ពិភពតារា៖ តារា​កូនកាត់៣សាសន៍ គង់ ចាន់​ស្រីមុំ​ បរិយាយ​ពី​ជីវិត​ពិត
27, May 2015 , 10:06 am        
រូបភាព
ដោយ:

ភ្នំពេញ៖តារា​សម្តែង​ដើមទ្រូង​មូល​ក្បំ គង់ ចាន់​ស្រីមុំ បច្ចុប្បន្នកំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង នៅក្នុង​អាជីព​សិល្បៈ។ លើសពីនេះ នាង​ក៏​កំពុង​ជោគជ័យ​ក្នុង​រឿង​ស្នេហា​ផងដែរ។ យ៉ាងណាក៏ដោយ តារា​សម្ដែង​សិច​ស៊ី​ដែលមាន​ច្រមុះ​ធំ​បង្កប់​ដោយ​មន្ត​ស្នេហ៍ ដែល​លេចចេញ​នូវ​ភាព​ទាក់ទាញ​គួរ​ឲ្យ​ចាប់អារម្មណ៍​រូបនេះ គ្មាន​អ្នកណា​ដឹងថា នាង​មានជីវិត​ពិត​បែបណា​នោះទេ។ ខាងក្រោម​នេះ “ថ្មី” សូម​បើក​ទំព័រ​ជីវិត​ពិត​របស់​នាង​ដូចតទៅ។



ជីវិត​ឯកជនៈ
គង់ ចាន់​ស្រីមុំ​កើត​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩១ នៅ​ភូមិ​បែក​ចាន ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង។ នាង​ជា​កូន​ទី២ ក្នុងចំណោម​បងប្អូន ៥នាក់(ប្រុស២ ស្រី៣)។ ឪពុក​ឈ្មោះ គង់ ចន្ថា ជា​អាជីវ​ករលក់​ឈើ​នៅ​ខេត្តបាត់ដំបង និង​ម្ដាយ​ឈ្មោះ ចាន់ ហួង ជា​អ្នកលក់​សំលៀកបំពាក់​នៅ​រាជធានី​ភ្នំពេញ។

ស្រីមុំ ធំ​ដឹងក្តី​ឡើង​នៅ​រាជធានី​ភ្នំពេញ ដែល​ឪពុកម្ដាយ​របស់​នាង​បាន​ផ្លាស់​មកពី​ខេត្តបាត់ដំបង តាំងពី​នាង​នៅ​មិនទាន់​ដឹងក្តី។ស្រីមុំ មាន​សាច់ឈាម​ជា​ខ្មែរ​កាត់​ចិន និង​អាមេរិក​ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​តារា​ផ្សេងទៀត។ នាង​និយាយថា ជីតា​របស់​នាង​ជា​ខ្មែរ​កាត់​អាមេរិក ហើយ​យាយ​របស់​នាង​ជា​ខ្មែរ​កាត់​ចិន​ដូច្នេះ ទើប​គេ​ហៅ​នាង​ថា តារា​កូនកាត់៣សាសន៍។

ចំណេះដឹង​ទូទៅៈ
គង់ ចាន់​ស្រីមុំ បញ្ចប់​ការសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ២០០៨ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ កាល​រៀន​នៅ​មធ្យមសិក្សា​បឋមភូមិ តារា​ស្រី​រូបនេះ​រៀន​នៅ​អនុវិទ្យាល័យ​ចតុមុខ​ក្នុង​ឆ្នាំ២០០៦ និង​ជា​អតីត​សិស្សសាលា​បឋមសិក្សា ដូនពេញ ក្នុង​ឆ្នាំ១៩៩។ ទោះបីជា​យ៉ាងណា ស្រីមុំ​គ្មាន​ចិត្ត​រៀន​បន្ត​ទៀតឡើយ នាង​បែរជា​ចង់​ពង្រឹង​ការងារ​រកស៊ី​ឲ្យ​បាន​រឹងមាំ​វិញ ប៉ុន្តែ​នាង​នៅ​បន្ត​រៀន​ភាសា​អង់គ្លេស និង​ថៃ​ដែរ​ដោយបាន​ជួល​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​ថៃ​ដល់ផ្ទះ​ដើម្បី​រៀន​ភាសា​ទាំងពីរ​នេះ​ឲ្យ​កាន់តែ​ប្រសើរ ព្រោះ​នាង​ឧស្សាហ៍​ចេញចូល​ប្រទេសជិតខាង​ដើម្បី​នាំ​សំលៀកបំពាក់ និង​ទំនិញផ្សេងៗដែល​ត្រូវ​ប្រើ​ភាសាបរទេស​ចាំបាច់។

ការងារ​ក្នុង​អាជីព​សិល្បៈ
គង់ ចាន់​ស្រីមុំ ជា​អតីត​បេ​ក្ខ​នារី១០រូប​ចុងក្រោយ​នៃ​កម្មវិធី Freshie Girls & Boys ជំនា​ន់ទី៨ ឆ្នាំ២០០៨។ នាង​មានឱកាស​ឈានចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ជា​លទ្ធផល នាង​មិន​ទទួលបាន​ជយលាភី​ក្នុង​តំណែង​ណាមួយ​ឡើយ។ បន្ទាប់ពី​មិន​ទទួលបាន​ជយលាភី​សម្រាប់​តំណែង​ណាមួយ​ក្នុង​កម្មវិធី Freshieស្រីមុំ ត្រូវបាន​បណ្ដា​ផលិតកម្ម និង​ក្រុមហ៊ុន​មួយចំនួន​ចាប់អារម្មណ៍​ចំពោះមុខ​មាត់​ដ៏​សិច​ស៊ី​ដែល​អាច​ជាទី​ចាប់អារម្មណ៍ ខណៈពេល​នាង​លេចមុខ​លើ​ឆាក​ប្រកួតប្រជែង។ ក្រោយមក​តារា​រូបនេះ​ទទួល​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់​ដូចជា Mfoneនិង Cellcaredជាដើម។ ក្រោយពេល​លេចមុខ​ក្នុង​ពិភព​ផ្សាយពាណិជ្ជកម្ម តារា​ស្រី​រូបនេះ​កាន់​តែមាន​ទីផ្សារ​ក្នុង​វិស័យ​សិល្បៈ​ដែល​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន​រហូតដល់​ពេលនេះ។

គង់ ចាន់​ស្រីមុំ បាន​លេចមុខ​តាម​ខ្សែភាពយន្ត​ជាច្រើន មានដូចជា​រឿង “ជំនាងផ្ទះ​ឆ្នាំ២០១០ស្អប់​ខ្ទើយ”,រឿង “សុគន្ធ​ថេ​រ៉ា​យុ​លង​បះសក់”,រឿង“មន្តអាគម​ស្នេហ៍​ខ្លុយ​អស់លក្ខណ៍២០១២” ,រឿង“ចាញ់ចិត្ត​ដ្បិត​ស្រលាញ់”,រឿង “ជីវិត​យុវវ័យ” ,រឿង “វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម” និង​រឿង “ហេតុអ្វី​អូន​ស្រលាញ់​គេ” ជាដើម។ លើសពីនេះ នាង​ក៏បាន​ចូលរួម​ថត​ចម្រៀង​ខារ៉ាអូខេ​ផងដែរ ដូចជា​ផលិតកម្ម​ប៊ី​ក​មែន​ជាដើម។ នាង​ក៏​ល្បីល្បាញ​បទ​ខារ៉ាអូខេ​មួយ ដែល​ម្តែ​ង​រួមជាមួយ​លោក ហេង ពិ​ទូ ក្នុង​បទ “បារម្ភ​សង្សារ​ក្មេង។

មុខរបរ​បើកហាងៈ
គង់ ចាន់​ស្រីមុំ បានចាប់ផ្តើម​បើកហាង​រកស៊ី​តាំងពី​មិនទាន់​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​ម្ល៉េះ ដោយសារ​ម្តាយ​នាង​ជា​អ្នកលក់ដូរ​សំលៀកបំពាក់​ស្រាប់។ បន្ទាប់ពី​យល់ដឹង​ច្រើន​រឿង​លក់​សំលៀកបំពាក់​ជាមួយ​ម្តាយ តារា​ស្រី​ម្នាក់នេះ​បាន​បើកហាង​លក់​សំលៀកបំពាក់​មួយ​បែក​ចេញពី​ម្តាយ​នៅ​ផ្សារ​ទំនើប​ផេ​នស​ល​មាត់ទន្លេ។ បន្ទាប់មក នាង​ក៏បាន​បើក​សាខា​មួយទៀត​នៅ​កោះ​ពេជ្រ តែ​បាន​បិទ​វិញ ក្រោយ​មាន​បញ្ហា​រត់​ជាន់គ្នា​កំឡុង​ពិធីបុណ្យ​អុំទូក។ ក្រោយពី​ខាតបង់​ក្នុងការ​បើកហាង​នៅ​កោះ​ពេជ្រ ស្រីមុំ ក៏​មិន​រុញ​រា​សម្រាប់​អាជីព​រកស៊ី​របស់ខ្លួន​ដែរ នាង​ក៏​ចាប់ផ្ដើម​បើកហាង​លក់​ផ្កា​មួយទៀត​នៅ​មហាវិថី​ព្រះសីហនុ​ដែល​ដំណើរការបាន​យ៉ាង​ល្អ។

ជីវិត​ស្នេហាៈ
កញ្ញា គង់ ចាន់​ស្រីមុំ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កំលោះ​សង្ហា គឺ​លោក គឹម សីហា ដែលជា​អតីត Freshie Boy ជំនា​ន់ទី៧យ៉ាង​ស្អិតល្មួត​តាំងពី​នាង​មិនទាន់​ចូល​សិល្បៈ​ម្ល៉េះ។ រឿងរ៉ាវ​ស្នេហា​របស់​នាង​ជាមួយ​បុរស​លោក គឹម សីហា ត្រូវបាន​មហាជន​ដឹង​ឮជា​យូរ​មកហើយ សូម្បីតែ​រូបនាង​ផ្ទាល់​ក៏​ទទួលស្គាល់ និង​បើកចំហ​ចំពោះ​រឿងនេះ​ផងដែរ។ នាង​បញ្ជាក់ថា នៅ​ស្រលាញ់​សិល្បៈ និង​ចង់​ពង្រីក​របរ​រកស៊ី​ឲ្យ​បាន​ធំធេង​សិន ទើប​សម្លឹង​រក​ពេលវេលា​មួយ​រៀបការ៕




© រក្សាសិទ្ធិដោយ thmeythmey.com