ពិភពតារា៖ គៀង សូ​នី​តា រឿង​គូស្រករ សម្រេច​លើ​ព្រហ្ម​លិខិត
19, May 2015 , 10:22 am        
រូបភាព
ដោយ:

ភ្នំពេញ៖ តារា​ម៉ូ​ដែល​វ័យក្មេង​កញ្ញា គៀង សូ​នី​តា បាន​និយាយ​ឲ្យ​ដឹងថា សព្វថ្ងៃ បេះដូង​នាង​នៅ​មិនទាន់មាន​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ឡើយ​បើ​អ្វីដែល​ធម្មជាតិ​បាន​តាក់តែង​មកហើយ​នោះ រឿង​គូស្រករ គឺ​សម្រេច​លើ​ព្រហ្ម​លិខិត​ប៉ុណ្ណោះ។



ទោះយ៉ាងណា​ក៏ដោយ តារា​ម៉ូ​ដែល​វ័យក្មេង​រូបនេះ បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ប្រសិនបើ​ទៅ​ថ្ងៃក្រោយ​ត្រូវ​ជ្រើសរើស​គូស្រករ​នោះ នាង​នឹងមិន​សម្រេចយក​បុរស​ដែល​នៅ​ក្មេង​វ័យ​ពេក​ទេ ប៉ុន្តែ​ត្រូវយក​បុរស​ដែលមាន​វ័យ​ច្រើន​បន្តិច​ដែរ។ នាង​បញ្ជាក់​ជុំវិញ​ការសម្រេចចិត្ត​ជ្រើស​យក​បុរស​វ័យ​ចំណាស់​នេះ​យ៉ាង​ដូច្នេះ​ថា បុរស​ដែលមាន​តួនាទី​ជា​មេ​គ្រួសារ គឺ​សំខាន់​មានគំនិត​ចាស់ទុំ មានចិត្ត​អំណត់​ក្នុង​គ្រួសារ ចេះ​ស្រលាញ់ ថ្នាក់ថ្នម និង​យល់​ទុក្ខ​ធុរៈ​របស់​ភរិយា។ អ្វីដែល​សំខាន់​នោះ នាង​អះអាងថា បុរស​នោះ​ត្រូវ​ចេះ​ស្រលាញ់​ក្រុមគ្រួសារ​នាង​ជាធំ​ផងដែរ។

បើទោះបីជា​អ្វី​ទាំងអស់នេះ វា​នៅត្រឹមតែ​ជា​វត្ថុបំណង​ក្តី ប៉ុន្តែ គៀង សូ​នី​តា លើកឡើងថា មិនដឹងថា​អ្វីដែល​នាង​ចង់បាន​នោះ វា​អាច​សម​តាម​បំណង​របស់​នាង​ប៉ុន្មាន​ភាគរយ​នោះទេ។ ទន្ទឹមនឹងនេះ សូ​នី​តា ក៏បាន​គិត​ទៅដល់​រឿង​វាសនា​ផងដែរ​ថា បើ​អ្វីដែល​ធម្មជាតិ​បាន​តាក់តែង​មកហើយ​នោះ រឿង​គូព្រេង​យ៉ាងណា​នោះ គឺ​សម្រេច​លើ​ព្រហ្ម​លិខិត​ប៉ុណ្ណោះ។

បើទោះបីជា​ក្នុងចំណោម​បងប្អូន​ទាំងអស់ គ្មាន​អ្នកណាម្នាក់ មាន​និស្ស័យ​សិល្បៈ​ដូច​នាង ប៉ុន្តែ  គៀង សូ​នី​តា ប្រាប់​ឲ្យ​ដឹងថា ដោយសារ​ម្តាយ​នាង​ក៏​ជា​អ្នក​សម្តែង​ល្ខោន យីកេ ដែរនោះ ទើប​ក្រុមគ្រួសារ​ជំរុញ និង​លើកទឹកចិត្ត​នាង​ឲ្យ​ចូល​សិល្បៈ​តាម​បំណង​ដែល​នាង​ចង់​តាំងតែ​ពី​នៅ​វ័យក្មេង​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com