ជាតិ
សង្គមជាតិ
ខ្មែរក្រោម​ខ្វះ​ថវិការ ៩ពាន់​ដុល្លារ​ទៀត​ ក្នុង​ការបញ្ចប់​ការថត​ចម្លង​ឯកសារ​ទឹកដី​កម្ពុជា​ក្រោម
03, Jun 2015 , 4:42 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹងថា សមាគមន៍​របស់លោក​ខ្វះ​ថវិការ​ប្រមាណ​ជាង ៨ពាន់​អឺរ៉ូ ស្មើនឹង​ជាង ៩ពាន់​ដុល្លារ​បន្ថែមទៀត​ប៉ុណ្ណោះ​ក្នុង​ថតចម្លង​ឯកសារ​ប្រវត្តិសាស្ត្រ​ជាង ៥ពាន់​ទំព័រ ដែល​ទាក់ទង​នឹង​អាណានិគមនិយម​បារាំង​កាត់​ទឹកដី​ខ្មែរក្រោម​ឲ្យ​វៀតណាម​ក្នុងអំឡុង ឆ្នាំ១៩៤៩នោះ។ ហើយ​ឯកសារ​នោះ នឹងត្រូវ​ថតចម្លង​រួច​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ២០១៥នេះ។



សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ស្រាវជ្រាវ​រកឃើញ​ឯកសារ​ទាំងនោះ នៅក្នុង​ប​ណ្ណា​សារ​ដ្ឋា​ន​ជាតិ​បារាំង​ហើយ​បច្ចុប្បន្ននេះ ហើយ​ពួកគេ​បាន​ថតចម្លង​ជិត​រួចរាល់​ហើយ ដោយ​នៅមាន​ការខ្វះខាត​ថវិការ​ប្រមាណ៩ពាន់​ដុល្លារ​ទៀត ប៉ុណ្ណោះ​ដើម្បី​បញ្ចប់​ការថត​ចំលង​ឯកសារ​ទាំងនេះ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹងថា​សមាជិក​នៃ​សមាគម​លោក​បាននិងកំពុង​ខ្នះខ្នែង​រៀបចំ​ថតចម្លង​ឯកសារ​នោះ​ឲ្យ​រួចរាល់ នៅត្រឹម​ខែមិថុនា ខាងមុខនេះ​ដើម្បី​ទទួលយក​ឯកសារ​ទាំង ៥ពាន់​ទំព័រ​ពី​ប្រទេស​បារាំង មក​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

គួរ​បញ្ជាក់ថា ឯកសារសំខាន់ៗ ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ប្រមាណ៥ពាន់​ទំព័រ​នោះ​ត្រូវបាន សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រកឃើញ​នៅក្នុង​ប​ណ្ណា​សារ​ដ្ឋា​ន​ជាតិ​បារាំង នៅ​ខេត្ត​អេ​អង់​ប្រូ​វ៉ង់ (Aix-en-Provence) តាមរយៈ​ការណែនាំ​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា។

ឯកសារ​ទាំងនោះ រួមមាន ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​នរោត្តម​ផ្ញើរ​ទៅ​រដ្ឋាភិបាល​បារាំង​កិច្ចព្រមព្រៀង​បារាំង​វៀតណាម​នៅ​ឆកសមុទ្រ​ហា​ឡុង នៅ​ដា​ឡា​ត់ និង​នៅ​ហ្វុ​ង​តេន​ណឺ​ប្លូ ជាដើម។ជាងនេះទៀត ខ្មែរក្រោម​ក៏​រកឃើញ​កំណត់ហេតុ​ប្រជុំ​សភា​បារាំង​ក្នុងការ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម​ថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៤៩ សន្ធិសញ្ញា​បារាំង​វៀតណាម និង​កំណត់ហេតុ​ចរចាផ្សេងៗ ព្រមទាំង​លិខិត​ឆ្លងឆ្លើយ​សម្ងាត់​ដែល​ទាក់ទង​នឹង​ការ​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម​ផងដែរ។

បើតាម​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​បញ្ចប់​ការថត​ចម្លង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹងធ្វើ​ការបកប្រែ​ជា​ផ្លូវការ​នូវ​ឯកសារ​ទាំងនោះ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ និង​អង់គ្លេស។បន្ទាប់មក ពួកគេ នឹងដាក់​ជូនទៅ​កាន់​ក្រសួង​អប់រំ​ដើម្បី​ស្នើសុំ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​តម្កល់​នៅ​រាជ្យ​បណ្ឌិតសភា​កម្ពុជា និង​អង្គការ​យូ​ណេ​ស្តូ​ដើម្បី​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​ជាតិ​ទៀតផង៕



© រក្សាសិទ្ធិដោយ thmeythmey.com