ជាតិ
សង្គមជាតិ
ក្រុម​ឡាន​ដឹក​ដី​ផ្លូវ«ព្រែក​ហូរ» កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹងសម្បារ
06, May 2015 , 10:44 am        
រូបភាព
ដោយ: ថ្មីៗ

រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ជាច្រើន​គ្រឿង កំពុងតែ​បង្ក​ការរំខាន និង​ការបារម្ភ​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​កំណាត់​ផ្លូវ​ពី​ស្ពាន​ព្រែក​ហូរ ទៅ​រង្វង់​មូល​ថ្នល់បំបែក (បត់​ទៅ​សៀមរាប​កន្ទួត)។



អ្នកបើកបរ​គ្មាន​សីលធម៌ បើកបរ​ជែង​គ្នា ធ្លាក់​ជ្រុះ​ដុំ​ដី ខ្សាច់ និង​ទឹក​ភក់​ពេញ​ថ្នល់ និង​បានធ្វើ​ឲ្យ​ខូច​ថ្នល់​ទៀត។ ទាំងនេះ​គឺជា​បញ្ហា​ដែល​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​បាន​សង្កេតឃើញ និង​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​ដែល​អាច​កើតឡើង​ចំពោះ​អ្នកភូមិ​នៅក្នុង​តំបន់​នោះ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​បាន​រអ៊ូរទាំ និង​ខឹងសម្បារ​ចំពោះ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ទាំងនោះ ដែល​បើកបរ​លឿន​ខ្លាំង។ អ្នកភូមិ​រូបនេះ​ទទួលស្គាល់ថា ក្នុងពេល​កន្លងមក វា​ធ្លាប់មាន​អាជ្ញាធរ​ចុះ​ពិនិត្យ​ការដឹកជញ្ជូន​ទាំង​នេះដែរ ប៉ុន្តែ​សកម្មភាព​ដឹកជញ្ជូន​ដ៏​គ្រោះថ្នាក់​ទាំងនេះ ក៏​មិនបាន​ថមថយ​ដែរ។ អ្នកភូមិ ដ្បិត​មិន​ស្គាល់​ថា​អាជ្ញាធរ​ទាំងនោះ​មកពី​វិស័យ​ណា ប៉ុន្តែ​ពួកគេ​សង្ស័យថា ក្រុម​មាន​សមត្ថកិច្ច​ទាំងនោះ​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ រូបភាព​នៃ​ការដឹកជញ្ជូន​ដ៏​គ្រោះថ្នាក់​មិនបាន​ថមថយ។

អ្នកភូមិ​មួយរូប​ទៀត បាន​រអ៊ូរទាំ​អំពី​សំឡេង​ស៊ី​ផ្លេ​នៃ​រថយន្ត​ដឹក​ដី​ទាំងនោះ។ ស៊ី​ផ្លេ​ឮសូរខ្លាំងៗ ហើយ​អ្នកបើកបរ​ចុច​ស៊ី​ផ្លេ​ញឹកញាប់ ដោយសារតែ​ពួកគេ​បើកបរ​លឿន។ សំឡេង​ស៊ី​ផ្លេ តែងតែ​ធ្វើ​ពលរដ្ឋ​ភ្ញាក់ផ្អើល និង​ធុញទ្រាន់។ ហើយ​ថា​ស៊ី​ផ្លេ​រថយន្ត​ដឹក​ដី​ទាំងនោះ ក៏​តែង​ធ្វើ​ឲ្យ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ភ្ញាក់ផ្អើល ហើយ​ធ្លាក់​ពីលើ​ផ្លូវ​ដែរ។ នេះ​គេ​មិន​និយាយ​អំពី​រដូវភ្លៀង​ដែល​រថយន្ត​ធុន​ធ្ងន់​ទាំងនេះ​តែង​កិន​ជង្ហុក​ហើយ​សាចទឹក​ភក់​លើ​អ្នកធ្វើដំណើរ​នៅឡើយ​ផង។

អ្នកភូមិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ធ្វើដំណើរ​តាមផ្លូវ​នោះ​រាល់ថ្ងៃ​បាន​ប្រាប់​ឲ​ដឹងថា « នៅពេល​គាត់​ធ្វើដំណើរ​តាមផ្លូវ​នេះម្តងៗ គាត់​តែងតែមាន​អារម្មណ៍​ភ័យព្រួយ ដោយសារ​ក្រុម​ឡាន​ទាំងនោះ​បើ​កជែងគ្នា​ក្នុង​ល្បឿនលឿនៗ និង​ចុច​ស៊ី​ផ្លេលឺៗថែម​ទៀតផង» ។ គាត់​បាន​ត្អូញត្អែរ​បន្ថែមទៀតថា មាន​ថ្ងៃ​មួយពេល​គាត់​កំពុងតែ​បើក​ម៉ូតូ​ទៅ​ផ្សារ​តាខ្មៅ ស្រាប់​តែមាន​ឡាន​ដឹក​ដី​មួយ​បើក​ពីក្រោយ​គាត់ ហើយ​ចុច​ស៊ី​ផ្លេ​ធ្វើ​ឲ​គាត់​ភ្ញាក់​ធ្លាក់​ចិញ្ចើមផ្លូវ ហើយ​មានពេលខ្លះ​សំលៀកបំពាក់​របស់គាត់​ត្រូវ​ប្រលាក់​ភក់​ដែល​ការបើកបរ​កិន​ជង្ហុក​ភក់​នៅលើ​ផ្លូវ​នោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com