កីឡាជាតិ
ជាតិ
ខ្សែបម្រើ​ខ្មែរ-បារាំង គួច ដា​នី ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​សារជាថ្មី
18, Jun 2015 , 1:49 pm        
រូបភាព
ខ្សែបម្រើ គួច ដានី និងលោកគ្រូបង្វឹកភ្នំពេញ​ក្រោន Sam Schweingruber នាពិធីចុះហត្ថលេខា។ រូបថត ហ្វេសប៊ុកក្លិបភ្នំពេញ​ក្រោន
ខ្សែបម្រើ គួច ដានី និងលោកគ្រូបង្វឹកភ្នំពេញ​ក្រោន Sam Schweingruber នាពិធីចុះហត្ថលេខា។ រូបថត ហ្វេសប៊ុកក្លិបភ្នំពេញ​ក្រោន
ដោយ: ថ្មីៗ
ក្លិប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បានប្រកាស​ពី​កិច្ចព្រមព្រៀង​នាំយក​ខ្សែបម្រើ​ខ្មែរ-បារាំង គួច ដា​នី មក​ចូលរួម​ជាមួយ​ខ្លួន​សារជាថ្មី នៅមុន​ការបើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក។



គួច ដា​នី អាយុ២៤ឆ្នាំ បាន​ចូល​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​ចុងឆ្នាំ២០១២ ហើយ​បាន​ចាក​ចេញពី​ក្លិប​កំពូល​មួយ​នេះ កាលពី​ខែ​មិនា ឆ្នាំ២០១៣ មុននឹង​ទៅលេង​ឲ្យ​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត និង​ជា​កីឡាករ​របស់​ក្លិប Phnom Penh TriAsia ពេញ​មួយ​រដូវ​កាល​ឆ្នាំ២០១៤ ។

កាលពី​ឆ្នាំមុន គួច ដា​នី ក៏​ជា​សមាជិក​នៃ​ក្លិប​ហ្វុ​ត​សាល Daniel FC ដែល​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Tiger Street Football ផងដែរ។ ក្រោយ​ការប្រកួត​ជាមួយ​ក្រុម​ពី​ម៉ុង​ហ្គោ​លី និង​សឹង្ហ​បុរី ដា​នី បាន​ជាប់​ក្នុង​ជម្រើស All-Stars Team។

ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​ដកស្រង់​សម្តី​របស់លោក Sam Schweingruber ដែលជា​គ្រូបង្វឹក​ថា ដា​នី​ជា​កីឡាករ​ដែលមាន​ជំនាញ​ខ្ពស់ និង​មាន​ភាពចាស់ទុំ ហើយ​គេ​នឹង​ក្លាយជា​កម្លាំង​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ការពារ​ពាន​របស់ខ្លួន​បាន​ជោគជ័យ។

គួច ដា​នី បាន​និយាយថា ខ្លួន​មានការ​រំភើប​ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​ចាស់ និង​ដែល​ទើប​សម្ពោធ​កីឡដ្ឋាន​ថ្មី។ «ខ្ញុំ​ជឿថា យើង​អាច​ឈ្នះ​ជើងឯក​ម្តងទៀត។ ខ្ញុំ​ចង់​ជួយ​ក្លិប​ឲ្យ​ឈ្នះ​ការប្រកួត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​រក្សា​ដំណែង​ជើង​ឯង និង​មានឈ្មោះ​លេង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ។ នេះ​ជា​ក្លិប​លេង​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ​ខ្មែរ-បារាំង ដា​នី៕



© រក្សាសិទ្ធិដោយ thmeythmey.com