ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហោ ណាំហុង ក្រើនរំលឹក​តំណាង​UN ឲ្យ​អនុវត្តតាម​ធម្មនុញ្ញ​សហប្រជាជាតិ
21, May 2015 , 3:00 pm        
រូបភាព
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ក្រើនរំលឹក​ទៅកាន់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ឲ្យ​មាន​ការគោរព​តាមច្បាប់​ធម្មនុញ្ញ​របស់​UN ទៅតាម​មាត្រា២ កថាខណ្ឌ​ទី៧ ដើម្បី​ពង្រឹង​ការអនុវត្ត​តួនាទី​របស់ខ្លួន​នៅ​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ។ការ​ក្រើនរំលឹក​របស់លោក ហោ ណាំហុង ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ មន្ត្រី​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី២១ឧសភា នៅ​ទីស្តីការ​ក្រសួងការបរទេស។



​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ជាក់ថា មូល​ហេតុដែល​រូបលោក កោះហៅ​តំណាង​អង្គការសហប្រជាជាតិ​មក​ពិភាក្សា​នេះ គឺ​ដោយសារ​កន្លងមក មន្ត្រី​អង្គការ​អន្តរជាតិ​ចំនួន៤ បាន​សរសេរ​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា អំពី​សេចក្តីព្រៀងច្បាប់​ស្តី ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ផ្សាយ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ។ ហើយ​ការរិះគន់​នេះ​គឺ​ផ្ទុយ​ពី​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ។

ប្រមុខ​ការបរទេស​រូប​នេះ ក៏បាន​រំលឹក​ឲ្យ​តំណាង​អង្គការសហប្រជាជាតិ​ទាំងនោះ គោរព​និង​អនុវត្ត​ធម្មនុញ្ញ​ត្រង់ចំណុច​មាត្រា​ទី២ កថាខណ្ឌ​ទី៧របស់ខ្លួន​ឡើងវិញ ដែល​ចែងថា គ្មាន​អ្វីដែល​អនុញ្ញាត​ឲ្យ​អង្គការសហប្រជាជាតិ​ជ្រៀត​ជ្រែកចូល​កិច្ចការ ដែលជា​សារាវ័ន្ដ ជា​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋនីមួយៗឡើយ។ លោក ហោ ណាំហុង បន្ថែមថា មុនពេល​រូបលោក​ទទួល​អ្នកតំណាង​អង្គការសហប្រជាជាតិ​ទាំងនោះ ឲ្យ​ចូលមក​ប្រទេស​កម្ពុជា លោក​បាន​អាន​លិខិត​របស់​ប្រធាន​អង្គការសហប្រជាជាតិ​ជាច្រើនលើក​ច្រើនសារ គ្មាន​ពាក្យ​ណាមួយ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ ទិតៀន​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​វិស័យ​មួយ​ក្រៅពី​អាណត្តិ​របស់​ពួកគេ​នោះទេ។

លោក ហោ ណាំហុង ក៏បាន​បញ្ជាក់ថា សេចក្ដីព្រៀងច្បាប់​ស្តី ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​តំណាង​អង្គការសហប្រជាជាតិ​រិះគន់​នេះ គឺ​រដ្ឋាភិបាល​មិនមែន​បង្កើតឡើង ដើម្បី​ប្រឆាំង​សង្គម​ស៊ីវិល​នោះទេ ពោលគឺ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ថែមទៀត​ប៉ុណ្ណោះ។
 
តំណាង​អង្គការសហប្រជាជាតិ​ទាំងនោះ រួមមាន លោកស្រី វ៉ាន់-ហ៊ី​លី (Wan-Hea Lee)តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ា​ណា ហ្ល័​វឺ​រស៍ (Rana Flowers) តំណាង​មូលនិធិ​អង្គការសហប្រជាជាតិ ដើម្បី​កុមារ  (UNICEF) លោក ម៉ារ​ឃ៍ ឌឺ​វឺ​អ៊ីវ (Marc Derveeuw) តំណាង​មូលនិធិ​អង្គការសហប្រជាជាតិ សម្រាប់​ប្រជាជន (UNFPA) និង​លោកស្រី វែ ន​នី គូ​ស៊ូ​ម៉ា (Wenny Kusuma) តំណាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សមភាព​យ៉េន​ឌ័​រ និង​ការផ្តល់អំណាច​ឲ្យ​ស្ត្រី (UN Women) ។
 
ជាមួយគ្នានេះ​លិខិត​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី ១៨ ខែឧសភា ផ្ញើ​ទៅកាន់​ស្ថាប័ន​ទាំង ៤ របស់​មន្ត្រី​អ.ស.ប ទាំងនោះ ដែល​ផ្សព្វផ្សាយ​នៅថ្ងៃនេះ បាន​ចោទ​អ្នក​ទាំងនោះ​ថា ធ្វើ​ផ្ទុយ​ពី​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។លិខិត​ដដែល​បានបញ្ជាក់​ដូច្នេះ​ថា ៖« ក្នុងនាម​ជា​តំណាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ដូចជា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ ទទួលបន្ទុក​សិទ្ធិមនុស្ស អង្គការ​យូ​នី​សេ​ហ្វ អង្គការ UNFPA និង​អង្គការ UN Women លោក លោកស្រី ត្រូវបំពេញ​តួនាទី​របស់ខ្លួន ដោយ​គោរព​តាម​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​កាតព្វកិច្ច​របស់ខ្លួន។ មាត្រា ២ កថាខណ្ឌ​ទី ៧ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ចែងថា ពុំមាន​ពាក្យ​ណាមួយ​នៅក្នុង​ធម្ម​ធនុ​ញ្ញ អ.ស.ប អនុញ្ញាត​ឲ្យ​អ.ស.ប ធ្វើ​អន្តរាគមន៍​លើ​កិច្ច​ការដែល​ស្ថិតនៅក្រោម​ច្បាប់​នៃ​រដ្ឋ​ណាមួយ​ឡើយ។ ហេតុនេះ យោបល់​របស់លោក លោកស្រី ក្នុងនាម​ជា​តំណាង​ភ្នាក់ងារ អ.ស.ប គឺជា​ទង្វើ​ខុសពី​ធម្មនុញ្ញ​អ.ស.ប» ។ 
 
ក្រសួងការបរទេស​ក​ម្ពុ​ជា បន្ត​លើកឡើង​ពី​លិខិត​តែងតាំង​មន្ត្រី​អ.ស.ប ទាំងនោះ​ថា ពុំមាន​ពាក្យ​ណាមួយ​អនុញ្ញាត​ឲ្យ​អ្នក​ទាំងនោះ ផ្តល់យោបល់​និង​ទិតៀន​រាជរដ្ឋាភិបាល​អំពើ​សេចក្តីព្រាងច្បាប់ ដែល​មិន​ស្ថិតនៅក្រោម​កាតព្វកិច្ចរ​បស់​ខ្លួន​ឡើយ ។ ក្រសួងការបរទេស បន្ថែមថា មន្ត្រី​ទាំងនោះ អាច​ផ្តល់​គំនិត​ទៅ​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ ដើម្បី​ពិចារណា និង​សហប្រតិបត្តិការ តែ​មិនមែន​ចុះផ្សាយ​យោបល់​ទិតៀន​របស់​ពួកខ្លួន ក្នុង​ប្រព័ន្ធ​សារព័ត៌មាន​នោះទេ៕

សូម​ចូល​មើល​អត្ថបទ​ទាក់ទង៖ www.thmeythmey.com/  

© រក្សាសិទ្ធិដោយ thmeythmey.com