កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ វៀតណាម និង​ថៃ ទទួល​ជ័យជម្នះ ៦-០ ដូចគ្នា​ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល B
30, May 2015 , 6:30 am        
រូបភាព
កីឡាករវៀតណាម Tran Phi Son អបអរការស៊ុត​បាល់បញ្ចូលទី​លើ​ប្រ៊ុយណេ។ Photo: SINGSOC
កីឡាករវៀតណាម Tran Phi Son អបអរការស៊ុត​បាល់បញ្ចូលទី​លើ​ប្រ៊ុយណេ។ Photo: SINGSOC
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម២៣ឆ្នាំ វៀតណាម និង​ថៃ សុទ្ធតែ​បានទទួល​ជ័យជម្នះរៀងៗខ្លួន​លើ​ក្រុម​ប្រ៊ុយណេ និង​ឡាវ នា​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​កីឡដ្ឋាន Bishan Stadium ប្រទេស​សិង្ហ​បុរី នា​ល្ងាច​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ។



សម្រាប់​ការប្រកួត​គូ​ទីមួយ​ក្នុង​ពូ​ល B វៀតណាម​បាន​បំបាក់​ក្រុម​ប្រ៊ុយណេ ៦-០ ដោយ Le Thanh Binh រកបាន​គ្រាប់​បញ្ចូល​ទី​នៅ​ពាក់កណ្តាល​តង់​ទីមួយ ហើយ៥គ្រាប់​ទៀត​សម្រេចបាន​នៅ​តង់​ទី២ ដោយ​កីឡាករ Tran Phi Son, Mac Hong Quan, Pham Duc Huy, Nguyen Cong Phuong និង Pham Manh Hung។



រីឯ​ការប្រកួត​គូ​ទី​ពីរ ម្ចាស់​ការពារ​តំណែង​ជើងឯក​ថៃ បាន​យកឈ្នះ​ឡាវ ក្នុង​លទ្ធផល ៦-០ ដូចគ្នា។ ខ្សែប្រយុទ្ធ Chananan Pombuppha ដែល​លេង​ឲ្យ​ក្លិប Muangthong United បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែម្នាក់ឯង​ចំនួន៤គ្រាប់ ខណៈ​ពីរ​គ្រាប់​សម្រេច​ផល​ដោយ Narubadin Weerawatnodom និង Nurul Sriyankem។



ជាមួយនឹង​ជ័យជម្នះ វៀតណាម និង​ថៃ កំពុង​ឈរលើ​កំពូល​តារាង​បណ្តោះអាសន្ន។ នៅ​ថ្ងៃទី៣០ ខែឧសភា នេះ ម៉ាឡេស៊ី ត្រូវ​ប៉ះ​ជាមួយ​ទី​ម័​រ​ខាងកើត សម្រាប់​ការប្រកួត​នៅក្នុង​ពូ​ល B បន្ថែមទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com