ពីនេះ ពីនោះ
ឥទ្ធិពល​ស្រា
06, Jun 2015 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ

                          ឥទ្ធិពល​ស្រា
                                         (បទ​ពាក្យ៨)



-ស្រា​ជា​សារជាតិ​នាំឱ្យ​ស្រវឹង            ផឹក​ច្រើន​កំហឹង​ខឹង​ក្តៅ​រោល​រា
មុខយក្ស​មុខ​ខ្លា​លែង​ស្គាល់​ខ្នែង​អ៊ា        ប៉ង​ផ្តាច់​ជន្មា​ឥត​យល់​ខុសត្រូវ។

-ស្រា​ថោក​ស្រា​ថ្លៃ​អាស្រ័យ​អ្នក​ផឹក        ផឹក​ច្រើន​ប្រមឹក​ដួល​ដេក​តា​ផ្លូវ
ទាំង​វ័យ​កណ្តាល​ក្មេង​ចាស់​សក់ស្កូវ        ប្រឹង​សាង​អាស្រូវ​ទុក​ជូន​គ្រួសារ។

-ស្រា​ជា​សារធាតុ​បំផ្លាញ​សុខភាព        ខ្លាច​គេ​ឈ្នះ​ប្រៀប​ផឹក​ផ្តាច់​សង្ខា
ផឹក​ផ្តាំ​កូនចៅ​ញ្ញាតិ​ផៅ​ខេមរា            ទាំង​ក្រុង​ចម្ការ​ផឹក​ប្តូរ​រង្វាន់។

-ស្រាស​ស្រាថ្នាំ​ត្រាំ​ចំណាំងឈើ        ស្រុកក្រោម​ស្រុកលើ​ផលិត​មិនទាន់
ផឹក​លក់​ដីស្រែ​លក់​គោ​ជ្រូក​មាន់        ក​ញ្ច្រៀ​វ​ឮលាន់​បំពង​លោកិយ។

-ស្រា​ជា​សារជាតិ​នាំឱ្យ​បំពាន            ឃោរឃៅ​ធ្វើ​ព្រាន​ចាប់រំលោភ​ស្រី
កាប់​ចាក់​ទាត់​ធាក់​ឥត​ខ្លាចក្រែង​អ្វី        ជា​ជន​អប្រិយ​ដោយសារតែ​ស្រា។

-ស្រា​ជា​សារជាតិ​នាំឱ្យ​វង្វេង            ក្លាយជា​អ្នកលេង​ក្អេងក្អាង​ហានក្លា
ស្រា​លក់​កិត្តិយស​មុខមាត់​គ្រួសារ        បំផ្លាញ​ជាតា​ឱ្យ​អប្បលក្ខណ៍។

-ស្រា​ជា​សារជាតិ​ពង្វក់​ឱ្យ​វល់            បំពុល​បញ្ញា​ឱ្យ​ក្បត់​សច្ចៈ
ស្រា​ឱ្យ​មនុស្ស​ជា​ទៅជា​ខ្វាក់            ទោះ​គុក​ច្រវាក់​ក៏​មិន​ខ្លាច។

-ស្រា​ជា​ឧស​ថ​កម្ទេច​ស្មារតី            កោងកាច​តិរ្ថិយ​ឈ្លើយ​កំណាច
ស្រា​ចូលខ្លួន​មនុស្ស​ផ្ទុះ​អង់អាច            ស្រា​ជា​បិសាច​ប្រល័យ​អនាគត៕

កំណត់ត្រា, កែសម្រួល ដោយ៖ វិឆ័យ សុ​ភី


© រក្សាសិទ្ធិដោយ thmeythmey.com