កីឡាជាតិ
មាស ចាន់ណា និយាយ​រឿង​ឈ្នះ​ពាន​កីឡា​សិស្ស​មធ្យមសិក្សា​នៅ​បាត់ដំបង
16, May 2015 , 10:56 am        
រូបភាព
ដោយ:
លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុមបាល់ទាត់​ក្លិប​ណាហ្គា​វើ​ល និង ជា​គ្រូ​កីឡា​ប្រចាំ​វិទ្យាល័យ​ព្រះ​យុគន្ធ បាន​ជួយ​ឱ្យ​ក្រុម​វិទ្យាល័យ​របស់លោក​ជាប់​លេខ ១ លើ​វិញ្ញាសា​កីឡាបាល់ទាត់​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យមសិក្សា​ជើងឯក​ជាតិ​ឆ្នាំ២០១៥ ដែល​រៀបចំ​នៅ​ខេត្តបាត់ដំបង កាលពីពេលថ្មី។



ក្រុម​លោក ចាន់ណា ដែល​តំណាងឱ្យ​វិទ្យាល័យ​ប្រចាំរាជធានី​ភ្នំពេញ បាន​យកឈ្នះ​ក្រុម​តំណាងឱ្យ​ខេត្តស្ទឹងត្រែង ដោយ​លទ្ធផល ៧ ទល់ ១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ រហូត​ដណ្ដើមបាន​មេដាយមាស តែម្ដង។

លោក​បានលើកឡើង​ពី​ដំណើរ​ទៅ​ប្រកួត​កម្រិត​ថ្នាក់ជាតិ​របស់​ក្រុម​លោក​ថា៖ «តាមពិត​កីឡាករ​គ្នា​មិនសូវ​បាន​សម្រាក​នោះទេ ដោយ​កម្មវិធី​ដាក់ឱ្យ​ប្រកួត​រាល់ថ្ងៃជាប់ៗគ្នា។ ប៉ុន្ដែ​ខាង​ក្រុម​យើង​ចេះ​ប្រមូល​កម្លាំង​ឡើងវិញ ទាំង​ញាំ និង សម្រាក បាន​គ្រប់គ្រាន់ ហើយ​ធ្វើ​ម៉ាស្សា​ទើប​កីឡាករ​ឆាប់​មាន​កម្លាំង​ប្រកួត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ»។

លោ​កថា​សម្រាប់​កូនក្រុម​លោក​ដែលមាន​មូលដ្ឋាន​ត្រឹមត្រូវ​អាច​ប្រកួត​បាន​រាល់ថ្ងៃ​ជាប់​គ្នា ណាមួយ​លោក​ផ្លាស់ប្ដូរ​កីឡាករ​ទាំងអស់​ឱ្យ​លេង​ឆ្លាស់គ្នា​មួយថ្ងៃ​ម្នាក់​ដើម្បី​រក្សា​កម្លាំង​ក្រុម​សម្រាប់​ប្រកួត។ ប៉ុន្ដែ​ក្រុម​មួយចំនួន​មិនបាន​គិត​ត្រង់ចំណុច​នេះ​ទេ ទើប​កម្លាំង​ក្រុម​ធ្លាក់ចុះ​លឿន។ លោក ចាន់ណា បាន​ថ្លែងអំណរគុណ​ដល់​លោកនាយក​សាលា​វិទ្យាល័យ​ព្រះ​យុគន្ធ ដែល​តែងតែ​ទំនុកបម្រុង​ដល់​កីឡាករ​តាម​ការស្នើរ​សុំ​របស់លោក។

ការ​ទៅ​ដឹកនាំ​ក្រុម​វិទ្យាល័យ​នេះ​មិន​ប៉ះពាល់​នឹង​ក្លិប​របស់លោក​នោះទេ ព្រោះ​មិនមាន​កម្មវិធី​ប្រកួត​លី​ក ឬ ពានរង្វាន់​អ្វី​ផ្សេង​ទេ តែ​លោក​បានដាក់​កម្មវិធី​ហ្វឹកហាត់​ឱ្យ​ក្រុម​គ្រូ​ជំនួយ​ជួយ​ដោះស្រាយបាន​ត្រឹមត្រូវ។

ឆ្លងកាត់​ការដឹកនាំ​ក្រុម​ទៅ​ចូលរួម​ក្នុង​ពានរង្វាន់​បែប​យុវជន​នេះ​លោ មាស ចាន់ណា សម្លឹង​ឃើញ​ពី​កីឡាករល្អៗមួយចំនួន​មកពី​តាម​ខេត្ត​នានា ដែល​ក្លិប​បាល់ទាត់​អាជីព​នៅ​កម្ពុជា​អាច​យកមក​បណ្ដុះបណ្ដាល​សមត្ថភាព​បន្ថែម​ធ្វើជា​ជំនាន់​ក្រោយ​ខ្លួន​បាន។

ទន្ទឹង​នឹង​ផង​វិជ្ជមាន​នេះ​លោក​ក៏​សម្លឹង​ឃើញ​ពី​កត្តា​មួយ​ដែល​ស្នើ​សុំឱ្យ​ខាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ជួយ​កែសម្រួល គឺ​រឿង​ម្ហូបអាហារ​ដោយមាន​អនាម័យ និង ទីកន្លែង​ស្នាក់នៅ​របស់​កីឡាករ​ឱ្យមាន​របៀប​ផង។ លោក​ដឹងថា​អ្នកចូលរួម​ខ្ទង់ពាន់​នាក់ តែ​គ្រប់គ្នា​ត្រូវ​ស្នាក់​នៅក្នុង​សាលា​ទាំងអស់គ្នា ហើយ​បន្ទប់ទឹក​ក៏​ពិបាក​ប្រើ ជាពិសេស​សម្រាប់​សិស្សស្រី។

លោក មាស ចាន់ណា ធ្លាប់​ដឹកនាំ​ក្រុម​វិទ្យាល័យ​ព្រះ​យុគន្ធរ​ឈ្នះ​ជើងឯក​ប្រចាំរាជធានី​ភ្នំពេញ ចំនួន ៦ លើកជាប់ៗគ្នា​គិត​តាំងពី​ឆ្នាំ ២០០៩ មក ហើយ​ធ្លាប់​ដឹកនាំ​ក្រុម​នេះ​ឈ្នះ​ជើងឯក​ទូទាំងប្រទេស​ចំនួន ៤ លើក​ដែរ ពោ​ក​គឺ ២០១០ – ២០១១ នៅ​ខេត្តកំពង់ធំ ឆ្នាំ ២០១១ – ២០១២ នៅ​ខេត្តកំពត (ឆ្នាំ ២០១២ – ២០១៣ ជើងឯក​រង នៅ​ខេត្តកំពង់ចាម) ឆ្នាំ ២០១៣ – ២០១៤ នៅ​ខេត្តកំពង់ឆ្នាំង និង ឆ្នាំ ២០១៤ – ២០១៤ នៅ​បាត់ដំបង នេះ។

ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យមសិក្សា​ជើងឯក​ជាតិ​ឆ្នាំ២០១៥ រៀបចំឡើង​នៅ​ខេត្ត​បាត់​ដំបូង ពីថ្ងៃ​ទី ៤ ដល់ ១២ ឧសភា ឆ្នាំ ២០១៥ ដោយមាន​វិញ្ញាសា៤ គឺ បាល់ទាត់ បាល់បោះ បាល់ទះ និង អត្តពលកម្ម៕


© រក្សាសិទ្ធិដោយ thmeythmey.com