ជាតិ
សង្គមជាតិ
ស្ត្រី​ឥស្លាម​មួយចំនួន​មិន​ប្រើ​អត្តសញ្ញាណប័ណ្ណ​និង​លិខិតឆ្លងដែន​ដោយសារ​រឿង​ថតរូប
18, Jun 2015 , 12:41 pm        
រូបភាព
មាន​ស្ត្រី​ខ្មែរឥស្លាម​មួយចំនួន បានសម្រេច​ចិត្ត​មិន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន។ មូលហេតុ​ដោយសារ ការធ្វើ​អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន​នោះ គឺ​តម្រូវ​ឲ្យ​ដោះ​ក្រមា​ដែល​ផ្ទុយ​ពី​ការគោរព​ប្រតិបត្តិ​តាម​សាសនា​ឥស្លាម។ ដូច្នេះហើយ ទើប​គេ​ឃើញ​មាន​ស្ត្រី​ខ្មែរឥស្លាម​មួយចំនួន មិនបាន​បំពេញ​កាតព្វកិច្ច​សង្គម​ដូចជា​ការបោះឆ្នោត​ជាដើម ដោយសារ​គ្មាន​អត្តសញ្ញាណប័ណ្ណ ឫ​ប័ណ្ណសម្គាល់ខ្លួន​ជាដើម​នោះ។



រដ្ឋាភិបាល​កម្ពុជា តាមរយៈ​សារា​ចរណ៍​របស់ខ្លួន​បានសម្រេច​ឲ្យ​ស្ត្រី​ឥស្លាម​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ទាំងអស់ អាច​ស្លៀក​សំលៀកបំពាក់​តាម​ប្រពៃណី​របស់​សាសនា​ឥស្លាម នៅក្នុង​គ្រឹះស្ថាន​អប់រំ​បាន។ ការសម្រេច​នេះ ធ្វើ​ឲ្យ​មានការ​សាទរ និង​កោតសរសើរ មិន​ត្រឹមតែ​សហគមន៍​ខ្មែរឥស្លាម តែ​រង្គើ​ដល់​អន្តរជាតិ​ផង ថា​រដ្ឋាភិបាល​កម្ពុជា ពិតជា​បាន​យកចិត្តទុកដាក់​ចំពោះ​សហគមន៍​ឥស្លាម​នៅ​កម្ពុជា​ពិតប្រាកដ​មែន។ ប៉ុន្តែ​ទន្ទឹមនឹងនេះ គេ​នៅ​ឃើញ​ចំណុច​អវិជ្ជមាន​មួយទៀត ដែល​រដ្ឋាភិបាល​មិនទាន់​ផ្តល់​ឲ្យ​សហគមន៍​ឥស្លាម ទៅតាម​អ្វីដែល​ពួកគេ​អាច​គោរព​ប្រតិបត្តិ​តាម​សាសនា​បាន នោះ​គឺ​ការតម្រូវ​ឲ្យ​ដោះ​ក្រមា ឫ​កន្សែង​ក្បាល​នៅពេល​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន​ជាដើម។

មានការ​លើកឡើងថា ស្ត្រី​ខ្មែរឥស្លាម​មួយចំនួន បាន​បោះបង់​ការងារ​សង្គម​ជាច្រើន ដោយសារ​គ្មាន​ប័ណ្ណសម្គាល់ខ្លួន ដូចជា​មិនអាច​បោះឆ្នោត និង​ធ្វើ​លិខិតស្នាមផ្សេងៗជាដើម។ មិនមែនជា​ចេតនា​នោះទេ តែដោយសារ​លក្ខ​ខ័​ណ្ឌ​នៃ​ការធ្វើ​លិខិត​សម្គាល់​ខ្លួន​នោះ គឺ​ខុសពី​សាសនា ដែល​ពួកគេ​គោរព​យ៉ាង​តឹងរឹង។ តាម​សាសនា ស្ត្រី​ឥស្លាម​មិន​តម្រូវ​ឲ្យ​ដោះ​ក្រមា ឫ​កន្សែង​រ៊ុំ​ក្បាល​ជា​សាធារណ​នោះទេ គឺ​បាន​ក្នុង​រង្វង់​គ្រួសារ​ពួកគេ​តែប៉ុណ្ណោះ។

លោក ហ៊ីម ខ​ទៀត បាន​លើកឡើងថា វា​ជា​ការល្អ​បំផុត ប្រសិនបើ​រដ្ឋាភិបាល​បើក​សិទ្ធិ​ឲ្យ​ស្ត្រី​ឥស្លាម អាច​ពាក់​ក្រមា​នៅពេល​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឫ​លិខិតឆ្លងដែន​នោះ។ សមាជិក​គណៈកម្មការ​ដឹកនាំ​ក្រុមនិស្សិត​មូ​ស្លឹ​ម​កម្ពុជា លោក ខ​ទៀត បន្ថែមថា កន្លងមក​ក្រុម​របស់លោក មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​ខាងលើ និង​បាន​ស្តាប់​ការ​ត្អូញត្អែរ​ជាច្រើន​ពី​សហគមន៍​ឥស្លាម។ លោក​បញ្ជាក់ថា៖« វា​ជា​ប្រការ​មួយ​ដែល​ចាំបាច់ ដែល​ព្រះ​អាល់​ឡោះ​មានបន្ទូល​ក្នុង​គម្ពីរ​អាល់​គួរ​អាន (គម្ពីរ​របស់​សាសនា​ឥស្លាម) ដែល​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក​អនុវត្តតាម។ ខ្ញុំ​ជឿថា រដ្ឋាភិបាល​កម្ពុជា​អាច​អនុញ្ញាត​បាន​ដូច​ប្រទេស​ផ្សេងទៀត​ដែរ ដូចជា​ប្រទេស​ថៃ អាមេរិក ឫ​អូស្ត្រាលី​ជាដើម​នោះ។ នេះ​យើង​មិន​និយាយ​ប្រទេស​ដែល​កាន់សាសនា​ឥស្លាម ដូចជា​ម៉ាឡេស៊ី ឫ​ឥណ្ឌូនេស៊ី​នោះទេ»។

លោក ហ៊ីម ខ​ទៀត រំពឹងថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​នឹង​លើក​មក​និយាយ ឫស​ម្រេច​តែម្តង​ពី​បញ្ហា​ខាងលើ នៅ​ថ្ងៃ​ចូលរួម​ពិសា​អាហារ​ស្រាយ​បួស​ជា​ថ្នាក់ជាតិ​នៅពេល​ខាងមុខ ដែល​រដ្ឋាភិបាល​កម្ពុជា រៀបចំឡើង​សម្រាប់​សហគមន៍​ខ្មែរឥស្លាម ក្នុង​គោលបំណង​ផ្សារភ្ជាប់​ភាព​សិទ្ធិ​ស្នាល​នឹង​គ្នា ក៏ដូចជា​បង្ហាញ​ពី​ការយកចិត្ត​ទុក​ចំពោះ​សហគមន៍​ខ្មែរឥស្លាម​នៅ​កម្ពុជា។ លោក ខ​ទៀត បាន​រម្លឹក​ពី​ភាពជោគជ័យ ដែល​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ស្ត្រី​ឥស្លាម​អាច​ស្លៀកពាក់​នៅក្នុង​គ្រឹះស្ថាន​អប់រំ​កាលពី​កន្លងទៅ​ថា៖« យើង​ឃើញថា មាន​ស្ត្រី​ឥស្លាម​ច្រើន បាន​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ធ្វើការ​នៅតាម​ស្ថាប័ន​ច្រើន។ ចំពោះ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ នេះ​គឺ​ដូចគ្នា គឺ​បង្ក​ការរាំងស្ទះ​ជាច្រើន។ យើង​មិនមាន​តួលេខ​ពិតប្រាកដ តែ​យើង​ដឹងថា មាន​ស្ត្រី​ខ្មែរឥស្លាម​មួយចំនួន សម្រេចចិត្ត​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឫ​ប័ណ្ណ​សម្គាល់​ផ្សេងទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​បាន»។

លោក ខ​ទៀត បន្ថែម៖« រដ្ឋាភិបាល​គួរបញ្ជាក់​ពី​ជំហរ​ច្បាស់លាស់​នូវ​អ្វីដែល​គាត់​អះអាងថា ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​សហគមន៍​ឥស្លាម។ រដ្ឋាភិបាល​ថា ស្រលាញ់ ការពារ​ខ្មែរឥស្លាម​ជាង​ប្រទេស​ថៃ តែ​ដោយឡែក​ប្រទេស​ថៃ គេ​មានការ​បើកទូលាយ​ជាង​យើង​ច្រើន។ យើង​មិន​បន្ទោស​រដ្ឋាភិបាល​ទេ តែដោយសារ​ថ្នាក់ដឹកនាំ​ឥស្លាម​យើង​មិនទាន់​ជម្រាប​ដល់​រដ្ឋាភិបាល​ឲ្យ​បានដឹង​ពី​បញ្ហា​នេះ។ ពិតប្រាកដ​បញ្ហា​នេះ គឺមាន​ឥទ្ធិពល និង​ផល​វិជ្ជមាន​ច្រើន​ដល់​រដ្ឋាភិបាល»។


ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី ម៉ាត់ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ យល់ថា ការទាមទារ​អ្វីមួយ​ត្រូវមាន​មូលដ្ឋាន និង​ការសិក្សា​ឲ្យ​បាន​ត្រឹមត្រូវ។ លោកស្រី ម៉ា​រ៉ា ដែល​សកម្ម​ក្នុង​ការងារ​មនុស្សធម៌ និង​អប់រំ ក្នុង​សហគមន៍​ខ្មែរឥស្លាម​មួយរូប​នោះ បាន​ពន្យល់ថា៖« មានការ​លើកឡើងថា យើង​ចាំបាច់​ត្រូវធ្វើ តែ​ខ្លះ​ទៀតថា យើង​រស់នៅ​ស្រុក​ណា ត្រូវគោរព​តាម​ស្រុក​ហ្នឹង»។ តែ​យ៉ាងណា លោកស្រី ម៉ាត់ ម៉ា​រ៉ា ចង់ឃើញ​ពី​លទ្ធភាព​រដ្ឋាភិបាល​ចំពោះ​ការទាមទារ​ឲ្យ​មានការ​ពាក់​ក្រមា​នៅពេល​ធ្វើលិខិត​ស្នាមផ្សេងៗ ដែល​លោកស្រី​អះអាងថា វា​ជា​រឿង​សំខាន់​មួយ។

កន្លងមក​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​មួយចំនួន បាន​លើកសំណើរ​ខាងដើម​ទៅ​រដ្ឋាភិបាល​រួច​ម្តង​ហើយ។ ជាការ​ឆ្លើយតប ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រគល់​ឲ្យ​ក្រុម​ជំនាញ​មួយ ដើម្បី​សិក្សា​ពី​លទ្ធភាព​ដែល​រដ្ឋាភិបាល​អាចធ្វើ​បាន។ បញ្ហា​នេះ លោក ខ​ទៀត យល់ថា គួរ​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ឲ្យ​ស័ក្ក​សម​ចំពោះ​ពាក្យសំដី​ដែល​គាត់​ថា ធ្វើ​ឲ្យ​សហគមន៍​ខ្មែរឥស្លាម​រស់នៅ​ដោយ​ភាព​សុខ​ស្រួល។ លោក ខ​ទៀត បន្ថែម៖« វា​មិនមែនជា​រឿង​តូចតាច​ទេ តែ​វា​ប៉ះពាល់​ផ្លូវចិត្ត​ដល់​ស្ត្រី​ឥស្លាម​ផង ដែល​ពេលខ្លះ​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ដោះ​ក្រមា ហើយ​ដែល​ការងារ​ទាំងនោះ គាត់​បាន​អនុវត្ត​តាំងពីតូចៗមក»៕ 







© រក្សាសិទ្ធិដោយ thmeythmey.com