ពីនេះ ពីនោះ
តើពាក្យ «បម្រាស, បម្រាស់, បម្រះ, បង្រះ» ប្រើក្នុងន័យខុសដូចម្តេច?
×
មនុស្សស្ទើរគ្រប់គ្នា សរសេរពាក្យទាំងនេះដោយមិនដឹងថាមួយណាខុសឬត្រូវឡើយ ហើយក៏មិនដឹងថាពាក្យមួយណាប្រើក្នុងន័យណាមួយនោះដែរ។ បើនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យ «បម្រាស» និង «បម្រាស់» គឺប្រើក្នុងន័យខុសគ្នា។ ប៉ុន្តែពាក្យ «បម្រះ» និង «បង្រះ» គឺប្រើក្នុងន័យតែមួយ។
ទី១ ពាក្យ «បម្រាស» មានន័យថា ធ្វើឲ្យប្រាស ឲ្យឃ្លាតចេញ។ ឧទាហរណ៍៖ អ្នករឹតទឹកដោះគោ ទាក់កកូនគោ ចងបម្រាសឲ្យឃ្លាតចេញពីមេវា...។
ទី២ ពាក្យ «បម្រាស់» ជាពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ បម្រើ ថា «បម្រើបម្រាស់» គឺមានន័យថា ទទួលភារៈតាមកិច្ចដែលគេប្រើប្រាស់ ឬទទួលរ៉ាប់រងកិច្ចការខ្ពស់ទាបគ្រប់យ៉ាងតាមពាក្យដែលគេប្រើ។ ឧទាហរណ៍៖ ក្មួយឯងជាអ្នកទ័លក្រ, ឯងខំបម្រើបម្រាស់លោកទៅ...។
ទី៣ ពាក្យ «បម្រះ» ឬ «បង្រះ» មានន័យថា ប្រះចុះប្រះឡើងរឿយ, កម្រើកអវយវៈដោយប្រឹងខ្លាំង ដើម្បីនឹងឲ្យរួចពីចំណាប់ ឬពីចំណង។ ឧទាហរណ៍៖ ដេកបម្រះខ្លួន, លលកបង្រះក្នុងទ្រុង ប៉ុន្តែបម្រះចេញមិនរួច៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com