ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខុមហ្វ្រែល៖ ចំនួន​សមាជិក​រដ្ឋាភិបាល​ប៉ោង​ធំ​ដោយសារតែ​គ្មាន​បទបញ្ញត្តិ​ចែង​ច្បាស់លាស់
28, May 2015 , 2:20 pm        
រូបភាព
ដោយ:
គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) បានចេញ​របាយការណ៍​ថ្មី​មួយទៀត ទាក់ទង​នឹង​ការអនុវត្តន៍​គោល នយោបាយ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៥ ឆ្នាំ​ទី១ ។របាយការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី២៨ ឧសភា​នេះ បាន​បង្ហាញថា រដ្ឋាភិបាល​កម្ពុ​ជាមាន​សមាជិក​សរុប​ប្រមាណ ៦០០នាក់ ហើយ​ខុម​ហ្រែ្វ​ល ចាត់ទុកថា នេះ​ជា​ចំនួន​ច្រើន​លើសលប់​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន គណៈរដ្ឋមន្ត្រី​នៃ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ ដូចជា បង់​ក្លា​ដេ​ស និង​ឥណ្ឌា ដែលមាន​ប្រជាជន​ច្រើនជាង​កម្ពុជា។



យោងតាម​របាយការណ៍​ស្តីពី ការឃ្លាំមើល និង​ការផ្តល់​ពិន្ទុ ដែល​ផ្អែកលើ​ការវិភា​គ​ព័ត៌មាន ទិន្នន័យ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នានា រាជរដ្ឋាភិបាល​នីតិកាល​ទី៥ ដែល​កំពុង​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើន​ក្រសួង​ដល់​ចំនួន ២៨ ដោយ​លុប​​អាជ្ញាធរ​ជាតិ​មួយ។ ​​

របាយការណ៍​ខុមហ្វ្រែល បាន​រកឃើញថា រដ្ឋាភិបាល នៅតែមាន​ចំនួន​ច្រើន​រហូតដល់​ប្រមាណ ៦០០នាក់ ក្នុងនោះ រួមមាន សមាជិក​គណៈរដ្ឋមន្ត្រី​ចំនួន ២៤៤នាក់ (នាយករដ្ឋមន្ត្រី​ ១រូប ឧប​នាយករដ្ឋមន្ត្រី ៩រូប ទេសរដ្ឋមន្ត្រី ១៥រូប រដ្ឋមន្ត្រី ៣៣រូប (រដ្ឋមន្ត្រី​អ​ម​គណៈប្រតិភូ១៤រូប) និង​រដ្ឋលេខាធិការ ១៨៧រូប) និ​ង​អនុរដ្ឋលេខាធិការ​ចំនួន ២៣៨នាក់ ព្រមទាំង​ទីប្រឹក្សា​រដ្ឋាភិបាល​ចំនួន​ប្រមាណ ១០០នាក់ និង​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​ផ្សេងទៀត។ ​​​

អ្វី​គួរកត់សម្គាល់​នោះ​ចំនួន​ស្ត្រី​ក្នុង​សមាសភាព​គណៈរដ្ឋមន្ត្រី​បាន​កើន​ឡើងដល់​ទៅ១៧ភាគរយ​នៃ​នីតិកាល​ទី៥។ ​មូល​ហ​តុ​ដែល​នាំ​ឲ្យ​មាន​ចំនួន​រដ្ឋាភិបាល​ច្រើន​នេះ ខុម​ហ្រែ្វ​ល ចាត់ទុកថា គឺ​ដោយសារតែ​ពុំមាន​បទបញ្ញត្តិ ចែង​កំណត់​ច្បាសលាស់​ពី​ចំនួន​សមាជិក​រដ្ឋាភិបាល។

«ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង ជាពិសេស​ប្រទេស​នៅក្នុង​តំបន់​ជាមួយគ្នា រចនាសម្ព័ន្ធ ដឹកនាំ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ពិត​ជាមាន​ចំនួន​ច្រើន ខណៈដែល​ចំនួន សមាជិកសភា​នីតិកាល​ទី៥ មិន​សមា​មាត្រា​នឹង​ប្រជាសាស្ត្រ ទំហំ​ភូមិសាស្ត្រ និង​សេដ្ឋកិច្ច»។ នេះ​ជាស​ង្ង​ត់​ធ្ងន់​របស់​ខុមហ្វ្រែល។

បើតាម​ខុមហ្វ្រែល ចំនួន​នេះ​ច្រើន​លើសលប់ បើ​ប្រៀបធៀប​នឹង​ប្រទេស​បង់​ក្លា​ដេ​ស ជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ចំនួន ១៥៨,៥១៣,០០០នាក់ មាន​សមាជិក​គណៈ​រដ្ឋ​ម ន្ត្រី​ចំនួន​តែ ៥៥រូប​ប៉ុណ្ណោះ រីឯ ប្រទេស​ឥណ្ឌា មាន​ចំនួន​សមាជិក​គណៈរដ្ឋមន្ត្រី​ត្រឹមតែ ៦៦រូប​ប៉ុណ្ណោះ ស្រប​ពេលដែល​ប្រជាជនមាន​ចំនួន ១,២៦៧,៤០២,០០០នាក់។

ជា​រៀងរាល់​អាណត្តិ​រដ្ឋាភិបាល​សង្គម​ស៊ីវិល អ្នកវិភាគ​នានា និង​គណបក្សប្រឆាំង​ផង​តែងតែ​រិះគន់​ទំហំ​គណៈរដ្ឋមន្ត្រី​ និង​ទំហំ​នៃ​សមាជិក​រដ្ឋាភិបាល​​ដែលមាន​ខ្លួន​សំពីងសំពោង​​ខ្លាំង​ជ្រុល​ហើយ​​ និង​ស្រូបយក​ថវិកាជាតិ​យ៉ាង​សម្បើម។ តាមពិត​ក្រុម​អ្នកសង្កេតការណ៍​រិះគន់​ត្រឹម​ទំហំ​គណៈរដ្ឋមន្ត្រី​នោះឡើយ​ តែ​ជា​ទំហំ​សមាជិក​រដ្ឋាភិបាល​ និង​ពិសេស​​ថ្នាក់ដឹកនាំ​ក្រសួង​ដែលមាន​ចំនួន​រដ្ឋលេខាធិការ ​និង​អនុ​រដ្ឋលេខា​រាប់មិនអស់។​

កាលពី​ថ្ងៃទី១០ មីនា ឆ្នាំ២០១៥ ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ទំហំ​នៃ​គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​មិនធំ ដូច​ការរិះគន់​នោះឡើយ។

លោកនាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មើលឃើញថា គណៈរដ្ឋមន្ត្រី​របស់លោក​ធំ​ប៉ោង​នោះ ​គឺ​ដោយសារតែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​សរសេរ​ចែង​ហៅ​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ដែល​គ្របដណ្តប់​ពី​នាយករដ្ឋមន្ត្រី រហូតដល់​រដ្ឋលេខាធិកា​រ។ ក៏ប៉ុន្តែ​សម្រាប់​លោក​ប្រមុខ​រដ្ឋាភិបាល រដ្ឋលេខាធិការ​នៅតាម​ក្រសួង​សព្វថ្ងៃ​មិនមាន​ការទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី និង​ចំពោះ​រដ្ឋសភា​នោះទេ។ ដូច្នេះ ចំពោះ​លោកនាយក​រដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី​ពិតប្រាកដ​ គឺមាន​ត្រឹមតែ​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី​ និង​នាយករដ្ឋមន្ត្រី។

ដើម្បី​បន្ថយ​រូបភាព​ដែល​ធ្វើ​ឲ្យ​គេ​មើលឃើញថា ​គណៈរដ្ឋមន្ត្រី​មាន​ទំហំ​ធំ​ ដោយសារ​តែមាន​ចំនួន​រដ្ឋលេខាធិការ​នោះ លោក ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹងថា ​លោក​ធ្លាប់​មានបំណង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដើម្បី​ដកចេញ​នូវ​មុខតំណែង​រដ្ឋលេខា​ធិ​ការ​ពី​កញ្ចប់​គណៈរដ្ឋមន្ត្រី៕


© រក្សាសិទ្ធិដោយ thmeythmey.com