ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល អ្នកតូច​ធ្វើ​អាជីវកម្ម​លើ​អ្នកធំ និង​ទាញ​ប្រយោជន៍​ពី​អ្នកធំ​បាន​យ៉ាង​ស្រួល!
02, Jun 2015 , 9:40 pm        
រូបភាព
ដោយ: ថ្មីៗ
ជា​ក្រឹត្យក្រម​សន្យា​នុ​ម័ត អ្នកមាន​ធនធាន ឬ​អ្នកមានអំណាច ច្រើនតែ​ទាញ​ប្រយោជន៍​ពី​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ឬ​អ្នក​ដែលមាន​អំណាច​តូច​ទាប​ជាង។ ប៉ុន្តែ​នៅក្នុង​ប្រទេស​រំដួល​វិញ អ្នកតូចតាច ឬ​អ្នកមាន​ធនធាន​ល្មម ឬ​មានអំណាច​តិចតួច បាននិងកំពុង​ទាញ​ប្រយោជន៍​ពី​អ្នកមានអំណាចធំៗដោយ​អ្នកធំ​មិនដឹង​ខ្លួន​ទាល់តែសោះ។



អ្នកតូចតាច​ខ្លះ ថត​ជាមួយ​ឯកឧត្តម​នេះ ឬ​ឯកឧត្តម​នោះ អ្នកធំ​នេះ ឬ​អ្នកធំ​នោះ ហើយ​ផ្តិត​តាំងនៅ​ក្នុងផ្ទះ ពេលនោះ អ្នកតូច​នោះ អាច​ទាញ​ប្រយោជន៍​បាន​យ៉ាងច្រើន​តាមរយៈ​រូបថត​អ្នកធំ​ទាំងនោះ។ ទាញ​ប្រយោជន៍​ពី​រូបថត​បាន ពីព្រោះ អ្នកតូច​នោះ និយាយ​ទៅកាន់​អ្នកដទៃ​ថា ពួកគេ​ស្គាល់​អ្នកធំ​នេះ ឬ​នោះ ពួកគេ​មាន​ខ្សែ​មាំ​ជាមួយ​អ្នកធំ ដូច្នេះ អ្នកផ្សេង​កុំមក​ឆាឆៅ​មុខរបរ​រកស៊ី​របស់​ពួកគេ​អោយសោះ។

វត្តមាន​អ្នកធំ តាមរយៈ​ការថតរូប​ជាមួយ​អ្នកតូចតាច ត្រូវបាន​អ្នកតូចតាច​ខ្លះ យកទៅ​ធ្វើ​អាជីវកម្ម​បាន​យ៉ាង​ស្រួល ហើយ​ពេលខ្លះ អ្នកធំ​នោះ មិន​ទាំង​ដឹងខ្លួន​ផង។ អ្នកជំនួញ ឬ​ពលរដ្ឋ​នៃ​ប្រទេស​រំដួល​ពូកែ​ណាស់។ ពូកែ ចេះ​ធ្វើ​ជំនួញ​គ្រប់មុខ។ ជំនួញ​ដែល​មហាសេដ្ឋី​ពិភពលោក​មិនសូវ​ចេះ​ធ្វើ​ដូច។

ទ្រឹស្តី​ជំនួញ​រូបថត​ជាមួយ​អ្នកធំ​នេះ មិនត្រូវ​បាន​គេ​ចែង​នៅក្នុង​ទ្រឹស្តី​សេដ្ឋកិច្ចពិភពលោក​ឡើយ។ បច្ចេកទេស​ជំនួញ​រូបភាព​រូបថត​ជាមួយ​អ្នកធំ​នេះ ប្រហែលជា​ត្រូវបាន​គេ​ប្រើប្រាស់​តែ​នៅក្នុង​ប្រទេស​រំដួល​តែមួយគត់​នៅលើ​ពិភពលោក៕ 


© រក្សាសិទ្ធិដោយ thmeythmey.com