ជាតិ
ព្រះករុណា នឹង​ប្រទាន​ភ្លើង​បូជាសព​លោក ជា ស៊ីម
18, Jun 2015 , 3:47 pm        
រូបភាព
លោក​នាយក​រដ្ឋមន្ត្រីត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​មេនបូជា​សព​លោក ជា ស៊ីម
លោក​នាយក​រដ្ឋមន្ត្រីត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​មេនបូជា​សព​លោក ជា ស៊ីម
ពិធី​បូជាសព​លោក ជា ស៊ីម នឹង​ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី។ នេះ​បើតាម​ប្រសាសន៍​របស់លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​បញ្ជាក់ថា ព្រះករុណា នឹង​ប្រទាន​ភ្លើង​បូជាសព​លោក ជា ស៊ីម។



ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី នឹង​យាង​ពី​ព្រះបរមរាជវាំង ឆ្ពោះ​មក​រោង​ពិធី​ធ្វើ​ឈាបនកិច្ច​សព លោក ជា ស៊ីម តែម្តង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី១៩មិថុនា​នេះ។ ចំណែកឯ​ថ្នាក់ដឹកនាំកំពូលៗរបស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទៅ​គេហដ្ឋាន​បុណ្យសព​ទាំង​ព្រឹក​ព្រលឹម​តែម្តង។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ ជា​អ្នក​បញ្ជាក់​ព័ត៌មាន​ទាំងនេះ ប្រាប់​សារព័ត៌មានថ្មីៗ នៅ​រសៀល​ថ្ងៃទី១៨មិថុនា​នេះ។

អ្នកនាំពាក្យ​សាលា​រាជធានី​បន្ត​យ៉ាង​ដូច្នេះ​ថា៖ «ប៉ុន្តែ​ខ្ញុំ​មាន​ព័ត៌មាន​ដែល​បញ្ជាក់ថា តើ​ថ្នាក់ដឹកនាំ​កំពូល​នឹង​បន្ត​ចូលរួម​ដង្ហែ​សព​សម្តេច ជា ស៊ីម ចេញពី​គេហដ្ឋាន​ឆ្ពោះ​មក​ឈាន​ប​ដ្ឋា​ន ឬក៏​ចប់​ពី​ពិធី​នៅ​គេហដ្ឋាន​នៅពេល​ព្រលឹម​នោះ ពួកគាត់​នឹង​អាច​ចេញដំណើរ​មក​មុន ដើម្បី​មក​ចាំ​នៅ​ទីកន្លែង​ប្រារព្ធ​ពិធី​បូជា​មុខ​វត្ត​បុ​ទុម​តែម្តង ឬ​យ៉ាងណា​នោះទេ»?  យោងតាម​មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ដដែល តាម​គម្រោង​នឹងមាន​មនុស្ស​ជិត៤ម៉ឺន​នាក់ ដោយ​រាប់ទាំង​អ្នក​ដែល​នៅ​ឈរ​អម​លើ​ចិញ្ចើមផ្លូវ និង​អ្នកចូលរួម​ក្នុង​ក្បួន​ដង្ហែ ដែល​នឹងមាន​វត្តមាន​នៅក្នុង​ក្បួន​ដង្ហែ​សព​ដែល​មិនត្រូវ​ទូរទស្សន៍​ជាតិ​ផ្សាយ​ផ្ទាល់​នោះទេ។ ប៉ុន្តែ​រូបភាព​ទាំងស្រុង​ពី​ពិធី នឹងត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​នៅពេល​ល្ងាច។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក្នុងពេល​កន្លងមក។

អ្នក​ហាត់​កីឡា​ពេលព្រឹក​ក្នុង​តំបន់​រៀប​ពិធី​បូជា ត្រូវបាន​ស្នើ​ឲ្យ​ផ្អាកសម្រាប់ព្រលឹម​ថ្ងៃ​សុក្រ​

ពលរដ្ឋ​អ្នក​ហាត់ប្រាណ​រៀលរាល់​ព្រឹក​ព្រលឹម​ក្បែរ​តំបន់​រៀបចំ​ពិធី​ឈាបនកិច្ច មិនអាច​ហាត់ប្រាណ​ដូច​សព្វ​ឡើយ​នៅ​ព្រលឹម​ថ្ងៃ​សុក្រ​ទី១៩មិថុនា​នេះ។ អ្នកនាំពាក្យ​សាលា​រាជធានី​បានស្នើ​សុំ​ការ​អធ្យាស្រ័យ​ពី​ពលរដ្ឋ ដោយសារ​អាជ្ញាធរ​ត្រូវ​រៀបចំ​សន្តិសុខ​ក្នុង​តំបន់​ទាំងនោះ។

រីឯ​ការធ្វើ​ចរាចរណ៍​វិញ សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​សាធារណជន​អំពី​កាត់​បិទ​ចរាចរណ៍​លើ​កំណត់​មហាវិថី​ព្រះ​នរោត្តម​ពី​ម៉ោង៦ព្រឹក ចាប់ពី​មុខក្រសួង​មហាផ្ទៃ​ដល់​វិមានឯករាជ្យ និង​ពី​ស្តុ​ប​ជលផល​ទៅ​ផ្លូវ​សុធារស។ សេចក្តីជូនដំណឹង​បន្តថា ការ​ដង្ហែ​ដោយ​ថ្មើរជើង​នឹងធ្វើ​ពី​វិមានឯករាជ្យ​ទៅ​ឈាបនដ្ឋាន​មុខ​វត្ត​បុ​ទុម​វ​ត្តី ដូច្នេះ​កំណាត់​ផ្លូវ​ជុំវិញ​ពិធី​ដង្ហែ​ក្បួន ក៏​នឹងត្រូវ​បិទ។ ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​លោក ឡុង ឌី​ម៉​ង់ ក្រោយពី​ក្បួន​ដង្ហែ​ហែ​ផុត កំណាត់​ផ្លូវ​មួយចំនួន​នឹងត្រូវ​បើក​ឲ្យ​ចរាចរណ៍​បន្តបន្ទាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com