ជាតិ
ពីនេះ ពីនោះ
រៀន​ធម្មតា តែ​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​សិស្ស​ពូកែ
21, Jun 2015 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
សិស្ស​រៀន​ពូកែ​ចូលចិត្ត​និយាយថា ចង់​ក្លាយជា​សិស្ស​ពួ​កែ​គ្មានអ្វី​លំបាក​នោះទេ។ ប៉ុន្តែ​សិស្ស​មិន​ពូកែ​វិញ​តែងតែ​និយាយថា ចង់​ក្លាយជា​សិស្ស​ពូកែ​មិនមែនជា​ការងាយស្រួល​នោះទេ។ ដើម្បី​ក្លាយជា​សិស្ស​ពូកែ សិស្ស​រៀន​មិន​ពូកែ គួរ​រៀនសូត្រ​តាម​សិស្ស​ពូកែ​ដោយ​របៀប​ណា?



១) ជ្រើសរើស​ជំនាញ៖ អ្នក​ត្រូវ​ដឹងថា​ខ្លួនឯង​ចូលចិត្ត​រៀន​ផ្នែក​អ្វីខ្លះ? ឧទាហរណ៍៖ ផ្នែក​បច្ចេកវិទ្យា, ផ្នែក​សង្គមវិទ្យា, ផ្នែក​ពាណិជ្ជកម្ម។ ល។ នៅពេល​អ្នករៀន​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​ហើយ នោះ​អ្នក​នឹងមាន​ទឹកចិត្ត​រៀន ចង់​ចេះ​ចង់ដឹង ព្រោះ​អ្នក​កំពុងតែ​ចូលចិត្ត​ជំនាញ​នោះ។ 

២) ស្តាប់​គ្រូ​ឲ្យ​បាន​ច្រើន៖ អ្នក​ត្រូវ​យកចិត្តទុកដាក់​ស្តាប់​គ្រូ​ពន្យល់​ឲ្យ​បាន​ច្រើន។ ចូលចិត្ត​ឆ្ងល់​និង​សួរ​គ្រូ​ឲ្យ​បាន​ច្រើន ព្រោះ​សាស្ត្រាចារ្យ​ជា​អ្នក​ដែលមាន​ចំណេះដឹង និង​ពិសោធន៍​ច្រើន លើ​មុខជំនាញ​ដែល​គាត់​បង្រៀន។ ជាពិសេស ត្រូវ​កត់ត្រា​នូវ​ចំណុចសំខាន់ៗឲ្យ​បាន​ខ្ជាប់ខ្ជួន។

៣) រម្លឹក​មេរៀន​ចាស់៖ មិនមែន​គ្រូ​ពន្យល់​អ្នក​អាច​ចាំបាន​ទាំងអស់​នោះទេ អ្នក​ត្រូវតែ​យក​អ្វីដែល​គ្រូ​បាន​បង្ហាត់បង្រៀន និង​សៀវភៅ​ដែល​អ្នក​បាន​កត់ត្រា​នោះ យកមក​មើល​ឡើងវិញ។ ជាពិសេស ត្រូវ​ខំព្យាយាម​ធ្វើ​លំ​ហាត់​ឲ្យ​បាន​ច្រើន​បំផុត ទើប​ចេះ​ពិតប្រាកដ។

៤) មើល​មេរៀន​ថ្មី៖ មើល​មេរៀន​មុន​គ្រូបង្រៀន គឺ​ងាយ​ចងចាំ​មេរៀន​បាន​ច្រើន​ពេល​គ្រូ​ពន្យល់​បន្ថែម។ ហើយ​អ្នក​ក៏បាន​ត្រៀម​នូវ​ចម្ងល់​ឬ​សំណួរ​បន្ថែម ដើម្បី​សួរ​គ្រូ​រួច​ដែរ ព្រោះ​អ្នក​បាន​បាន​មើល​វា​រួម​ហើយ។

៥) បង្កើត​ក្លឹប​សិក្សា៖ សិ​ស្សិម្នាក់ៗមិនមែន​រៀន​ពូកែ​គ្រប់​មុខជំនាញ​នោះទេ។ ដូច្នេះ​អ្នក​តួរ​តែ​បង្កើត​ក្រុម​ជាមួយ​មិត្តភក្តិ ដើម្បី​ធ្វើ​លំ​ហាត់​ជាមួយគ្នា ចែករំលែក​ចំណេះដឹង ស្រាវជ្រាវ​មេរៀន​ដែល​ទាក់ទិន​មក​មើល​បន្ថែម និង​ជួយ​បង្រៀន​គ្នា​ទៅវិញទៅមក តាម​សមត្ថភាព​និង​ជំនាញ​របស់​អ្នកម្នាក់ៗ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត។

៦) លើកទឹកចិត្ត​ខ្លួនឯង៖ រវល់​តែ​ច្រណែន​នឹង​គេ​រៀន​ពូកែ​ជាង​ខ្លួន កុំ​រវល់​តែ​តូចចិត្ត​ខ្លួនឯង​ដែល​រៀន​មិន​ពូកែ នៅពេលដែល​អ្នក​គិតបែបនេះ គឺ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​បែក​អារម្មណ៍ ឬ​មាន​អារម្មណ៍​ស្មុគស្មាញ​កាន់តែខ្លាំង​ទៅវិញ​ទេ។ ដូច្នេះ​មានតែ​អ្នក​ខំព្យាយាម យកចិត្តទុកដាក់ ស្តាប់​គ្រូ​ពន្យល់ សួរ​មិត្តភក្តិ និង​ខំរៀន​ដោយ​ខ្លួនឯង​បន្ថែម ទើ​អ្នក​ក្លាយជា​សិស្ស​ពូកែ​ដូច​គេ​ដែរ។

៧) ថែ​សុខភាព​ឲ្យ​បានល្អ៖ អ្នក​ត្រូវតែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់, បរិភោគ​អាហារ​ដែលមាន​អនាម័យ​ល្អ, បរិភោគ​ទឹក​ស្អា​ត់​ឲ្យ​បាន​ច្រើន, រស់នៅ​កន្លែង​ដែលមាន​ផាសុខភាព​ល្អ, និង​ត្រូវ​ចំណាយពេល​ដើរ​កម្សាន្ត​នៅ​កន្លែង​ដែល​អ្នក​ពេញចិត្ត។ ចំណុចសំខាន់ៗទាំងនេះ​នឹងធ្វើ​ឲ្យ​អ្នកមាន​កម្លាំងកាយ​រឹងមាំ​ង ប្រាជ្ញា​ឈ្លាសវៃ និង​មាន​អារម្មណ៍​ស្រស់ថ្លា​ដែល​ធ្វើ​ឲ្យ​អ្នករៀន​ឆាប់ឆេះ ចងចាំ​បានយូរ មានគំនិត​ច្នៃប្រឌិត។ ល៕ 



© រក្សាសិទ្ធិដោយ thmeythmey.com