​បទពិសោធ​ន៍​ដែលមាន​ស្រាប់​របស់គាត់​បន្ត​ចូលរួម​ធ្វើ​ការងារ​សន្តិសុខ​ឯកជន។ ហើយ​លោក ក៏បាន​ស្នើ​ឲ្យ ក្រសួង​សង្គមកិច្ច និង​អតីតយុទ្ធជន និង​នាយកដ្ឋាន​បុគ្គលិក​នគរបាលជាតិ រៀបចំ​និង​ត្រួតពិនិត្យ​បញ្ជី​មន្ត្រី​កងកម្លាំង​និវត្តជន កត់ត្រា​ជូនទៅ​ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​ទទួលយក​និវត្តជន​ចូល​បម្រើ​ការងារ​បន្ត​នៅក្នុង​ក្រុមហ៊ុន​សន្តិសុខ​ឯកជន។

ជាមួយគ្នានេះ​លោក ស ខេង ស្នើ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ទាំងអស់​មិនត្រូវ​ធ្វើការ​បែងចែក​អ្នកតូច អ្នកធំ អ្នកបុណ្យ​ស័ក្តិ​នោះទេ តែ​ធ្វើយ៉ាងណា​ត្រូវ​ចូលរួម​បំពេញការងារ ការពា​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន​មាន​ចំនួន១៥៦ក្រុមហ៊ុន ក្នុងនោះ​មាន​ក្រុមហ៊ុន​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មាន​ចំនួន៩៤ក្រុមហ៊ុន និង​មាន​ក្រុមហ៊ុន សន្ដិសុខ​បាន​ក្ស័យធន​មាន២៤ក្រុមហ៊ុន។ សម្រាប់​ក្រុមហ៊ុន សន្ដិសុខ ដែល​កំពុង​បាន​ដំណើរ​បច្ចុប្បន្ន គឺ​បាន​ប្រើប្រាស់​បុគ្គលិក​ចូលរួម​ការពារ​សន្តិសុខ​មាន​ចំនួន១២១៧៩នាក់ ដែល​ស្មើនឹង៣៩១៧គោលដៅ។ ចំណែក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សន្តិសុខ​ឯកជន បាន​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ការពារ​ផ្ទាល់ខ្លួន ដោយ​មិន​ធ្វើ​អាជីវកម្ម​នៅតាម​គ្រឹះស្ថាន និង​សហគ្រាស​នានា​មាន​ចំនួន១១៧៩ ក្នុងនោះ​ក្រុមហ៊ុន​មានច្បាប់​អនុញ្ញាត​ចំនួន១៨៥ក្រុមហ៊ុន  ។ នេះ​បើតាម​លោក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com