កីឡាជាតិ
ជាតិ
NOCC៖ លទ្ធ​ផល​មិន​បាន​សម្រេច​តាម​មហិច្ចតា តែ​ជា​ជោគ​ជ័យ​
20, Jun 2015 , 10:00 am        
រូបភាព
លោក វ៉ាត់ ចំរើន នាយបេសកកម្ម​ដឹកនាំប្រតិភូ និងកីឡាករ​មក​កម្ពុជាវិញ។ រូបថត NOCC
លោក វ៉ាត់ ចំរើន នាយបេសកកម្ម​ដឹកនាំប្រតិភូ និងកីឡាករ​មក​កម្ពុជាវិញ។ រូបថត NOCC
កម្ពុជា​មិនបាន​សម្រេច​តាម​មហិច្ឆតា​របស់ខ្លួន​នោះឡើយ​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ ក្នុងប្រទេស​សឹង្ហ​បុរី​ដែល​ទើបនឹង​បញ្ចប់ ដោយ​ដណ្តើម​បានតែ​មេដាយមាស១ ប្រាក់៥ និង​សំរឹទ្ធ៩ប៉ុណ្ណោះ ។ លទ្ធផល​នេះ បាន​បង្ហាញថា រដ្ឋាភិបាល និង​ក្រុម​ដៃគូ​ឧបត្ថម្ភ​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ខ្ទង់​តិចជាង​ឆ្នាំ២០១៣សម្រាប់​ជ័យលាភី ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អះអាងថា លទ្ធផល​មិនអាក្រក់​នោះឡើយ ដោយ​ប្រទេសទាំង​អស់​សុទ្ធ​​តែ​ថយ​ចំនួន​មេដាយ​របស់ខ្លួន លើក​លែង​តែម្ចាស់​ផ្ទះ​សឹង្ហបុរី​។



នា​មហាសន្និបាត​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពី​ចុងខែ​កុម្ភៈ​ឆ្នាំ២០១៣ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បាន​លើកឡើងថា គោលដៅ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០១៥ ត្រូវ​រក្សា​ប្រភេទ​មេដាយមាស​ក្នុង​ចំនួន​ណាមួយ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ២០១៣ ហើយ​រក​មេដាយប្រាក់ និង​សំរឹទ្ធ​ឲ្យ​ច្រើន​តាម​លទ្ធភាព។ ប៉ុន្តែ​ម​ហិ​ច្ច​តា​នេះ មិនបាន​សម្រេច​ដូច​បំណង​ឡើយ ដោយ​ក្នុងចំណោម​កីឡា២៣ប្រភេទ​ដែល​បាន​ចូលរួម​ប្រកួតប្រជែង កម្ពុជា​ទទួល​បានតែ​មេដាយមាស១ ប្រាក់៥ និង​សំរឹទ្ធ៩ប៉ុណ្ណោះ។
 
៥ប្រភេទ​កីឡាក្នុងចំណោម​២៣​ប្រភេទកីឡា​ឈ្នះ​មេដាយ
ក្នុងចំណោម​ប្រទេស​កីឡា​ចំនួន២៣ មានតែ​កីឡា៥ប្រភេទ​ប៉ុណ្ណោះ​ដែល​ដណ្តើមបាន​មេដាយ ដែល​ក្នុងនោះ កីឡាករ​សី​ប៉ា​កតា​ក្រ​ឈ្នះ​មេដាយមាស១ និង​សំរឹទ្ធ១ កីឡា​ប៉េតង់​បាន​មេដាយប្រាក់៤ និង​សំរឹទ្ធ៥ កីឡាប្រដាល់​បាន​មេដាយប្រាក់១ កីឡា​តេ​ក្វាន់​ដូ​បាន​មេដាយ​សំរឹទ្ធ២ និង​កីឡា​វាយ​កូន​បាល់​បាន​មេដាយ​សំរឹទ្ធ១ ។

បើ​គិត​លើ​ចំនួន​មេដាយ​ឯកត្តជន និង​ជា​ក្រុម កម្ពុជា​ទទួលបាន​មេដាយមាស​ចំនួន៨ ប្រាក់៧ និង​សំរឹទ្ធ២២ និង​មាន​កីឡាករ-កីឡាការិនី​តែ២៥នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ទទួលបាន​ប្រាក់រង្វាន់ ហើយ​ក្នុងនោះ កីឡាករ​ស៊ី​ប៉ាក​តា​ក្រ៨នាក់ បាន​មេដាយមាស​ផង និង​សំរឹទ្ធ​ផង ចំណែក​កីឡា​ប៉េតង់ មាន​កីឡាករ៣នាក់ និង​កីឡាការិនី១នាក់ បាន​មេដាយ​ចំនួន​ពីរ។

រដ្ឋ​ត្រូវ​បាន​ផ្តល់​ប្រាក់​រង្វាន់​ដែល​តិច​ជាង​ឆ្នាំ​២០១៣​រហូត​ដល់​៥០ម៉ឺន​ដុល្លារ​

យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ រាល់​ជ័យលាភី​មេដាយមាស​ទទួលបាន​ប្រាក់រង្វាន់៤០លាន​រៀល មេដាយប្រាក់​បាន៣០លាន​រៀល និង​មេដាយ​សំរឹទ្ធ​បាន១៦លាន​រៀល ។

កាលពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៧ នៅ​ប្រទេស​មី​យ៉ាន់​ម៉ារ កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប៤៧ មាន​មាស៨ ប្រាក់១១ និង​សំរឹទ្ធ២៨ ដោយមាន​ការរួមចំណែក​យ៉ាងច្រើន​ពី​កីឡា​ចំបាប់ និង​វ៉ូ​វី​ណា​ម។ ដោយ​គិត​លើ​ចំនួន​មេដាយ​ទាំង​ឯកត្តជន និង​ជា​ក្រុម  កម្ពុជា​ទទួលបាន​មេដាយមាស១៤ ប្រាក់២៩ និង​សំរឹទ្ធ៩១ ក្នុងនោះ​កីឡាករ-កីឡាការិនី​ចំនួន៧៤នាក់​ជា​ម្ចាស់​ជ័យលាភី។ សម្រាប់​ប្រាក់រង្វាន់​សម្រាប់​ជ័យលាភី​កាលពី​ឆ្នាំ២០១៣ រដ្ឋាភិបាល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​សរុប​ចំនួន២ ៨៨៦ ០០០ ០០០ (២ពាន់៨រយ៨៦លាន​រៀល) ពោលគឺ​ជាង៧០ម៉ឺន​ដុល្លារ​អាមេរិក។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨នេះ រដ្ឋាភិបាល​នឹង​ចំណាយ​ប្រាក់ឧបត្ថម្ភ​តែ ៨៨២លាន​រៀល (ជាង២១ម៉ឺន​ដុល្លារ​អាមេរិក) ប៉ុណ្ណោះ​ដល់​ជ័យលាភី ដោយ​តិចជាង​ឆ្នាំ២០១៣ រហូតដល់​ប្រមាណ៥០ម៉ឺន​ដុល្លារ​អាមេរិក។

ក្រៅពី​កីឡាករ​ដែល​ទទួលបាន​ជ័យលាភី គ្រូបង្វឹក និង​គ្រូជំនួយៗក៏ត្រូវ​ទទួលបាន​ប្រាក់រង្វាន់​ពី​រដ្ឋាភិបាល​ផងដែរ។ យោងតាម​អនុក្រឹត្យ គ្រូបង្វឹក​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ស្មើនឹង​ប្រាក់រង្វាន់​របស់​ជ័យលាភី​ដែល​ឈ្នះ​ចំណាត់ថ្នាក់​មេដាយ​ខ្ពស់​ជាងគេ​ក្នុង​វិញ្ញាសា​ប្រកួត​ក្នុង​ក្រុម​ដែល​ខ្លួន​ទទួលបន្ទុក​បង្វឹក ខណៈ​គ្រូ​ជំនួយ​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន៧០ភាគរយ​នៃ​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក។

គ្រូបង្វឹក​បាន​ប្រាក់​រង្វាន់​ស្មើ​អត្តពលិក​ដែល​ទទួល​បានមេដាយ​ខ្ពស់​ជាងគេ​ក្នុងវិញ្ញាសាដែលខ្លួន​ដឹកនាំ
យោងតាម​ឯកសារ​ឧទ្ទេសនាម​របស់ NOCC កីឡា​សី​ប៉ាក​តា​ក្រ មាន​លោក ជាតិ ខេមរា ជា​គ្រូបង្វឹក លោក ឈួន ប៉ុណ្ណា​រ៉ា និង​លោកស្រី យ៉ែម ប៉​ព្រៀង ជា​គ្រូ​ជំនួយ។ កីឡា​ប៉េតង់​មាន​លោក អ៊ឹម ផាត ជា​គ្រូបង្វឹក លោក សុខ ម៉ុង លោក អ៊ុក យ៉ា​រី និង​អ្នកស្រី ជុំ ច័ន្ទ​ថុល ជា​គ្រូ​ជំនួយ។ កីឡាប្រដាល់​មាន​លោក Rolawdo Casteullano Rodrigoes ជា​គ្រូបង្វឹក និង​លោក វ៉ែន សុផល ជា​គ្រូ​ជំនួយ។ កីឡា​តេ​ក្វាន់​ដូ មាន​លោក Choi Yong Sok ជា​គ្រូបង្វឹក លោក ជាតិ ខេមរា និង​លោក ម៉ៅ សុផល ជា​គ្រូ​ជំនួយ។ កីឡា​វាយ​កូន​បាល់ មាន​លោក ជា ពៅ មានឈ្មោះ​ជា​គ្រូបង្វឹក ខណៈ​លោក Braen Aneiros ជា​គ្រូ​ជំនួយ។

កម្ពុជាឡើង១ចំណាត់​ថ្នាក់
ទោះបីជា​យ៉ាងណាក៏ដោយ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​នាយ​បេសកកម្ម​ប្រតិភូ​កីឡា​កម្ពុជា បាន​អះអាងថា វា​មិនអាក្រក់​ពេក​នោះឡើយ​សម្រាប់​កម្ពុជា ពីព្រោះ​ប្រទេស​ទាំងអស់​សុទ្ធតែ​ធ្លាក់ចុះ​នូវ​ចំនួន​មេដាយ​របស់ខ្លួន លើកលែងតែ​ម្ចាស់​សឹង្ហ​បុរី។

លោក​បាន​កត់សម្គាល់ថា មី​យ៉ាន់​ម៉ារ​ដែលជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ២០១៣ បាន​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ២ ទៅ​ចំណាត់ថ្នាក់​លេខ៧ ប៉ុន្តែ​សម្រាប់​កម្ពុជា​បាន​ឡើង​ពី​ចំណាត់ថ្នាក់​លេខ៩ មក​លេខ៨ ដោយ​ឈរ​ពីលើ​ឡាវ ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត ដែល​គ្មាន​មេដាយមាស​ក្នុង​ដៃ។

ក្រៅពី​កីឡា​សី​ប៉ា​តា​ក្រ ប៉េតង់ ប្រដាល់ តេ​ក្វាន់​ដូ និង​វាយ​កូន​បាល់ ដែល​ទទួលបាន​មេដាយ លោក វា់ត់ ចំរើន បានលើកឡើង​ពី​ការវិវត្ត​ទៅមុខ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​លើ​ប្រភេទ​កីឡា​ជា​ក្រុម រួមមាន​បាល់ទាត់ បាល់បោះ និង​បាល់ទះ ដែល​បាន​ក្លាយជា​គូប្រជែង​ដ៏​តឹងតែង​របស់​បណ្តា​ប្រទេស​នានា។ រីឯ​កីឡាវាយកូនឃ្លីលើតុ វាយ​សី និង​ប្រណាំង​កង់ សុទ្ធតែ​មានកំណត់​ត្រា​ឈ្នះ​ការប្រកួត។

ខណៈ​កីឡាករ-កីឡាការិនី​មួយចំនួន​នៃ​កីឡាហែលទឹក និង​អត្តពលកម្ម បាន​បំបែក​កំណត់ត្រា​ចាស់​របស់ខ្លួន កីឡា​ផ្សេងទៀត​របស់​កម្ពុជា​ភាគច្រើន បានបញ្ចប់​ចំណាត់ថ្នាក់​ចុងក្រោយ​គេ និង​ធ្លា​ក់នៅ​វគ្គ​ជម្រុះ។

ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី១៩ នា​ឆ្នាំ២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​កម្ពុជា​ក៏​ទទួល​លិខិតផ្លូវការ​រួចរាល់​ហើយ​ផងដែរ​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​នេះ​ជា​លើកដំបូង​នា​ឆ្នាំ២០២៣ ៕



© រក្សាសិទ្ធិដោយ thmeythmey.com