ជាតិ
សុខភាព
ក្រមសីលធម៌​គ្រូពេទ្យ៖ គ្រូពេទ្យ​មិនត្រូវ​បោះបង់ អាកប្បកិរិយា សុភាពរាបសា ដាក់​អ្នកជំងឺ​ឡើយ !
05, May 2015 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
ជា​ញឹកញាប់​គេ​តែងតែ​ឮ​ពាក្យ​ត្អូញត្អែរ​របស់​ប្រជាជន អំពី​ទង្វើ​អសីលធម៌​របស់​ក្រុមគ្រូពេទ្យ​ខ្មែរ​មួយចំនួន នៅពេលដែល​ពួកគេ​ទៅរក​សេវា​ព្យាបាល​សុខភាព ។ ទង្វើ​ទាំងអស់នោះ​មានដូចជា ការនិយាយស្តី​ជាមួយ​អ្នកជំងឺ​ដោយ​ពាក្យសម្តី​មិន​សមរម្យ ការរើសអើង​អ្នកជំងឺ និង​ការ​យកលុយ​ជាធំ ជាដើម ។ សកម្មភាព​ទាំងនេះ សុទ្ធតែ​ផ្ទុយ​នឹង​ក្រមសីលធម៌​របស់​គ្រូពេទ្យ ដែល​បានកំណត់​នៅក្នុង​អនុក្រឹត្យ​ឆ្នាំ ២០០៣ ។



ខាងក្រោម​នេះ ជាគោលការណ៍សំខាន់ៗខ្លះ ទាក់ទង​នឹង​ក្រមសីលធម៌​របស់​គ្រូពេទ្យ៖

- ក្នុង​ការប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ទោះ​ក្នុង​លក្ខណៈ​ជា​ឯកជន​ក្តី ជា​សាធារណៈ​ក្តី គ្រូពេទ្យ​ត្រូវគោរព​ជីវិត រាងកាយ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ។

-ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ គ្រូពេទ្យ​ត្រូវតែ​គោរព​គោលការណ៍​សីលធម៌ មាន​ជាអាទិ៍ ភាព​សុចរិត ភក្តីភាព​ចាំបាច់ ក្នុង​ការប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ។

-ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ គ្រូពេទ្យ​មិនត្រូវ​បោះបង់ អាកប្បកិរិយា សុភាពរាបសា ត្រឹមត្រូវ និង​យកចិត្តទុកដាក់​ជួយ​ទំនុកបម្រុង​ចំពោះ​មនុស្ស​ដែល​ខ្លួន​ពិនិត្យ ។

-គ្រូពេទ្យ​ត្រូវ​ស្តាប់ ពិនិត្យ ឲ្យ​ដំបូន្មាន ឬ​ព្យាបាល ដោយ​សម្បជញ្ញៈ ចំពោះ​មនុស្ស​ទូទៅស្មើៗគ្នា ដោយ​មិន​ប្រកាន់​អំពី​ប្រភព ប្រពៃណី ស្ថានភាព​គ្រួសារ ជាតិ សាសនា កេ​រិ៍​ឈ្មោះ ឬ​មនោសញ្ចេតនា​អ្វី​នោះឡើយ ។

-ដើម្បី​ផលប្រយោជន៍​របស់​អ្នកជំងឺ គ្រូពេទ្យ​ត្រូវ​រក្សា​ការសម្ងាត់​ក្នុង​លក្ខខណ្ឌ​ដែល​បាន​កំណត់ដោយ​ច្បាប់។

-គ្រូពេទ្យ​មិនត្រូវ​លះបង់​ឥស្សរភាព​វិជ្ជាជីវៈ​របស់ខ្លួន​ដាច់ខាត ទោះ​ស្ថិតនៅ​ក្រោមរូបភាព​ណាក៏ដោយ ។

-គ្រូពេទ្យ​ត្រូវគោរព​សិទ្ធិ​របស់​អ្នកជំងឺ ក្នុងការ​ជ្រើសរើស​ដោយ​សេរី​នូវ​គ្រូពេទ្យ​របស់ខ្លួន ។ គ្រូពេទ្យ​ត្រូវ​ជួយ​សម្រួល​ដល់​ការជ្រើសរើស​នេះ ។

-គ្រូពេទ្យ​ទាំងអស់​ត្រូវតែ​សម្រិតសម្រាំង និង​បង្កើត​ចំណេះដឹង​របស់ខ្លួន​ជានិច្ច ។ គ្រូពេទ្យ​ត្រូវតែ​ចូលរួម​ក្នុង​សកម្មភាព​បណ្តុះបណ្តាល​ជា​និរន្តរ៍ ។ គ្រូពេទ្យ​ទាំងអស់ ត្រូវ​ចួ​ល​រួម​ធ្វើការ​វាយតម្លៃ​លើ​ការប្រតិបត្តិ​វិជ្ជាជីវៈ ។
-គ្រូពេទ្យ​ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ត្រូវខិតខំ​ជួយ​សម្រាល​ទុក្ខព្រួយ​រប​ស់​អ្នកជំងឺ ជួយ​គាំពារ​ផ្លូវចិត្ត និង​ចៀសវាង​នូវ​គំនិត​មានះ គ្មាន​ហេតុផល ក្នុង​ការវិភាគ​ស្រាវជ្រាវ ឬ​ការព្យាបាល ។

-គ្រូពេទ្យ​ត្រូវ​ស្ថិតនៅ​ជិត​អ្នក​ដែល​ហៀបនឹង​ស្លាប់ រហូតដល់​ដង្ហើមចុងក្រោយ បន្តធ្វើ​ការថែទាំ និង​ចាត់វិធានការ​សមស្រប​ទៅនឹង​គុណសម្បត្តិ នៃ​ជីវិត​មួយ​នឹងត្រូវ​ផុតរលត់ រក្សា​សេចក្តីថ្លៃថ្នូរ​របស់​អ្នកជំងឺ និង​ជួយ​លើកទឹកចិត្ត​ដល់​អ្នក​នៅ​ជុំវិញ ។ គ្រូពេទ្យ​គ្មាន​សិទ្ធិ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ដោយ​ចេតនា​ឡើយ ។

-គ្រូពេទ្យ​មិនអាច​បោះបង់​អ្នកជំងឺរ​បស់​ខ្លួន នៅពេល​ដែលមាន​គ្រោះថ្នាក់​ជា​សាធារណៈ លើកលែងតែ​បានទទួល​បញ្ជា​ដាច់ខាត ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្របតាម​លក្ខខណ្ឌ​ច្បាប់ ៕





© រក្សាសិទ្ធិដោយ thmeythmey.com