កីឡាជាតិ
ជាតិ
វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់​អាស៊ី៖ ការប្រកួត​នៅ​កម្ពុជា មានអ្នក​ទស្សនា​ផ្ទាល់​ច្រើនជាងគេ
17, Jun 2015 , 2:12 pm        
រូបភាព
វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​នៃ​ព្រឹត្តិការណ៍ World Cup មាន​ជំនួប​ចំនួន៣០ប្រកួត​ហើយ​នៅក្នុង​ពូ​ល​ទាំង៨ ។ លើកលែងតែ​ជំនួប​ក្នុង​ពូ​ល F រវាង​ថៃ និង​វៀតណាម នៅ​ថ្ងៃទី២៤ ខែឧសភា ការប្រកួត​ភាគច្រើន​បើក​ការប្រកួត​នៅ​ថ្ងៃទី១១ ខែមិថុនា នៅ​ជើង​ទីមួយ និង​ថ្ងៃទី១៦ ខែមិថុនា នៅ​ជើង​ទី​ពីរ។



យោងតាម​របាយការណ៍​ដែល​ផ្សាយ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ជំនួប​រវាង​កម្ពុជា និង​សឹង្ហ​បុរី មាន​ទស្សនា​ផ្ទាល់​ច្រើនជាងគេ​បំផុត​ដោយមាន​រហូត ដល់ ៦៣០០០នាក់ បន្ទាប់មក​មាន​ជំនួប​រវាង ជប៉ុន-សឹង្ហ​បុរី (៥៧៥៣៣នាក់) កម្ពុជា-អា​ហ្វ​ហ្គា​នី​ស្ថាន (៥៥០០០នាក់) កូរ៉េខាងជើង-អ៊ូ​បេ​គី​ស្ថាន (៤២០០០នាក់) និង​ថៃ-វៀតណាម (៤០៥០០នាក់)។ ការប្រកួត​ដែលមាន​អ្នកទស្សនា​ផ្ទាល់​តិចជាងគេ គឺ​ជំនួប​រវាង​ទី​ម័​រ​ខាងកើត និង​អារ៉ាប់​រួម អេ​មេ​រ៉េត ដែលមាន​ចំនួន​តែ២០០នាក់។ ឡាវ​ទទួលភ្ញៀវ​មី​យ៉ាន់​ម៉ារ មាន​អ្នកទស្សនា​ផ្ទាល់​តែ១៥០០នាក់​ប៉ុណ្ណោះ។

ពូ​ល A

ម៉ាឡេស៊ី ធ្វើជា​ម្ចាស់ផ្ទះ​ពីរ​ប្រកួត​ជាប់​គ្នា​នៅ​កីឡដ្ឋាន Bukit Jalit National Stadium ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពូរ ដោយមាន​អ្នកទស្សនា ៥០០០នាក់​នា​ជំនួប​ស្មើ ១-១ ជាមួយ​ទី​ម័​រ​ខាងកើត និង៣០០០នាក់ ខណៈ​ម៉ាឡេស៊ី​ចាញ់​ប៉ា​ឡេ​ស្ទី​ន ៦-០ ។

អា​រ៉ា​ប៊ី​សា​អូឌីត ទទួលបាន​អ្នកគាំទ្រ៤៨០០នាក់ នា​ជ័យជម្នះ ៣-២ លើ​ប៉ា​ឡេ​ស្ទី​ន នៅ​កីឡដ្ឋាន Prince Mohamed bin Fahd Stadium ក្នុង​ក្រុង Dammam ខណៈ​ជំនួប​រវាង​ទី​ម័​រ​ខាងកើត និង​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​កីឡដ្ឋាន Shah Alam Stadium ប្រទេស​ម៉ាឡេស៊ី ដែលជា​ទឹកដី​កណ្តាល មាន​អ្នកចូលរួម​ទស្សនា​តែ២០០នាក់​ប៉ុណ្ណោះ។

ពូ​ល B
បង់​ក្លា​ដែ​ស​បើក​កីឡដ្ឋាន Bangabandhu National Stadium នៅក្នុង​ទីក្រុង​ដា​កា ដោយមាន​អ្នកគាំទ្រ ១០០០០នាក់​នា​បរាជ័យ ៣-១ ក្នុងជំនួប​ជាមួយ​គៀក​ហ្ស៊ី​ស​ស្ថាន និង១២០០០នាក់ នា​លទ្ធផល​ស្មើ ១-១ ជាមួយ​តាជី​គី​ស្ថាន។

អ្នកទស្សនា១៩០០០នាក់ មាន​វត្តមាន​នា​ជំនួប​រវាង​តាជី​គី​ស្ថាន និង​ហ្ស៊​ក​ដង់ នៅ​កីឡដ្ឋាន Pamir Stadium ក្រុង Dusbanbe ខណៈ​ក្រុម​ភ្ញៀវ ហ្ស៊​ក​ដង់​យកឈ្នះ​ក្នុង​លទ្ធផល ៣-១ រីឯ​ជំនួប​រវាង​ម្ចាស់ផ្ទះ​គៀក​ហ្ស៊ី​ស​ស្ថាន និង​អូស្ត្រាលី នៅ​កីឡដ្ឋាន Spartak Stadium ដែល​ក្រុម​ភ្ញៀវ​យកឈ្នះ ២-១ នោះ មាន​អ្នកទស្សនា១៨០០០នាក់។

ពូ​ល C

ហុងកុង​បាន​ប្រើប្រាស់​កីឡដ្ឋាន Mong Kok Stadium របស់ខ្លួន​ដើម្បី​ទទួលភ្ញៀវ​ប៊ូ​តង់ និង​ម៉ា​ល់​ឌី​វ។ នា​ជ័យជម្នះ ២-០ លើ​ប៊ូ​តង់ មាន​អ្នកទស្សនា៦៣២៦នាក់ ខណៈ​ជោគជ័យ ២-០ លើ​ម៉ា​ល់​ឌី​វ មាន​អ្នកគាំទ្រ ៦៣៧០នាក់។

ម៉ា​ល់​ឌី​វ​ដែល​បាន​ចាញ់​កាតា ១-០ នៅ​កីឡដ្ឋាន National Football Stadium នៅ​ទីក្រុង Malé មាន​អ្នកទស្សនា៩០០០នាក់ ខណៈ​ប៊ូ​តង់​ទទួលបាន​អ្នកចូលរួម១០០០០នាក់ នៅ​កីឡដ្ឋាន Changlimithang Stadium ក្រុង Thimpu ខណៈ​ពួកគេ​បរាជ័យ ៦-០ ដោយសារ​ក្រុម​ចិន។

ពូ​ល D
ហ្គា​ម មានការ​ប្រកួត​ដ៏​រំភើបជាប់ៗគ្នា​នៅ​កីឡដ្ឋាន Guam F.A. National Training Center ក្រុង Dededo របស់ខ្លួន។ ពួកគេ​បាន​យកឈ្នះ​តួ​កមេ​នី​ស្ថាន ១-០ ដោយមាន​អ្នកទស្សនា៣០០០នាក់ និង​យកឈ្នះ​ឥណ្ឌា ២-១ ដោយមាន​អ្នកទស្សនា៣២៧៧ នាក់។

ឥណ្ឌា​បាន​បើក​កីឡដ្ឋាន Sree Kanteerava Stadium ក្រុង Bengaluru ខណៈ​ពួកគេ​រង​បរាជ័យ ២-១ ដោយសារ​អូ​ម៉​ង់ ក្រោម​ក្រសែភ្នែក​មនុស្ស១៩៣១២នាក់ ខណៈ​តួ​កមេ​នី​ស្ថាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ភ្ញៀវ​អ៊ីរ៉ង់ នៅ​កីឡដ្ឋាន Sport Toplumy Stadium ក្រុង Dasoguz ដោយមាន​អ្នកចូលរួម​ទស្សនា ១០០០០នាក់។

ពូ​ល E

ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា អាច​ចាត់ទុកថា ទទួលបាន​ចំនួន​អ្នកចូលរួម​ជា​កំណត់ត្រា ខណៈ​កម្ពុជា​ចាញ់​សឹង្ហ​បុរី ៤-០ មាន​អ្នកចូលរួម​រហូតដល់​ទៅ៦៣០០០នាក់ ហើយ​មនុស្ស៥៥០០០នាក់ ទស្សនា​ផ្ទាល់ ខណៈ​កម្ពុជា​ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ ។

សម្រាប់​ជំនួប​កីឡដ្ឋាន Samen Al-Aeme Stadium ក្រុង Mashhad ប្រទេស​អ៊ីរ៉ង់ ដែល​ស៊ី​រី​យកឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ៦-០ មាន​អ្នកទស្សនា​ផ្ទាល់៧៦៤៧នាក់។ រីឯ​ជំនួប​ដែល​បញ្ចប់​លទ្ធផល​ស្មើ ០-០ រវាង​ម្ចាស់ផ្ទះ​ជប៉ុន និង​សឹង្ហ​បុរី នៅ​កីឡដ្ឋាន Saitama Stadium 2002 មាន​អ្នកចូលរួម​ប្រមាណ៥៧ ៥៣៣នាក់។

ពូ​ល F

ពូ​ល​នេះ ទើបតែ​មានការ​ប្រកួត​ពីរលើក​ប៉ុណ្ណោះ ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បាន​ព្យួរ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ពី​សកម្មភាព​ប្រកួត ដោយសារតែ​មានការ​ជ្រៀតជ្រែក​ពី​សំណាក់​រដ្ឋាភិបាល។

នៅពេលដែល​ថៃ បាន​យកឈ្នះ​វៀតណាម ១-០ នៅ​កីឡដ្ឋាន Rajamangala Stadium ក្នុង​ក្រុង​បាងកក មាន​អ្នកទស្សនា៤០៥០០នាក់ ។ ថៃ បានទទួល​ជ័យជម្នះ​ជា​លើក​ទី​ពីរ តាមរយៈ​ជ័យជម្នះ ២-០ លើ​ម្ចាស់ផ្ទះ​ចិន-តៃប៉ិ នៅ​កីឡដ្ឋាន Taipei Municipal Stadium ដោយមាន​អ្នកទស្សនា១៨១៦៨នាក់។

ពូ​ល G
កីឡដ្ឋាន New Lao National Stadium ក្នុង​ក្រុង​វៀង​ច​ន្ទ័​ន៍​របស់​ឡាវ ទទួលបាន​អ្នកទស្សនា ១៥០០នាក់ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ស្មើ ២-២ ជាមួយ​មី​យ៉ាន់​ម៉ារ ហើយ​ចំនួន​ឡើងដល់២៥០០នាក់ ខណៈ​ពួកគេ​ចាញ់​លី​បង់ ២-០ ។

លី​បង់ បាន​ប្រកួត​ចាញ់​គូ​វែ​ត ១-០ នៅ​កីឡដ្ឋាន Saida International Stadium ក្រុង Sidon របស់ខ្លួន ក្រោម​ក្រសែភ្នែក​មនុស្ស១៥២១៥នាក់ ខណៈ​មនុស្ស១០៩០ បាន​ទស្សនាការ​ប្រកួត​រវាង​កូរ៉េខាងត្បូង និង​មី​យ៉ាន់​ម៉ារ​នៅ​កីឡដ្ឋាន Rajamangala Stadium របស់​ថៃ​ដែលជា​ទឹកដី​កណ្តាល។ កូរ៉េខាងត្បូង​ឈ្នះ​ក្នុង​លទ្ធផល ២-០ ។

ពូ​ល H
យ៉េ​មែន បាន​ប្រើប្រាស់​កីឡដ្ឋាន Suheim Bin Hamad Stadium ក្រុង​ដូ​ហា ប្រទេស​កាតា សម្រាប់​ការប្រកួត​ពីរលើក​ដំបូង​របស់ខ្លួន។ មនុស្ស៣២០០នាក់​ចូល​ទស្សនា ខណៈ​យ៉េ​មែន​ចាញ់​កូរ៉េខាងជើង ១-០ ហើយ​មនុស្ស​កើន​ដល់៥២០០នាក់ នៅពេលដែល​យ៉េ​មែន​ចាញ់​ហ្វីលីពីន ២-០ ។

មនុស្ស៦០០០នាក់ បាន​ចូល​ទស្សនា​នៅ​កីឡដ្ឋាន Phippine Sports Stadium នៅពេលដែល​ម្ចាស់ផ្ទះ​ហ្វីលីពីន​យកឈ្នះ បា​រ៉ែ​ន ២-១ រីឯ​កីឡដ្ឋាន Kim Il-sung Stadium នៅ​ទីក្រុង​ព្យុងយ៉ាង មាន​អ្នក​ចូល​ទស្សនា៤២០០០នាក់ នៅពេលដែល​កូរ៉េខាងជើង​បំបាក់​ភ្ញៀវ​អ៊ូ​បេ​គី​ស្ថាន ៤-២ ៕




© រក្សាសិទ្ធិដោយ thmeythmey.com