កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមកីឡា​បាល់​ទាត់ U-23 កម្ពុជា ​ចេញ​ទៅ​សិង្ហបុរី
31, May 2015 , 8:54 am        
រូបភាព
ក្រុម​កីឡាករ U-23 កម្ពុជា ថត​ Selfie ជាមួយ​អ្នក​ថតរូបឈ្មោះ កឹម សុវណ្ណា នៅមុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេសសឹង្ហបុរី
ក្រុម​កីឡាករ U-23 កម្ពុជា ថត​ Selfie ជាមួយ​អ្នក​ថតរូបឈ្មោះ កឹម សុវណ្ណា នៅមុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេសសឹង្ហបុរី
ដោយ:
ក្រុម​បាល់ទាត់​ជម្រើស​យុវជន​ក្រោយ​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា (U23) នឹង​ហោះ​ទៅ​ប្រទេស​សិង្ហបុរី នៅ​វេលា​ម៉ោង ៩:៣០ នាទី​ព្រឹក​ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៥ នេះ ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល A នៃ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ នៅ​ទីនោះ។



សម្រាប់​ក្រុម​ថ្នាក់​ដឹកនាំ​មាន ក្រៅ​ពី​លោក Lee Tae Hoon ជា​គ្រូ​បង្វឹកបង្កោល មាន​លោក អ៊ុង កងយ៉ានិត, អ៊ុំ សាវង្ស និង លោក ហ៊ោ សុខហេង ជា​ជំនួយ​ការ​គ្រូ​បង្វឹក លោក អ៊ិន សុខា ជា​គ្រូ​អ្នកចាំទី លោក ហៃ សក្ខរី និង លោក ខាត់ ចាន់ហាក់ ជា​គ្រូ​ពេទ្យ ផង​ដែរ។

កីឡាករ​ទាំង ២០ នាក់​ក្នុង​បញ្ជី​​មាន៖
អ្នកចាំទី៖
អ៊ុំ សេរីរ័ត្ន, ប៉េង ប៊ុនឆាយ
ខ្សែ​ការពារ៖ សឿយ វិសាល, នេន សុធារ័ត្ន, ទូច បញ្ចរ៉ុង, សុខ សុវណ្ណ, ណុប តុលា,ង៉យ ស្រ៊ីន និង សំអឿន ពិដោរ។
ខ្សែ​បម្រើ៖ ហួយ ផល្លីន, ឈិន ឈឿន, សុះ ស៊ូហាណា, ទិត្យ ឌីណា, អ៊ុល រ៉ាវី, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, ចាន់ វឌ្ឍនាកា
ខ្សែ​ប្រយុទ្ធ៖ ផានី អ៊ីរដ្ឋា, ភួង សុខសាណា, សុខ ចាន់រស្មី។

ចំពោះ​លទ្ធផល​ក្នុង​ការ​ប្រកួត​កំដៅ​សាច់ដុំ​សំខាន់ៗនាពេល​កន្លង​មក​មាន ស្មើ U23 ម៉ាឡេស៊ី ៣ ទល់ ៣ នៅ​ថ្ងៃទី ២៩ ខែ មេសា ហើយ​នៅ​ថ្ងៃ​ទី ១ ឧសភា ចាញ់​ក្រុម​ម៉ាឡេស៊ី ក្នុង​ប្រកួត​ទី២ ដោយ​លទ្ធផល ៣ ទល់ ២។ នៅ​ថ្ងៃ​ទី ១៣ ខែ ឧសភា ចាញ់ U23 កូរ៉េខាងត្បូង ១ ទល់ ០ នៅ​ទឹកដី​វៀតណាម ហើយ​នៅ​ថ្ងៃ​ទី ១៥ មិថុនា ឈ្នះ​ក្លិប​ខេត្ត​ឡុងអាន របស់​វៀតណាម ៣ ទល់ ១ និង ស្មើ​ជាមួយ​ជម្រើសជាតិ​ឈុត​ធំ ២ ទល់ ២ នៅ​បាទី កាល​ពី​ថ្ងៃ​ទី ២២ ខែ ឧសភា កន្លង​ទៅ។

សម្រាប់​ប្រកួត​ជម្រុះ​​នៅ​​ពូល A ក្នុង​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ ក្រុម U23 កម្ពុជា ត្រូវ​ប្រកួត​បើក​ឆាក​ប៉ះ​ក្រុម ហ្វីលីពីន នៅ​ថ្ងៃ​ទី ៣ ខែ មិថុនា ហើយ​បន្ត​ប៉ះ ក្រុម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា ជួប​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី នៅ​ថ្ងៃ​ទី ៨ មិថុនា និង ប្រកួត​ចុង​ក្រោយ​ជួប​ក្រុម​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី ១០ មិថុនា ឆ្នាំ ២០១៥។

គិត​ត្រឹម​ពេល​នេះ បាល់ទាត់​ជា​កីឡា​ទី៤ របស់​កម្ពុជា ក្នុង​ចំណោម​កីឡា​ទាំង ២២ ប្រភេទ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម មុន​គេ បន្ទាប់​ពី​ប្រណាំង​សេះ វាយ​កូន​ឃ្លី​លើតុ និង គុនដាវ៕




© រក្សាសិទ្ធិដោយ thmeythmey.com