អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បុរស​ខ្លាំង​ប៊ូ​រុន​ឌី យក​បញ្ហា​ភេរវកម្ម​គំរាម​ប្រជាជន ក្រោយ​រដ្ឋប្រហារ​បរាជ័យ
18, May 2015 , 4:11 pm        
រូបភាព

ប្រធានាធិបតី​ប៊ូ​រុន​ឌី Pierre Nkurunziza  បានបង្ហាញ​វត្តមាន​ជាថ្មី​ជា​សាធារណ ក្រោយពេល​កើតមាន​រដ្ឋប្រហារ​បរា​ជ័យ​ប្រឆាំង​លោក​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន។ ក្រោយ​រដ្ឋប្រហារ មេដឹកនាំ​ម្នាក់នេះ​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​រាល់​ជន​ណា​ដែល​ពាក់ព័ន្ធ​ចលនា​រដ្ឋប្រហារ​នេះ​ផង ហើយ​លោក​បាន​ចេញមុខ​ព្រមាន​ថា​ប្រទេស​ប៊ូ​រុន​ឌី​អាច​ប្រឈម​ការវាយប្រហារ​ដោយ​ក្រុម​ភេរវកម្ម​សូ​ម៉ាលី​ផងដែរ។ ការបោះឆ្នោត​ប្រធានាធិបតី និង​បោះឆ្នោត​សភា​ប្រហែលជា​នឹងត្រូវ​ពន្យារពេល​សិន ដោយសារ​បញ្ហា​រដ្ឋប្រហា​រ​កន្លងមក។


មានសំឡេង




កាលពី​សប្តាហ៍​មុន​រដ្ឋប្រហារ​មួយ​បាន​កើតឡើង​នៅក្នុង​ទឹកដី ប៊ូ​រុន​ឌី ខណៈពេលដែល​វិបត្តិ​នយោបាយ​បន្ត​កើតឡើង និង​ស្រ​ពេល​ប្រធានាធិបតី​ចាក​ចេញពី​ប្រទេស​ទៀត។ គម្រោង​រដ្ឋប្រហារ​រប​ស់​ក្រុម​យោធា​នេះ​បរាជ័យ មិនអាច​ទម្លាក់​ប្រធានាធិបតី Pierre Nkurunzizaនិង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​បានឡើយ។ ប៉ុន្តែ​ក្រោយ​រដ្ឋប្រហារ​ខាង​ក្រុម​យោធា​អះអាងថា​ខ្លួន​ទទួលជោគជ័យ​ក្នុងការ​ទម្លាក់​មេដឹកនាំ ខណៈពេល​អ្នកតំណាងរ​ដ្ឋា​ភិ​បាល​អះអាងថា​ខ្លួន​នៅ​បន្ត​ជា​រដ្ឋាភិបាល​ស្របច្បាប់។

ដើម្បី​ជម្រះ​មន្ទិលសង្ស័យ ប្រមុខរដ្ឋ​ប៊ូ​រុន​ឌី​ខាងលើ ដែល​បាន​រត់គេចខ្លួន​ទៅកាន់​ប្រទេស​តាន់​ហ្សា​នី​កន្លងមក​នោះ បានសម្រេច​ចេញមុខ​ជា​សាធារណ​ជាថ្មីទៀត​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ។ វត្តមាន​មេដឹកនាំ​ម្នាក់នេះ ជា​សារ​ប្រាប់​ទៅ​ប្រជាជន​ថា​លោក​នៅតែ​ជា​ប្រធានាធិបតី និង​នៅមាន​អំណាច​គ្រប់គ្រង​ប្រទេស​បន្តទៀត។ ក្រោយ​ត្រលប់មក​ប្រទេស​វិញ ប្រធានាធិបតី Pierre Nkurunziza  បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​រាល់​អ្នកពាក់ព័ន្ធ​ក្នុង​ចលនា​រដ្ឋប្រហារ​ប្រឆាំង​លោក ដើម្បី​គំរាម​ដល់​ជន​ផ្សេងទៀត​ដែល​ប៉ង​ទម្លាក់​លោក​ពី​អំណាច​នោះ។

សូម​រំលឹក​បន្តិច​ថា ចលនា​រដ្ឋប្រហារ​កើតមានឡើង ក្រោយពេល​វិបត្តិ​នៅ​ប៊ូ​រុន​ឌី​ផ្ទុះឡើង​ដោយ​ប្រជាជន​ចេញមុខ​បា​តុម្ម​ប្រឆាំង​ប្រធានាធិបតី ដ្បិត​លោក​ចង់​ឈរឈ្មោះ​ជា​ប្រ​ធានា​ធីប​តី​អាណត្តិ​ទី៣បន្តទៀត។ បើតាម​ការអះអាង​រប​ស់​គណបក្សប្រឆាំង និង​ប្រជាជន ការប៉ង​ឈរឈ្មោះ​អាណត្តិ​ទី៣នេះ វា​រំលោភបំពាន​ច្បាប់កំពូល​របស់​រដ្ឋ។ បើទោះជា​យ៉ាងនេះ​ក្តី​ប្រមុខរដ្ឋ​ប៊ូ​រុន​ឌី​មិន​រារែក​ឡើយ មេដឹកនាំ​ម្នាក់នេះ​នៅតែ​បន្ត​ចង់​ឈរឈ្មោះ​ជា​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ខាងមុខ​ទៀត។

យ៉ាងណាមិញ ដោយសារ​បញ្ហា​រដ្ឋប្រហា​រ និង​ការខឹង​សម្បារ​របស់​ប្រជាជន​ប៊ូ​រុន​ឌី ការបោះឆ្នោត​សភា​ក្នុង​ខែឧសភា​នេះ និង​ការបោះឆ្នោត​ប្រធានាធិបតី​សម្រាប់​ខែក្រោយ អាច​នឹងត្រូវ​ពន្យារពេល​សិន ទម្រាំ​ស្ថានការណ៍​ធូរស្រាល​ឡើងវិញ​សិន។ ក្រៅពី​បញ្ហា​វិបត្តិ​នយោបាយ​ផ្ទៃក្នុង ប្រធានាធិបតី​ប៊ូ​រុន​ឌី​នេះ ក៏​ចេញមុខ​លើកឡើង​ពី​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ផងដែរ ដោយ​លោក​ព្រមាន​ថា​ប៊ូ​រុន​ឌី​អាច​នឹងរង​ការវាយប្រហារ​ដោយ​ក្រុម​ភេរវជន​សូ​ម៉ាលី អាល់​សា​បា។ មេដឹកនាំ​រូបនេះ​បាន​សង្កត់ធ្ងន់ថា ដោយសារ​ប៊ូ​រុន​ឌី​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​កម្ចាត់​ក្រុម​អាល់​សា​បាប​សូ​ម៉ាលី​កន្លងមក ហើយ​ហានិភ័យ​នៃ​ការរង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ភេរវជន​នេះ​មាន​ច្រើន​ផងដែរ។ បើតាម​សម្តី​របស់​មេដឹកនាំ​នេះ លោក​ប្រហែលជា​ចង់យក​រឿង​សន្តិសុខ​នេះ​ផ្ញើរ​សារ​ទៅកាន់​ប្រជាជន​ដែល​ចង់​បង្ខំ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង។ បើសិន​បើ​វិបត្តិ​កើតឡើង​ខ្លាំង​ឬ​លោក​ចុះ​ចេញពី​តំណែង​នោះ លទ្ធភាព​នៃ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​ពិតជា​កើនឡើង។ ដូច្នេះ​ចង់​មិន​ចង់​ប្រជាជន​បង្ខំ មិន​ចេញមុខ​ប្រឆាំង​លោក ឬ​បង្ខំ​លោក​ឲ្យ​ចុះ​ចេញពី​តំណែង​ដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com