ជាតិ
សង្គមជាតិ
ក្រសួង​ប្រៃសណីយ៍​ដាក់​វិធានការ​ជេរប្រមាថ នៅក្នុង​សេចក្ដីព្រាងច្បាប់​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធើ​ណែ​ត
26, May 2015 , 6:16 pm        
រូបភាព
 ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ព្រមាន​ថា ការ​ញុះញង់​ឲ្យ​មានការ​ប្រកាន់ពូជសាសន៍ ជំនឿ​សាសនា ការ​មួលបង្កាច់ បរិហាកេរ្តិ៍ ការជេរប្រមាថ និង​ការផ្សព្វផ្សាយ​ប៉ះពាល់​ដល់​ប្រពៃណី​ល្អ​របស់​សង្គមជាតិ នឹងត្រូវ​រាប់បញ្ចូល​ក្នុង​បទល្មើស​នានា។ បទល្មើស​នេះ​នឹងមាន​នៅក្នុង​សេចក្ដីព្រាងច្បាប់​ឧក្រិដ្ឋកម្ម​អ៊ិន​ធើ​ណែ​ត។



សេចក្ដីបំភ្លឺ​ជុំវិញ​សេចក្ដីព្រាងច្បាប់ ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​តរបស់​ក្រសួង​ប្រៃសណីយ៍ ចុះ​ថ្ងៃទី២៥ ឧសភា បាន​ឲ្យ​ដឹងថា គោលការណ៍ ការ​ផ្ត​ទ្ទា​ទោស និង​ការដាក់ពិន័យ​ចំ ពោះ​បទល្មើស​ទាំងឡាយ​ខាងលើនេះ និង​ត្រូវមាន​សង្គតិភាព (បូក​បញ្ចូល​គ្នា) ជាមួយ​បទបញ្ញត្តិ ច្បាប់​នានា ជា​ធរមាន ដូចជា​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ក្រមព្រហ្មទណ្ឌ​ជាដើម ។
ក្រសួង​ប្រៃសណីយ៍​បន្តថា ច្បាប់​នេះ​មានបំណង​កំណត់​វិធានការ​អប់រំ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ការប្រព្រឹត្ត​បទល្មើស​នានា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ធានា​ការអនុវត្ត​ច្បាប់ ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក៏ដូចជា​សុវត្ថិភាព និង​ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ក្នុងការ​ប្រើប្រាស់ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

«ឧក្រិដ្ឋកម្ម និង​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន មាន​ច្រើន​ប្រភេទ ហើយ​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ជាច្រើន រាប់​ពី​ការភ្ជាប់​ដោយ​ខុសច្បាប់​ទៅកាន់​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​អ្នកដទៃ ការជ្រៀតជ្រែក​ទិន្នន័យ-ប្រព័ន្ធ​ការផលិត​ចែកចាយ​រូប​អាសអាភាស​កុមារ ការ​ឆបោក ការ​ក្លែងបន្លំ​តាមរយៈ​កំ​ព្យូ​ទ័​រ ក៏ដូចជា​បទល្មើស​ផ្សេងទៀត​ដែល​ប៉ះពាល់​ដល់​ឯករាជ្យ អធិបតេយ្យ សន្តិសុខ​ជាតិ»។ នេះ​បើតាម​សេចក្ដីបំភ្លឺ​របស់​ក្រសួង​ប្រៃសណីយ៍។

ក្រសួង​ប្រៃសណីយ បាន​ឲ្យ​ដឹងថា​នៅ​ពាក់កណ្តាល​ឆ្នាំ២០១០ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​បំពេញការងារ​តាក់តែង​សេចក្តីព្រាងច្បាប់​នេះ ដោយមាន​អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​អឺរ៉ុប។ សេចក្តីបំភ្លឺ​បន្ថែមថា​ការតាក់តែង​ព្រាង​ច្បាប់​នេះ ក៏មាន​ការសហការ​ពី​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ មាន​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់។ហើយ​ដំណើរ​ការព្រាង​ច្បាប់​នេះ ទើបតែ​បាន​ចងក្រង​ឡើង​ដោយ​ប្រមូល​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា ដាក់បញ្ចូល​គ្នា និង​បានធ្វើ​ការពិភាក្សាខ្លះៗក្នុង​កម្រិត​ការងារ​បច្ចេកទេស​តែប៉ុណ្ណោះ។

ការបំភ្លឺ​របស់​ក្រសួង​ប្រៃសនីយ៍​នេះ ធ្វើឡើង​ក្រោយពី​លោក ផៃ ស៊ី​ផាន បាន​សរសេរ​លិខិតស្នើ​ទៅកាន់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ កាលពីពេលថ្មីៗនេះ​ឲ្យ​ចាត់វិធានការ​ទៅលើ​ជន​មួយចំនួន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ដោយ​ប្រើពាក្យ​អសុរោះ ប្រមាថ​មាក់ងាយ បំផ្លើស(អក្សរ និង​រូបភាព)និង​វាយ​បរិហារកេរ្តិ៍​ដល់​មន្ត្រីរាជការ​ដែលជា​ថ្នាក់ដឹកនាំ​មួយចំនួន​នៃ​រដ្ឋាភិបាល។លោក​ផៃ ស៊ី​ផាន បញ្ជាក់ថា​ការប្រមាថ និង​ការបរិហារកេរ្តិ៍​គឺ​មិន​ស្ថិតនៅក្នុង​សេរីភាព​នៃ​ការបញ្ចេញ​យោបល់​នោះឡើយ​ប៉ុន្តែ​វា​ជាការ​រំលោភសិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ដែល​ត្រូវ​រង​ការប្រមាថ​និង​បៀតបៀន​សេចក្តីថ្លៃថ្នូរ៕




© រក្សាសិទ្ធិដោយ thmeythmey.com