ពិភពតារា៖ ម៉ា​ នី​កា​ បដិសេធ​ព័ត៌មាន​ស្នេហា​បុរស​ម្នាក់
17, Jun 2015 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ តារា​ម៉ូ​ដែល​និង​សម្តែង កញ្ញា ម៉ា​នី​កា កាលពីពេល​កន្លងទៅ​ធ្លាប់បាន​ប្រកាស​ឲ្យ​មហាជន​ជន​ដឹង​ជា​សារ​ធារ​ណៈ​ថា នៅក្នុង​ឆ្នាំ២០១៥នេះ នាង​នឹង​បើកចំហ​ទ្វា​បេះដូង រង់ចាំ​ទទួល​ស្នេហ៍​ពិត ដោយ​ពុំ​មានការ​រុញ​រា​ឡើយ។ ការប្រកាស​នេះ មិនទាន់​ទាំង​បាន​ប៉ុន្មាន​ថ្ងៃ​ផង ថ្មីៗនេះ​ក៏មាន​ព័ត៌មាន​ថា នី​កា កំពុង​សាង​ភាព​ផ្អែមល្ហែម និង​ស្និទ្ធស្នាល​ខុសប្លែក​ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​ម្នាក់។



ការ​ទំលាយ​ចេញពី​ប្រភព​អ្នកសិល្បៈ​បាន​បង្ហើប​មក​ថា រយៈពេលថ្មីៗនេះ គេ​តែង​បានឃើញ​កញ្ញា ម៉ា​នី បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់ ដែលមាន​វ័យ​ប្រហែល​គ្នា នឹង​អាចជា​ការចាប់ផ្តើម​សាង​ជីវិត​ស្នេហា រវាង​តារា​ស្រី​រូបនេះ ជាមួយ​បុរស​នោះ​ស្រប​ពេលដែល​នាង​បានប្រកាស​បើក​បេះដូង​ទទួលយក​ស្នេហ៍​ក្នុង​ឆ្នាំ២០១៥នេះ។

ឆ្លើយឆ្លង​ជាមួយ​គេហទំព័រ “ថ្មីៗ” តាម​ទូរស័ព្ទ កាលពីពេលថ្មីៗនេះ កញ្ញា ម៉ា​នី​កា បាន​និយាយ​ដោយ​ប្រយោគ​បដិសេធន៍​ថា នាង​មិនមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ។ នាង​អះអាងថា “មាន​ឯណា​អត់​មាន​ទេ​បង(សើច) ប្រហែលជា​គេ​យល់ច្រឡំ​ហើយ​មើលទៅ..!ព្រោះ​មកដល់​ឥ​ឡូ​នេះ ខ្ញុំ​ពុំទាន់​សម្លឹង​ឃើញ​បុរស​ណា​ម្នាក់​នៅឡើយ​ទេ​ហើយក៏​មិនទាន់​ទុកចិត្ត​ចំពោះ​អ្នកណាម្នាក់​ផង​ហ្នឹង..!” ។

តារា​សម្តែង និយម​ការ​ស្លៀកពាក់​បែប​សិច​ស៊ី កញ្ញា ម៉ា​នី​កា បាន​បន្ត​និយាយទៀតថា “ខ្ញុំ​ទទួលស្គាល់ថា​ពិតជា​ធ្លាប់​ចេញទៅ​ដើរ​កំសាន្ត និង​ហូប​អី​នៅ​ខាងក្រៅ ប៉ុន្តែ​អ្នក​ដែល​ដើរ​ជាមួយ​ទាំងនោះ គឺជា​មិត្តភក្តិ​ខ្ញុំ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត​អ្នក​ដែល​តែងមាន​ការស្និទ្ធស្នាល​ជាមួយ​ខ្ញុំ​នោះ ពុំមែន​បុរស​ជា​គូស្នេហ៍ ដូច​ការលើកឡើង​ទេ តែ​គាត់​ជា​អ្នកធ្វើ​សក់ និង​ផាត់មុខ​ឲ្យ​ខ្ញុំ​តើ...!” ។

ជាមួយគ្នានេះ កញ្ញា ម៉ា​នី​កា ក៏បាន​បញ្ជាប់​ថា ចាប់តាំងពី​នាង​ប្រកាស​ជា​ជំហរ បើក​បេះដូង​ទទួល​ស្នេហ៍​នោះមក រហូតមក​ទល់នឹង​ពេលនេះ គឺ​នាង​មិនទាន់​សម្លឹង​ឃើញ​បុរស​ណា​ម្នាក់​នៅឡើយ​ទេ ។ នី​កា បាន​បន្ថែមថា បើ​និយាយឱ្យចំ​ទៅ គឺមាន​អ្នក​សារភាព​សុំ​ស្រឡាញ់ ទាំង​អ្នករស់នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក ប៉ុន្តែ​អត់​ទាន់​មាន​និស្ស័យ និង​ហាក់​ពុំទាន់​មាន​ទំនុកចិត្ត​ទៅលើ​បុរស​ណា​ម្នាក់​ឡើយ។

តារា​សម្តែង កញ្ញា ម៉ា​នី​កា មានឈ្មោះ​ដើម​ថា ស័ត សុខ​វិច្ឆិកា បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ កាលពី​ឆ្នាំ២០០៤ ។ នាង​បាន​ជាប់​ការប្រឡង​ចម្រៀង​ជា​ក្រុម ក្នុង​កម្មវិធី “តារា​មាស​តន្ត្រី” របស់​ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍​លេខ។ បច្ចុប្បន្ន នាង​ចាប់​អាជីព​ជាតា​រា​សម្តែង ម៉ូ​ដែល និង​ធ្វើជា​គ្រូបង្ហាត់​ដើរ​ម៉ូដ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com