ពីនេះ ពីនោះ
ក្លឹប​កម្សាន្ត​ពេល​ថ្ងៃ កំពុង​ពង្វក់​សិស្ស​វិទ្យាល័យ​មួយចំនួន​ឲ្យ​ភ្លេច​ការសិក្សា
30, May 2015 , 7:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ យុវវ័យ​មួយចំនួន​កំពុង​ឆ្លក់​វង្វេង​នឹង​ការសប្បាយ ផឹកស៊ី រាំរែក ក្នុង​ក្លឹប​កម្សាន្ត និង​ហាង​ផឹកស៊ី​ពេល​ថ្ងៃ ស្ទើរតែ​ភ្លេច​ពេលវេលា​សិក្សា។ ពួកគេ​មួយចំនួន​កុហក​ឪពុកម្តាយ ថា​ទៅ​សាលារៀន តែ​បែ ជា​គេច​ម៉ោង​សិក្សា នាំគ្នា​ដូរ​សំលៀកបំពាក់ ចូល​ហាង​ផឹកស៊ី​សប្បាយ​ជាមួយ​មិត្តភក្តិ​ទៅវិញ។ អ្នកខ្លះ គៀក កើយ​ជាមួយ​គូរ​ស្នេហ៍​ផឹកស៊ី​ហ៊ឺហា ទាំង​សំលៀកបំពាក់​ជា​សិស្ស​ក៏មាន​ផងដែរ ពួកគេ​ហាក់​មិន​ខ្វល់​ពី​តម្លៃ​នៃ​ឯកសណ្ឋាន​របស់ខ្លួន​នោះឡើយ។



ជាទូទៅ​គេ​ធ្លាប់តែ​ដឹងថា​សេវាកម្ម​ក្លឹប​កម្សាន្ត​មានតែ​នៅពេល​យប់​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ននេះ មាន​ក្លឹប​កម្សាន្ត និង​ហាង​ផឹក​ស៊ីពេល​ថ្ងៃជា​ច្រើន ចាប់​បើក​ដំណើរការ​ចាប់ពី​ម៉ោង១២ថ្ងៃត្រង់ រហូតដល់​យប់​តែម្តង ហើយក៏​កំពុង​ទាក់ទាញ​អត​ថិ​ជន​បាន​យ៉ាងច្រើន ជាពិសេស​គឺ​ក្រុមយុវជន និង​យុវតី ដែលមាន​អាយុ ក្រោយ ២០ឆ្នាំ ឬ​លើស​តិច​តួច ពោលគឺ​សុទ្ធសឹង​ជា​សិស្ស​ដែល​រៀន​ត្រឹម​ថ្នាក់​វិទ្យាល័យ។ 

ក្លឹប​កម្សាន្ត​មួយចំនួន មាន​សេវាកម្ម «Free» ជូន​ក្រុមនារីៗដែលមាន​សម្រស់​ស្អាត ឬ​បញ្ចុះតម្លៃ​ច្រើន ដើម្បី​ទាក់ទាញ​អតិថិជន​ជា​បុរស កត្តា​ទាំងនេះហើយ​ដែល​ជំរុញ​ចិត្ត​ពួកគេ​ឲ្យ​ចូលមក​កម្សាន្ត​ញឹកញាប់។ ជា​កន្លែង​បិទបាំង ព្រម​ជាមួយនឹង​សំឡេង​តន្ត្រី​កន្ត្រាក់​អារម្មណ៍ និង​ពន្លឺ​ភ្លើងពណ៌​ចម្រុះ​ផងដែរ​នោះ ក្លឹប​កម្សាន្ត​ពេល​ថ្ងៃ បាន និង​កំពុង​ពង្វក់​យុវវ័យ​មួយចំនួន ឲ្យ​ហ៊ាន​កុហក​ឪពុកម្តាយ និង​ឆ្លៀតឱកាស​គេច​ម៉ោង​សិក្សា​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com