កីឡាជាតិ
កីឡាករ បឺត ខាំ បំបាក់​កីឡា​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ៤ ក្រោយពី​ផ្អាក​ប្រកួត​នៅ​កម្ពុ​ជាជាង ២ ឆ្នាំ
17, May 2015 , 11:59 pm        
រូបភាព
ដោយ:
កីឡាករ បឺត ខាំ បាន​ផ្តួល​កីឡា​ថៃ ថា​ន វ៉ាលេ​ក( Than Valek ) ឲ្យ​សន្លប់​នៅក្នុង​ទឹក ៤ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នៅ​យប់​ថ្ងៃអាទិត្យ ។ តាំងពី​ទឹក​ទី ១ ដល់​ទឹក​ទី ៤ កីឡាករ បឺត ខាំ បាន​វាយចំៗគោលដៅ​លើ​កីឡាករ​ថៃ ដែល​ធ្វើ​ឲ្យ​ទស្សន​ជន​ជា​អ្នកគាំទ្រ បឺត ខាំ កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​បច្ចេកទេស​នៃ​ការប្រកួត​របស់​កីឡាករ​កម្ពុជា​រូបនេះ ក្រោយ​ពី​បាត់​មុខ​ពីសង្វៀន​ជាង ២ ឆ្នាំ ។ តាមពិត​កីឡាករ ថា​ន វ៉ា​លេ​ក ដែល​បរាជ័យ​ក្រោម​ស្នាដៃ​របស់ បឺត ខាំ ពេលនេះ ក៏ធ្លាប់​ចាញ់កីឡាករ​ខ្មែរ រឿង សោភ័ណ នៅ​សង្វៀន​ស៊ីធីអ៊ិន កាលពី​ខែមេសា ឆ្នាំ ២០១៥  កន្លងទៅថ្មីៗនេះ ។

 

ឈាម​របស់​កីឡាករ​ថៃ Than Valek  ស្រក់​ពេញមុខរបស់ខ្លួន ក្រោយពី​ត្រូវ​មួយ​កែង​ឆ្វេង​ចំ​ថ្ងាស់​របស់​កំពូល​កីឡាករ​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ បឺត ខាំ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នៅ​យប់​ថ្ងៃអាទិត្យ​ទី ១៧ ខែ ឧសភា​នេះ ។ ក្រោយពី​រង​បួស​ក្នុង​ចុង​ទឹក​ទី ៤ កីឡាករ​ថៃរូបនេះ​ ត្រូវ​អាជ្ញាកណ្តាល​រាប់​ដល់ ៨ ហើយ​ក្រុមគ្រូពេទ្យ​បាន​បញ្ឈប់​ការប្រកួត​ជាបន្ទាន់​ដោយសារ​របួល​ក្បាលមាន​ទំហំរ​ធំ​ពេក ដែល​មិនអាច​ឲ្យ​កីឡាករ ថាន វ៉ាលេក​ ​ប្រកួត​បន្ត ។ ជ័យជំនះ បាន​ទៅលើ​កីឡាករ​កម្ពុជា បឺត ខាំ ។ វត្តមាន​របស់​កីឡាករ​កម្ពុជា ដែល​ពោរពេញ​ដោយ​បច្ចេកទេស​រូបនេះ លើកដំបូង​នៅសង្វៀន​អាស៊ីអាគ្នេយ៍​ បានទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​ខ្មែរ​ដែល​ស្នេហា​វិស័យ​កីឡា ។  

សូមបញ្ជាក់ថា នេះ​ជាការ​ប្រកួត​លើកដំបូង​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ខ្លួន ក្រោយពី​កីឡាករ​ដ៏​ល្បី​របស់​កម្ពុជា​រូបនេះ បាន​បាត់​ខ្លួន​ពីស​ង្វៀន​មួយរយៈ បន្ទាប់ពី​ចាញ់​កីឡាករ​ប្រេ​ស៊ី​ល ដោយ​រង​បួស​ជើង​ធ្ងន់ កាល​ដើមឆ្នាំ ២០១៣ នៅ​សង្វៀន​របស់​ទូរស្សន៍​បាយ័ន ។ ដោយសារ​របួស​ជើង​ធ្ងន់ធ្ងរ​កីឡាករ បឺត ខាំ ដែល​ប្រជាជន​ខ្មែរ​ឲ្យ​រហ័ស្ស​នាម​ថា ជា​កីឡាករ​ដែល​ប្រកួត​ពោរពេញ​ដោយ​បច្ចេកទេស​ដ៏​កម្រ​មាននៅ​កម្ពុជា ត្រូវ​បាត់​មុខ​ពីស​ង្វៀន​ប្រកួត​ជាង ២ ឆ្នាំ ដើម្បី​ព្យាបាល​របួស​របស់ខ្លួន ។ ក្នុងពេលដែល​ព្យាបាល​របួល​នេះ កីឡាករ​ដ៏​ល្បី​របស់​កម្ពុជា​រូបនេះ តែង​ដ​ង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន ពីព្រោះ​ខ្លួន និង​ក្រុមគ្រួសារ​គ្មាន​សមត្ថភាព​រក​ថវិកា ដើម្បី​ព្យាបាល​របួស​ដោយ​ខ្លួនឯង​ឡើយ ។ 
 
ក្រោយពី​ទទួល​ការព្យាបាល​ពី​គ្រូ​បុរាណខ្មែរ​ផង និង​គ្រូពេទ្យ​ផង ជាង ១ ឆ្នាំ កីឡាករ​ប្រដាល់​កម្ពុជា​ដ៏​ពូកែ​រូបនេះ បាន​ធូរស្រាល​ពីរ​បួស ហើយ​ត្រូវ​សហព័ន្ធ​កីឡាប្រដាល់​​កម្ពុជា ជ្រើសរើស​ឲ្យ​ទៅធ្វើជា​គ្រូ​ប​ង្វិ​កនៅ​ប្រទេស​ជប៉ុន ជាមួយ​កីឡាករ​កម្ពុជា ៣ រូប​ផ្សេងទៀត ។ នៅ​ជប៉ុន​កីឡាករ ដេ​ល​ពោរពេញ​ដោយ​បច្ចេកទេស​នៃ​ការប្រកួត​រូបនេះ បាន​បង្ហាត់​សិស្ស​ផង និង​ហ្វឹកហាត់​ខ្លួនឯង​ផង ។ កាលពី​ខែមេសា ឆ្នាំ ២០១៥ កន្លងទៅ កីឡាករ បឺត ខាំ បាន​ឡើង​ប្រកួត​ជា​លើក​ដំ​បួង​ជាមួយ​កីឡាករ​កូរ៉េខាងត្បូង នៅ​ប្រទេស​ជប៉ុន ក្រោយពី​ខ្លួន​រងរបួស​ជើង​កាល​ដើមឆ្នាំ ២០១៣ ។ ការប្រកួត​នេះ កូ​ឡាករ បឺត ខាំ បាន​ផ្តួល​ឲ្យ​កីឡាករ​កូរ៉េ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ២ ។ បូក​ទាំង​ជ័យជំនះ នៅ​លើដី​មាតុភូមិ​របស់ខ្លួន នៅ​ថ្ងៃអាទិត្យ​នេះ​ផង បឺត ខាំ ឈ្នះ​ជាប់​គ្នា​ពីរដង​ហើយ ក្រោយពី​បាត់​មុខ​លើស​ង្វៀន​ជាង ២ ឆ្នាំ ៕  

         

© រក្សាសិទ្ធិដោយ thmeythmey.com