អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​ព្រមាន​ចិន ក្រោយ​ចិន​បញ្ជូន​កាំភ្លើង​ធំ​ទៅ​សមុទ្រ​ចិន​ខាងត្បូង
30, May 2015 , 4:20 pm        
រូបភាព
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​ព្រមានចិនចំៗនៅចំពោះមុខមន្ត្រីជាន់ខ្ពស់​ការពារជាតិ​ឯទៀត​មកពី​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​វេទិការ​សន្តិសុខ Shangri-La ថា សកម្មភាព​សាងសង់​កោះ​របស់​ចិន​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ធ្វើ​ឲ្យ​សន្តិសុខ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ផុយស្រួយ​ខ្លាំង។ ចិន​បាន​ពង្រាយ​កាំភ្លើង​ធំ​រួច​ដែរ​នៅ​កោះ​ដែល​ខ្លួន​ទាមទារ។ យ៉ាងណាមិញ ប្រមុខ​ការពារជាតិ​អាមេរិក​ខាងលើ​បានស្នើ​ឲ្យ​មានការ​ប្រើប្រាស់​វិធានការ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែនទឹក​នេះ ដើម្បី​ការពារ​ស្ថានការណ៍។



នៅក្នុង​កិច្ចសន្ទនា Shangri-La ដែល​រៀបចំឡើង​ក្នុងប្រទេស​សិង្ហ​បុរី រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Ashton Carter បាន​ថ្លែង​សុន្ទរកថា ព្រមាន​ចិន ចំពោះការ​​បន្ត​សាងសង់​កោះ​សិប្បនិម្មិត​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ រដ្ឋមន្ត្រី​ការពារជាតិ​ខាងលើ​បាន​សង្កត់ធ្ងន់ថា ការបន្ត​សាងសង់​កោះ​យ៉ាង​គឃ្លើន​នេះ កំពុងតែ​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ និង​ស្ថិរភាព​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល។ ប៉ុន្តែ​ក្រៅពី​ព្រមាន​ចិន ឲ្យ​បញ្ឈប់​សកម្មភាព​ខ្លួន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ក៏បាន​ដ​ង្ហើ​យ​ស្នើ​ឲ្យ​មានការ​ប្រើប្រាស់​មធ្យោបាយ​ការទូត​ដើម្បី​ដោះស្រាយ និង​បន្ធូរ​បន្ថយកម្តៅ​នៅក្នុង​ជម្លោះ​នេះ​ផង។

បើតាម​សម្តី​របស់​ប្រមុខ​ការពារជាតិ​អាមេរិក អាមេរិក​ទទួលស្គាល់ថា មាន​ប្រទេស​ជាច្រើន​ដែល​បាន​សាងសង់​ប៉ម​ការពារ​នៅលើ ឬ​ក្បែរ​កោះ​ជម្លោះ ប៉ុន្តែ​មិន​ដូច​ចិន​ឡើយ។ សកម្មភាព​របស់​ចិន​ដែល​សង់​កោះ​សិប្បនិម្មិត ក្លាយជា​រឿង​ពិបាក​ប៉ាន់ស្មាន និង​ធ្វើ​ឲ្យ​សន្តិសុខ​តំបន់​ផុយស្រួយ​ថែមទៀត។  លោក Carter លើកឡើងថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បារម្ភ​ខ្លាំង​មែនទែន​ចំពោះ​ទង្វើ​ចិន​នេះ ដ្បិត​គេ​មិនអាច​ប៉ាន់ស្មាន​បានឡើយ ថា​ក្រុង​ប៉េកាំង​នឹង​បន្ត​វាត​ទឹកដី​របស់ខ្លួន​ទៅដល់​ទីណា នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។
មុន​ឈានដល់​ព្រមាន​ចិន​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់​កា​រពារ​ជាតិ​ដែល​មកពី​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ចិន​និង​អាមេរិក​បាន​ទាស់ទែង​ពាក្យសម្តី​គ្នា​រួចហើយ ដោយសារ​សហរដ្ឋអាមេរិក​ប្រកាស​ទាមទារ​ឲ្យ​ចិន បញ្ឈប់​ការសាងសង់​កោះ​សិប្បនិម្មិត។

ជុំវិញ​ការកើនឡើង​កម្តៅ​យោ​ធា​នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រសួងការពារជាតិ​ចិន​បានប្រកាស​ផ្តាស់​ប្តូរ​យុទ្ធសាស្ត្រ​យោធា​បង្កើន​អំណាច​កងទ័ពជើងទឹក និង​ជើង​អាកាស​ផង ដែល​សកម្មភាព​ក្រុង​ប៉េកាំង​នេះ​បញ្ជាក់ថា​ចិន​ត្រៀមខ្លួន​ដើម្បី​ការពារ​និង​ប្រយុទ្ធ បើ​ចាំបាច់។

សូមជម្រាបបន្តិចថា រដ្ឋមន្ត្រីការពារជាតិអាមេរិក​ខាងលើ​កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​ចំនួន១១ថ្ងៃ ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​ក្រុង​វ៉ាស៊ីនតោន​ថ្មី។ ​ដំណើរ​ទស្សនកិច្ច​របស់​លោក ផ្តោត​ជាពិសេស​លើ​បញ្ហា​សន្តិសុខ​ដែនសមុទ្រ ខណៈពេលដែល​កែវភ្នែក​ទាំងពីរ​របស់​ក្រុង​វ៉ាស៊ីនតោន​កំពុង​បន្ត​មើល​សកម្មភាព​ចិន​ដែល​កំពុង​ទន្ទ្រាន​កាន់កាប់​តំបន់​ត្រួតស៊ីគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង៕




© រក្សាសិទ្ធិដោយ thmeythmey.com