ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ CNRP នឹងធ្វើ​សន្និសីទកាសែត​ជុំវិញ​បញ្ហា​ព្រំដែន​នៅ​ដើម​សប្តាហ៍​ក្រោយ
19, Jun 2015 , 5:08 pm        
រូបភាព

ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង១៤នាក់ ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ មុនី​វណ្ណ នឹងធ្វើ​សន្និសីទកាសែត​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ខ្លួន នៅ​ដើម​សប្តាហ៍​ក្រោយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នៅ​ថ្ងៃទី១៩ ខែមិថុនា។



លោក ម៉ៅ មុនី​វណ្ណ នឹងធ្វើ​សន្និសីទកាសែត​ជុំវិញ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​ស​ង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​សង្កាត់ ចាក់អង្រែលើ​ខណ្ឌ មានជ័យ។ ការសម្រេចចិត្ត​ធ្វើ​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​បក្ស គឺ​ក្រោយពី​លោក ហេង សំរិន ប្រធានរដ្ឋសភា បដិសេធ​មិន​ឲ្យ​លោក​ធ្វើ​សន្និសីទកាសែត​នៅ​វិមាន​រដ្ឋសភា​តាម​ការស្នើសុំ​របស់ខ្លួន។

ការធ្វើ​សន្និសីទកាសែត​នេះ ដើម្បី​ប្រតិកម្ម​នឹង​លិខិត​ឆ្លើយតប របស់លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន ដែល​ការឆ្លើយតប​នោះ​ត្រូវបាន បាន​លោក ម៉ៅ មុនី​វណ្ណ​ថ្លែងថា ជាការ​ឆ្លើយតប​ដែល​មិនអាច​ទទួលយកបាន និង​មិន​សម​ហេតុផល។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១៤រូប​មាន លោក ម៉ៅ មុនី​វណ្ណ លោក អ៊ុំ សំអាន ជាដើម បាន​ចុះហត្ថលេខា​រួមគ្នា​លើ​លិខិត​មូ​យ​ផ្ញើ​ទៅកាន់ លោក​វ៉ា គឹមហុង ឲ្យ​បង្ហាញ​ផែនទី​ដែល​ប្រើប្រាស់​សម្រាប់​ការបោះ​បង្គោលព្រំ​ដែនកម្ពុជា-វៀតណាម និង​ពន្យល់​អំពី​នីតិវិធី​នៃ​ដំណើរការ​បោះបង្គោល​តាម​ព្រំដែន​កម្ពុជា-វៀតណាម។

ទាក់ទង​នឹង​បញ្ហា​នេះ ត្រូវបាន​លោក វ៉ា គឹមហុង ចេញ​លិខិត​ឆ្លើយតប នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយ​ទាត់ចោល​មិន​ធ្វើតាម​សំណើ​របស់​ក្រុមតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ឡើយ ដោយ​លោក​អះអាងថា បញ្ហា​នេះ​រដ្ឋាភិបាល​ធ្លាប់បាន​បញ្ជាក់​ជាច្រើនលើក​មកហើយ ជាពិសេស​ការបកស្រាយ​របស់លោក ហ៊ុន សែន ក្នុង​រដ្ឋសភា​អស់​រយៈពេល ៥ម៉ោង ២០នាទី កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ។ លិខិត​ឆ្លើយតប​នោះ លោក វ៉ា គឹមហុង បានបញ្ជាក់​ទៀតថា  ការទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី និង​បកស្រាយ​ពី​បញ្ហា​ព្រំដែន​នេះ គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ដើម្បី​ទាញយក​ប្រជាប្រិយភាព​ប៉ុណ្ណោះ។ លោក​ក៏​បន្ថែមទៀតថា ប្រសិនបើ​អ្នកតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ មាន​ផែនទី​ដែល​ខ្លួន​អះអាងថា​ត្រឹមត្រូវ​មែន​នោះ សូម​ឲ្យ​តំណាងរាស្ត្រ​ទាំងនោះ​ប្រគល់ជូន​រដ្ឋាភិបាល ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ផ្លូវ​ការដែល​កម្ពុ​ជាមាន៕



© រក្សាសិទ្ធិដោយ thmeythmey.com