កីឡាជាតិ
ជាតិ
ទង្វើ​ដែល​អ្នកទស្សនា​ការប្រកួត​កីឡាបាល់ទាត់​មិនគួរ​ធ្វើ
18, Jun 2015 , 11:26 am        
រូបភាព
ដោយ: រួបរួម
គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១ បានអនុម័ត​សារជាថ្មី​នូវ «ក្រម​វិន័យ» (FIFA Disciplinary Code) ដើម្បី​ឲ្យ សហព័ន្ធ​កីឡាបាល់ទាត់ សមាជិក​របស់​សហព័ន្ធ ជាពិសេស​ក្លិប​បាល់ទាត់ មន្ត្រី កីឡាករ មន្ត្រី​រៀបចំ​ការប្រកួត ភ្នាក់ងារ​កីឡាករ បុគ្គល​ដែលមាន​ការទទួលស្គាល់​ពី FIFA រួមទាំង​ក្រុម​អ្នកទស្សនា អនុវត្តតាម។



ក្រុម​វិន័យ​ហ្វី​ហ្វា ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១១ និង​ត្រូវបាន​ចុះហត្ថលេខា ដោយ​លោក Joseph S.Blatter ប្រធាន FIFA និង​លោក Jerome Valcke ដែលជា​អគ្គលេខាធិការ នោះ មាន១៤៧មាត្រា។

នៅត្រង់ ជំពូក II ផ្នែក​ពិសេស (Chapter II. Special Part) មាត្រា៦៧ ចែង​អំពី​ទំនួល​ខុសត្រូវ​លើ​ការប្រព្រឹត្ត​របស់​អ្នកទស្សនា (Liability for spectator conduct) ដោយ​វាក្យខណ្ឌ៣ លើកឡើង​ពី​ចំណុច​នៃ​ការប្រព្រឹត្ត​មិនត្រូវ​របស់​អ្នកទស្សនា ដែល​ទង្វើ​ទាំងនោះ រួមមាន អំពើហិង្សា​ទៅលើ​មនុស្ស ឬ​វត្ថុ​នានា ការបង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ  ការ​គប់​កាំជ្រួច ការបង្ហាញ​ពាក្យស្លោក​ក្នុងន័យ​ជេ​ប្រមាថ ឬ​ក្នុងន័យ​នយោបាយ​នូវ​រាល់​ទម្រង់ ការ​បន្លឺ​សម្តី ឬ​សំឡេង​ជេ​ប្រមាថ ឬ​ការ​លុកលុយ​លើ​ទីលាន​ជាដើម។

រាល់​ទង្វើ​ទាំងឡាយណា​ដែល​ធ្វើ​ខុសពី​ក្រម​វិន័យ​ហ្វី​ហ្វា បុគ្គល​ដែល​ប្រព្រឹត្ត​កំហុស​អាច​ទទួលរង​ពិន័យ​ជា​ទឹកប្រាក់ រង​ការហាម​មិន​ឲ្យ​ចូល​មើល​ការប្រកួត ឬ​អាច​ជាប់ពន្ធនាគារ​ក្នុងករណី​ធ្ងន់ធ្ងរ។ ក្នុង​ករណីខ្លះ សា​ម៉ី​ប្រទេស ឬ​ក្លិប ត្រូវ​ទទួលខុសត្រូវ​លើ​ទង្វើ​របស់​អ្នកទស្សនា ឬ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន។

សូមបញ្ជាក់​កាលពី​ថ្ងៃទី១៦ ខែមិថុនា កន្លងមក ក្លិប Al-Hilal របស់​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ពិន័យ​ឲ្យ​លេង​ក្នុង​ទឹកដី​របស់ខ្លួន​ដោយ​គ្មាន​អ្នកទស្សនា សម្រាប់​ការប្រកួត​វគ្គ១/៤ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ AFC Champions League។ ការពិន័យ​បាន​លេចចេញ​ជា​រូបរាង​ឡើង​ដោយសារតែ​ក្រុម​អ្នកគាំទ្រ​បាន​គប់​របស់របរ​ទៅលើ​ក្រុម Persepolis របស់​អ៊ីរ៉ង់ នា​ជ័យជម្នះ ៣-០ នៅ​វគ្គ១៦ក្រុម​ចុងក្រោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com