ជាតិ
សង្គមជាតិ
កម្ពុ​ជាមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង ១ពាន់ សម្រាប់​ពលរដ្ឋ​ជិត១៥លាន​នាក់
05, May 2015 , 9:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គិត​ត្រឹម​ឆ្នាំ ២០១៥ កម្ពុ​ជាមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ​ជាង១ពាន់​រួមមាន ទាំង​វិទ្យុ ទូរទស្សន៍ កាសែត ទស្សនា​វ​ដ្តី និង​គេហទំព័រ​ជាដើម។ ប៉ុន្តែ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ​បាន​រិះគន់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​មិនទាន់បាន​អនុវត្ត​ការងារ​សារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​នៅឡើយ​ទេ។



ប្រសិនបើ​មតិ​នានា​រិះគន់​កម្ពុជា​អំពី​ការ​រឹតត្បិត​ផ្នែក​សេរីភាព​សារព័ត៌មាន មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​នឹង​ច្រានចោល​ការរិះគន់​នេះ​ភ្លាម តាមរយៈ​ការបង្ហាញ​តារាង​ឈ្មោះ​អង្គភាព​សារព័ត៌មាន​ជាង១០០០ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​ព័ត៌មាន។ ក្នុងចំណោម​បណ្តាញ​ផ្សព្វផ្សាយ​ទាំងនេះ ក៏មាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ។

យោងតាម​តួលេខ​ដែល​បង្ហាញ​ដោយ​លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន  គិត​ត្រឹម​ឆ្នាំ២០១៥នេះ កម្ពុ​ជាមាន​សមាគម​សារព័ត៌មាន​ចំនួន៣៨ ទូរទស្សន៍​ផ្សាយ​ផ្ទាល់​នៅ​រាជធានី-ខេត្ត​មាន២៤ ទូរទស្សន៍​ផ្សាយ​បន្ត​ចំនួន៦៩ ។ មាន​វិទ្យុ​ផ្សាយ​ផ្ទាល់​រាជធានី​ខេត្ត​ចំនួន១៧៥ប៉ុស្តិ៍ និង​វិទ្យុ​ផ្សាយ​បន្ត​មាន៧២ ខណៈ កាសែត​ជាតិ​មាន​រហូតដល់៤៥៦ និង​កាសែត​អន្តរជាតិ៤២ ។ និយាយ​អំពី​ទស្សនាវដី្ត​វិញ ទស្សនា​វ​ដ្តី​ជាតិ​មាន២៤០ និង​ទស្សនា​វ​ដ្តី​ភាសា​អន្តរជាតិ​ចំនួន៥៩ ព្រមទាំង​ព្រឹត្តិប័ត្រ​ព័ត៌មាន​ចំនួន៤១ និង​គេហទំព័រ​ព័ត៌មាន​ចំនួន៤៤ ។

ចំនួន​ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជា ត្រូវបាន​បង្ហាញ​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​ស្តីពី សេរីភាព​សារព័ត៌មាន និង​បទ​ប្បញ្ញត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​មូលនិធិ​ខុនរ៉ាដ អា​ដិ​ន​ណៅអែរ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី៥ ខែមេសា​នេះ។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ដដែល​ពន្យល់ថា៖« នេះ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ការអភិវឌ្ឍ​សំបូរបែប​ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា ដែល​ជំរុញ​សិទ្ធិសេរីភាព​បញ្ចេញមតិ​ឲ្យ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់»។

ប៉ុន្តែ​នៅក្នុង​ពិធី​ដែលមាន​ការចូលរួម​ពី​សំណាក់​តំណាងរាស្ត្រ​មកពី គណបក្ស​សង្គ្រោះ​ជាតិ តំណាង​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល​រួមទាំង​អ្នក សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង ១០០នាក់​នោះ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិមនុស្ស​កម្ពុជា(CHRAC) លោក សួន ប៊ុន​ស័​ក្តិ បាន​ចាត់ទុកថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន មិនបាន​ផ្សព្វផ្សាយ​ឲ្យ​មាន​តម្លាភាព​នៅឡើយ។ លោក​និយាយថា ស្ថាប័ន​ទាំងនោះ ហាក់បីដូចជា​ស្ថិតនៅក្រោម​គំ​នាម​ពី​ភាគី​ណាមួយ ហើយ​ម្យ៉ាងទៀត​អាច​ថា ស្ថាប័ន​ទាំងនោះ មិន​បញ្ចេញ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទេ។

«ទូរទស្សន៍ វិទ្យុ កាសែត​មួយចំនួន មិនសូវ​ផ្សាយ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ ការជីក​រ៉ែ និង​បទល្មើស​ផ្សេង​នានា ដែល​បង្ក​ឲ្យ​អន្តរាយ​ជាតិ​នោះទេ ភាគច្រើន​ពួកគេ​ផ្សាយ​តែ​ព័ត៌មាន​ពិធីការ ជាពិសេស​ទូរទស្សន៍​ជាតិ​តែម្តង គួរតែ​ផ្សាយ​ព័ត៌មាន​ដែលជា​បទល្មើស​ទាំងអស់​នេះ​ដល់​ពលរដ្ឋ។ នេះ​ទើប​មាន​តម្លាភាព»។ នេះ​ការរិះគន់​របស់លោក សួន ប៊ុន​ស័ក្តិ៕




© រក្សាសិទ្ធិដោយ thmeythmey.com