ពីនេះ ពីនោះ
តើ​ពាក្យ «វត្ត, វដ្ត» ប្រើ​ខុសគ្នា​យ៉ាងដូចម្តេច?
08, Jun 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​មួយចំនួន​នៅតែ​មិនដឹងថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ដូចគ្នា ឬ​ខុសគ្នា​យ៉ាងណា​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ការប្រើ​ពាក្យ​ពីរ​នេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១) ពាក្យ «វត្ត» ជា​នាម មានន័យថា ប្រព្រឹត្តិ, ការប្រព្រឹត្ត, មុខការ, កិច្ច​ដែល​គួរ​ធ្វើ, ការ​កាន់​សីលធម៌, ទំនៀម។ ល។ ឧទាហរណ៍៖ មនុស្ស​មាន​វត្ត​ល្អ គឺ​មនុ​ស្សមាន​សេចក្តី​ប្រតិបត្តិ​ល្អ, សិស្ស​ធ្វើ​វត្ត​ឬ​យក​វត្ត​គ្រូ គឺ​សិស្ស​ធ្វើ​សេចក្តី​គោរព​ចំពោះ​គ្រូ, វត្តប្រតិបត្តិ គឺ​ការប្រតិបត្តិ​តាម​កិច្ច​ដែល​គួរ​ធ្វើ។ ល។

ទី២) ពាក្យ «វដ្ត» ជា​គុណនាម មានន័យថា ដែល​វិល, មូល, ដែលជា​រង់​មូល។ បើជា​នាម មានន័យថា ការវិល​ទៅមក, ដំណើរ​វិល​កើត​វិល​ស្លាប់, វង់​មូល។ ល។ ឧទាហរណ៍៖ វដ្ត​ទុក្ខ គឺ​ទុក្ខ​សម្រាប់​សត្វ​ដែល​វិល​កើត​វិល​ស្លាប់, វដ្ត​មូល គឺ​ទីតាំង​របស់​វដ្តៈ, វដ្ត​សង្សារ គឺ​ដំណើរ​អន្ទោល​វិល​កើត​វិល​ស្លាប់។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com