អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​និង​អាមេរិក​កំពុង​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​ដាស់​សង្គ្រាមត្រជាក់​ត្រលប់​វិញ
17, Jun 2015 , 7:39 pm        
រូបភាព

ក្រោយ​មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋ​អឺរ៉ុប​ដែល​ចង់​ពង្រាយ​ទ័ព និង​អាវុធ​ធុន​ធ្ងន់​រួមទាំង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​នៅ​អឺរ៉ុប​ខាងកើត​និង​បាល់​ទិ​ក ប្រធានាធិបតី​រុស្ស៊ី​ស្រាប់តែ​ប្រកាស​បង្កើន​អំណាច​យោធា​ភ្លាម។ រដ្ឋាភិបាល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ត្រៀម​ប​ញ្ជូ​ល​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ដែល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បន្ថែម​ក្នុង​វិស័យ​ការពារ និង​បំពាក់អាវុធ​ទំនើប​ដល់​កងទ័ព​រុស្ស៊ី​ឲ្យ​បាន៧០ភាគរយ​ត្រឹម​ឆ្នាំ ២០២។ ម្យ៉ាង ទ័ពជើងទឹក​រុស្ស៊ី​នឹង​ទទួលបាន​នាវាមុជទឹក​បំពាក់​កាំជ្រួច​នុយក្លេអ៊ែរ​ត្រឹម​ចុង​ឆ្នាំនេះ​ថែមទៀត។យុទ្ធសាស្ត្រ​នេះ​អាច​ធានាថា វិស័យ​ការពារជាតិ​រុស្ស៊ី​រឹងមាំ​គ្មាន​សត្រូវ​យកឈ្នះ​បាន ប៉ុន្តែ​វា​ក៏​គ្រោះថ្នាក់​ដែរ។ ណា​តូ និង​អាមេរិក​ព្រួត​គ្នា​រិះគន់​ផែនការ លោក ពូ​ទីន មិន​សំចៃមាត់ ដែល​ហ៊ាន​ប្រើ​យុទ្ធសាស្ត្រ​យោធា​ដ៏​គ្រោះថ្នាក់ យក​អាវុធ​នុយក្លេអ៊ែរ​គំរាមកំហែង​ពិភពលោក។ ការប្រើ​កាំជ្រួច​នុយក្លេអ៊ែរ​និង​បំពាក់អាវុធ​យុទ្ធភណ្ឌ​បន្ថែម​របស់​រុស្ស៊ី​ដើម្បី​ឆ្លើយតប កម្លាំង​ណា​តូ​និង​អាមេរិក បង្ហាញថា​ពិភពលោក​កំពុង​បន្ត​ធ្លាក់​បន្តិចម្តងៗក្នុងការ​ប្រណាំងប្រជែង​សព្វាវុធ​និង​សង្គ្រាមត្រជាក់​ជំនាន់​ថ្មី ។ 


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



សញ្ញា​នៃ​ការប្រណាំង​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​កើនឡើង​កាន់តែខ្លាំង បន្ទាប់ពី​ប្រមុខរដ្ឋ​រុស្ស៊ី​ប្រកាស​បញ្ចូល​បន្ថែម​កាំជ្រួច​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ៤០ដើម​ក្នុង​វិស័យ​ការពារជាតិ​រុស្ស៊ី​និង​ធ្វើ​ទំនើបកម្ម​យោធា​រុស្ស៊ី​ឲ្យ​ខ្លាំង​បំផុត​ដោយ​បំពាក់អាវុធ​ទំនើប​ឲ្យ​បាន៧០ភាគរយ​ត្រឹម​ឆ្នាំ ២០២០ ។ ជា​សញ្ញា​គ្រោះថ្នាក់ ពេលដែល​រុស្ស៊ី​ចាប់ផ្តើម​ជ្រើស​យក​អាវុធ​ប្រល័យ​លោក​មក​តបត​ជាមួយ​ក្រុម​ប្រទេស​លោកខាងលិច​ដែល​បន្ត​ចងកម្ម​ចងពៀរ​រុស្ស៊ី​ដោយ​យក​បញ្ហា​អ៊ុយ​ក្រែ​ន​ជា​លេស​បង្កជម្លោះ។រដ្ឋបាល់​ទិ​ក​កំពុង​ពិភាក្សា​ជាសម្ងាត់​ជាមួយ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ការពង្រាយ​ទ័ព​និង​អាវុធ ប៉ុន្តែ​ជោគជ័យ​ឬ​អត់​មិនទាន់​នោះ​មិនទាន់​ត្រូវគេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ។  ជាការ​ពិត​បញ្ហា​អ៊ុយ​ក្រែ​ន​ត្រូវ​លោកខាងលិច​ប្រើប្រាស់​ជា​ឈ្នាន់ ដើម្បី​ពង្រាយ​ទ័ព អាវុធ​គ្រប់​ធុន និង ពង្រីក​អំណាច​យោធា​អាមេរិក​ជាន់ពន្លិច​រុស្ស៊ី។ បច្ចុប្បន្ននេះ បញ្ហា​ជម្លោះ​ប្រដាប់អាវុធ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ត្រូវ​លោកខាងលិច​ទុក​មួយ​ឡែក ដោយ​ឆ្លៀត​ពង្រឹង​កម្លាំងយោធា​ជុំវិញ​រុស្ស៊ី​សិន។ អំណាច​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង Minsk ដែល​ចូល​ជា​ធរមាន​ពាក់កណ្តាល​ខែកុម្ភៈ​ខ្សោយទៅៗ រៀប​ដាច់ខ្យល់ ខណៈ​ក្តីសង្ឃឹម​របស់​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ថា​នឹង​បាន​សន្តិភាព​ក៏​ជិត​រលាយ​អស់​ដែរ។

១. បង្កើន​ចំនួន​អាវុធ​នុយក្លេអ៊ែរ​រុស្ស៊ី ជាការ​ព្រមាន​អាមេរិក​ឲ្យ​បោះបង់​ហិ​ច្ឆ​តា​ពង្រីង​អំណាច​យោធា​នៅ​អឺរ៉ុប
យោងតាម​សម្តី​របស់​ប្រធានាធិបតី​រុស្ស៊ី​ម្សិលមិញ​ក្នុង​ពិ​ព័រ​ណ៌​បច្ចេកទេស​យោធា​អន្តរជាតិ​នៅក្នុង​ទីក្រុង​ម៉ូស្គូ ជុំវិញ​ការបំពាក់​អាវុធ​នុយក្លេអ៊ែ​រ​កងទ័ព ល្មម​ខ្លាំង​គ្រាន់បើ​អាច​ឲ្យ​លោកខាងលិច​ស្តាប់លឺ​និង​ធ្វើ​ឲ្យ​រដ្ឋ​ខ្លះ​ភ័យ​ស្លន់ស្លោ​ផង​ក៏​មិនដឹង។ សារ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ផ្ញើរ​ទៅ លោកខាងលិច នឹង​បង្ខំ​ឲ្យ​អាមេរិក​ពិចារណា​ជាថ្មី​លើ​ផែនការ​យោធា​ដ៏​គ្រោះថ្នាក់​ដោយ​ពង្រាយ​ទ័ព​ផង​និង​អាវុធ​គ្រប់​ធុន​ផង​ដូច​ត្រៀម​ធ្វើសង្គ្រាម​តាម​ព្រំដែន​រុស្ស៊ី។ យុទ្ធសាស្ត្រ​យោធា​របស់​លោកពូ​ទីន នឹង​បន្ថែម​កាំជ្រួច​នុយក្លេអ៊ែរ​សម្រាប់​បាញ់​ឆ្លង​ទ្វីប​ក្នុង​វិស័យ​ការពារជាតិ កងទ័ព​រុស្ស៊ី​នឹង​ទទួលបាន​អាវុធ​ទំនើបថ្មីៗត្រឹម​ឆ្នាំ ២០២០ ហើយ​ដាក់​ឲ្យ​ដំណើរការ​នាវាមុជទឹក​បំពាក់​កាំជ្រួច​នុយក្លេអ៊ែរ​ត្រឹម​ចុង​ឆ្នាំនេះ​ផង។ មហិច្ឆតា​របស់លោក ពូ​ទីន គឺ​ពង្រឹង​អំណាច​យោធា​រុស្ស៊ី​ឲ្យ​ខ្លាំង​តាម​ដែល​អាច​ធ្វើបាន ដោយ​មិន​បណ្តែតបណ្តោយ​ឲ្យ​អាមេរិក​និង​រដ្ឋ​ណា​តូ​ដាក់ពង្រាយ​អាវុធ​តាម​ព្រំដែន​ខ្លួន​តាមចិត្ត​ទេ។
អ្វីដែល​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​ស្រួល​ចិត្តខ្លាំង​នោះ គឺ​ការប៉ង​តំឡើង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​រប​ស់ណា​តូ ដែល​វា​ជាស​ញ្ញា​គ្រោះថ្នាក់​មួយ​សម្រាប់​សន្តិសុខ​រុស្ស៊ី។ រុស្ស៊ី​ក្រោម​ការដឹកនាំ​របស់លោក ពូ​ទីន បាន​បង្កើន​ថវិកា​យោធា និង​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារជាតិ​យ៉ាងសកម្ម​ជា​យូរ​មកហើយ ប៉ុន្តែ​លោកខាងលិច​ប្រហែលជា​វាយតម្លៃ​ខុស​ដោយ​ចាត់ទុក​រុស្ស៊ី​ត្រឹម​ខ្លាក្រដាស និង​មិន​នឹកស្មានថា​រុស្ស៊ី​មិនអាច​ជ្រើស​យក​អាវុធ​ប្រល័យ​លោក​មកប្រើប្រាស់​ទុក​សងសឹក​ខ្លួន​ពេលនេះ​ទេ។ ទោះជា​រដ្ឋបាល់​ទិ​ក​មួយចំនួន​បន្ត​ទទូច​សុំ​អាមេរិក​ឲ្យ​តំឡើង​អាវុធ​ក៏ដោយចុះ ក្រុង​វ៉ាស៊ីនតោន​ប្រហែលជា​ចាំបាច់​ត្រូវ​ចៀស​ផ្លូវ​គ្រោះថ្នាក់​ដែល​រុញច្រាន​រុស្ស៊ី​ឲ្យ​ទាល់ច្រក។

គេ​មិនអាច​ប្រកែក​បានឡើយ​ដែលថា រុស្ស៊ី​ជា​មហាអំណាច​មិនមែន​រដ្ឋ​តូចតាច​ឡើយ។ បើ​យោងតាម​សារព័ត៌មាន​អង់គ្លេស BBC រុស្ស៊ី​បច្ចុប្បន្ន​មាន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រហែល៤៥០០គ្រាប់ រួម​បញ្ជូន​ទាំង​ក្បាល​គ្រាប់​យុទ្ធសាស្ត្រ​បំពាក់​លើ​កាំជ្រួច​រយៈ​ចម្ងាយ​វែង​ឬ​ឆ្ងាយ  គ្រប់​ធុន។

២. ពិភពលោក​គេច​មិន​រួច​ពី​គ្រោះថ្នាក់​បើ​មហាអំណាច​មិន​ចោល​ផ្នត់គំនិត​ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ ?
មកទល់ពេលនេះ​ការសម្រេច​ចុងក្រោយ​ថា​នឹងដាក់​ទ័ព តំឡើង​អាវុធ​ធុន​ធ្ងន់​តាម​បន្ទាត់​ព្រំដែន​រុស្ស៊ី មិនទាន់​ចេញ​ជា​ផ្លូវការ​ទេ ប៉ុន្តែ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​និង​អាមេរិក បាន​ព្រួត​គ្នា​ថ្កោលទោស​ផែនការ​ពង្រឹង​អំណាច​យោធា​ដោយ​យក​អាវុធ​នុយក្លេអ៊ែរ​ជា​ល្បែង​របស់​រុស្ស៊ី។ ប្រមុខ​ណា​តូ​លោក  Jens Stoltenberg  បាន​ថ្កោលទោស​លោកពូ​ទីន ដោយ​ចោទថា ពូ​ទីន​ព្យាយាម​ទាញ​ពិភពលោក​ឲ្យ​ធ្លាក់​ចូលក្នុង​គ្រោះថ្នាក់។ចំណែក​ប្រមុខ​ការទូត​អាមេរិក ច​ន ឃឺ​រី ថា​រុស្ស៊ី​កំពុង​ដើរ​ត្រលប់​ក្រោយ ដោយ​នាំ​ពិភពលោក​ឲ្យ​ធ្លាក់ចូល​ក្នុ​សង្គ្រាមត្រជាក់​ជាថ្មី។ ប៉ុន្តែ ជា​រឿង​អាម៉ាស​បន្តិច​ដែរ ដែល​លោក​មិន​ទទួលស្គាល់ថា ដើមហេតុ​ដែល​ជំរុញ​ឲ្យ​រុស្ស៊ី​ធ្វើបែបនេះ ដោយសារ​មហិច្ឆតា​ពង្រីក​អំណាច​យោធា​អាមេរិក​នៅ​អឺរ៉ុប​ឡើយ។

បើសិនជា​អាមេរិក​មិន​អនុវត្ត​ផែនការ​ពង្រាយ​អាវុធ​ធុន​ធ្ងន់​ទៅ​អឺរ៉ុប​ខាងកើត​វា​ជា​រឿង​ល្អ ប៉ុន្តែ​បើ​អាមេរិក​ចិត្តសឿង​មិន​បញ្ឈប់ ភាគី​ពាក់ព័ន្ធ​គេច​មិន​ផុតពី​ទាញ​អាវុធ​មក​គំរាម​គ្នា​ទៅវិញទៅមក​ឡើយ។បើ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ដើម្បី​រក្សា​តុល្យភាព​និង​រក្សា​ស្ថិរភាព​ក្នុងពេល​ប្រទាញប្រទង់​គ្នា​ដោយ​នុយក្លេអ៊ែរ បក្សសម្ព័ន្ធ​យោធា​ណា​តូ​ប្រហែលជា​នឹង​ជ្រើស​រើសយក​ការពង្រាយ​កាំជ្រួច​នុយក្លេអ៊ែរ​នៅ​បណ្តា​រដ្ឋ​កៀក​ជាប់​រុស្ស៊ី​វិញ​ខាងមុខ​ផង។ វា​មិន​ខុសគ្នា​ពី​ពេលដែល​ប្រធាន​ធិបតី​អាមេរិក ច​ន កេ​ណ្ណឺ​ឌី បញ្ជា​ឲ្យ​ពង្រាយ​នុយ​ក្ល​អ៊ែរ​នៅ​តួ​ក​គី និង​រដ្ឋ​អឺរ៉ុប​នៅក្បែរ​សហភាពសូវៀត​កាលពី​ជាង៥ទសវត្ស​មុន ដើម្បី​តបត​ការ​លួច​តំឡើង​កាំជ្រួច​នុយក្លេអ៊ែរ​សហភាពសូវៀត​នៅ​គុយបា​ឡើយ។

ជាការ​ពិត​ដែល​ផ្នត់គំនិត​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​ដ៏​គ្រោះថ្នាក់​នេះ នៅ​ដក់​ជាប់​ក្នុង​ខួរក្បាល​មេដឹកនាំ​មហាអំណាច​ទាំងនោះ​ប៉ុន្តែ​ពិភពលោក​មួយ​នេះ​មិនអាច​ខ្ទេច​ដោយសារ​មហិច្ឆតា​មហា​អំណាច​ពីរ​បី​នេះឡើយ។ ជាធម្មតា​អាវុធ​នុយក្លេអ៊ែរ​ជា​អាវុធ​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់​និង​គ្រោះថ្នាក់​បំផុត​នេះ គេ​ត្រឹម​យកមកប្រើ​ដើម្បី​គំរាម​គ្នា​ទៅវិញទៅមក​ជាជាង​យកមក​ធ្វើសង្គ្រាម៕




© រក្សាសិទ្ធិដោយ thmeythmey.com