ជាតិ
មជ្ឈមណ្ឌល​បុប្ផា​ណា​ចាក់​បញ្ចាំងភាពយន្ដ​ដែល​សម្តែង​ដោយ​ព្រះមហាក្សត្រ​នៅ​ល្ងាច​នេះ
16, May 2015 , 1:49 pm        
រូបភាព
 
មជ្ឈមណ្ឌល​បុប្ផា​ណា​នឹង​បញ្ចាំង​ខ្សែភាពយន្ដ​ដែល​សម្តែង​ដោយ ព្រះបរមនាថ​ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវេលា​ម៉ោង ៥ល្ងាច​ថ្ងៃ​សៅរ៍​នេះ។
ការចាក់​បញ្ចាំងភាពយន្ត​នៅ​ល្ងាច​នេះ ដើម្បី​ចូលរួម​អបអរសាទរ ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម ព្រះបរមនាថ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ។



ខ្សែភាពយន្ត​នេះ​មាន​ចំណងជើង​ថា «ព្រះអាទិត្យ​អស្តង្គត​នៅ​ភូមិ​ខ្ញុំ» មាន​រយៈពេល ៦៣នាទី​ផលិត​នៅ​ឆ្នាំ ១៩៩២ និយាយ​ជា​ភាសារ​ខ្មែរ ភាសា​អង់គ្លេស​រត់​ពីក្រោម ជាពិសេស ភាពយន្ត​មួយ​នេះ គឺ​ដឹកនាំ​ដោយ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម​សីហនុ។

រឿង​ព្រះអាទិត្យ​អស្តង្គត​នៅ​ភូមិ​ខ្ញុំ គឺជា​រឿង​ដែល​រៀបរាប់​ពី​នារី ជា​គិលានុបដ្ឋាយិកា​វ័យក្មេង​ម្នា​ក់នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប-អង្គរ និង​យុវជន សីហា​ជា​វេជ្ជបណ្ឌិត​ដែល​ទើប​ត្រលប់​មកពីប្រទេស​បារាំង។ពួកគេ​ទទួល​ការព្យាបាល​វះកាត់​អ្នក​ជម្ងឺ​ដែលមានរបួសធ្ងន់ៗដែល​បណ្តាលមកពី​ការផ្ទុះ​មីន​ពីព្រោះ​ទឹកដី​ខ្មែរ​ពោរពេញ​ទៅដោយ​គ្រាប់មីន។ មិនយូរប៉ុន្មាន សីហា​និង​នារី​បានសម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា។ ថ្ងៃមួយ​សីហា​ត្រូវមាន​កាតព្វកិច្ច​ពិសេស​ដែល​ត្រូវ​ចាក​ចេញពី​ភរិយា​ដើម្បី​រួម​ដំណើរ​ជាមួយ​ក្រុម​អ្នកដោះមីន។តើ​សីហា​នឹង​សម្រេចចិត្ត​បែបណា រវាង​មនោសញ្ចេតនា​ស្នេហា​ជាតិ​និង​ភរិយា​ជាទី​ស្រលាញ់​របស់ខ្លួន ? 

រឿង«ព្រះអាទិត្យ​អស្តង្គត​នៅ​ភូមិ​ខ្ញុំ» ដែល​សម្តែង​ដោយ បរមនាថ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ នឹង​បើក​ឲ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​ដោយ​សេរី នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា៕



© រក្សាសិទ្ធិដោយ thmeythmey.com