កីឡាជាតិ
ជាតិ
ហេតុអ្វី​បានជា​យើង​ត្រូវ​គាំទ្រ​ក្រុម​ជម្រើសជាតិ​យ៉ាងខ្លាំង​ក្លា​នៅពេលនេះ? មូលហេតុ​គឺ...
22, Jun 2015 , 11:57 am        
រូបភាព
បច្ចុប្បន្ន ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ទាំង៣៩ [ឥណ្ឌូនេស៊ី​ត្រូវបាន​លុបឈ្មោះ​ចេញ​ដោយសារតែ​មានការ​ជ្រៀតជ្រែក​ពី​សំណាក់​រដ្ឋាភិបាល] មិនមែន​ត្រឹមតែ​ស្ថិតក្នុង​យុទ្ធនាការ​ស្វែងរក​កៅអី​ជុំ​ទី​បី​នៃ​ការប្រកួត​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅ​រុស្ស៊ី​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​ប្រជែង​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត ផងដែរ។



ដោយសារ​ការប្រកួត​ដណ្តើមពាន​រង្វាន់​ពិភពលោក (FIFA World Cup) ជា​ព្រឹត្តិការណ៍​កំពូល សារព័ត៌មាន​ជាច្រើន​មិនសូវ​រំលឹក​ដល់​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ទ្វីបអាស៊ី (AFC Asian Cup) នោះឡើយ។ ការដាក់បញ្ចូល​យុទ្ធនាការ​រួមគ្នា​ជា​លើកដំបូង​នេះ គឺ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ចង់​ឲ្យ​ជម្រើសជាតិ​ទាំងអស់​នៅក្នុង​ទ្វីបអាស៊ី មានការ​ប្រកួតប្រជែង​កាន់តែច្រើន។

សារព័ត៌មានថ្មីៗ សូម​ធ្វើការ​បង្ហាញ​មិត្ត​អ្នកអាន​ទាំងអស់ ដើម្បី​ឲ្យ​បាន​ស្វែងយល់​ពី​មូលហេតុ​ដែល​ក្រុម​អ្នកគាំទ្រ​ត្រូវ​បន្ត​លើកទឹកចិត្ត​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​របស់ខ្លួន​នា​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី នៃ​ព្រឹត្តិការណ៍ World Cup និង AFC Asian Cup។

កម្ពុជា​បាន​ឆ្លងកាត់​ការប្រកួត​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ី ជាមួយនឹង​ជ័យជម្នះ ៤-១ លើ​ម៉ា​កាវ ដោយ​ឈ្នះ ៣-០ នៅក្នុង​ទឹកដី និង​ស្មើ ១-១ នៅលើ​ទឹកដី​ម៉ា​កាវ។ ជ័យជម្នះ​បាន​នាំ​ឲ្យ​កម្ពុជា​មានឈ្មោះ​ប្រកួត​ជុំ​ទី​ពីរលើក​ដំបូង ជាមួយ​ក្រុម​ចំនួន៣៩ទៀត។

នៅក្នុង​ជុំ​ទី​ពីរ ក្រុម​ទាំង៤០ ត្រូវ​បែង​ចែកជា៨ពូ​ល ដោយ​ក្នុង​មួយ​ពូលៗ មាន៥ក្រុម។ កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល E ជាមួយ ជប៉ុន សឹង្ហ​បុរី អា​ហ្វ​ហ្គា​នី​ស្ថាន និង​ស៊ី​រី ហើយ​ការប្រកួត​ធ្វើឡើង​ចំនួន៨លើក ជា​លក្ខណៈ​ក្នុង​ទឹកដី និង​ក្រៅ​ទឹកដី។

សូមបញ្ជាក់ថា​នៅក្នុង​ពូ​ល F មានតែ៤ក្រុម​ប៉ុណ្ណោះ បន្ទាប់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បាន​ព្យួរ​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី ដោយសារតែ​មានការ​ជ្រៀតជ្រែក​ពី​សំណាក់​រដ្ឋាភិបាល ហើយ​កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ AFC បានសម្រេច​ដក​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី​ចេញពី​រាល់​ការប្រកួត​ទាំងអស់។

ហេតុផល​ដែល​យើង​ត្រូវ​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​គ្រប់​កាលៈទេសៈ៖
 ១. ក្រុម​លេខ​មួយ​ក្នុង​ពូ​លនីមួយៗ (៨ក្រុម) និង​ក្រុម​លេខ​ពីរ​ដែលមាន​ពិន្ទុ​ខ្ពស់​ចំនួន៤ក្រុម ឈាន​បន្តទៅ​វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ World Cup ឆ្នាំ២០១៨  ព្រមទាំង​ទទួលបាន​កៅអី​នៅ​វគ្គ​ចុងក្រោយ​នៃ AFC Asian Cup ឆ្នាំ២០១៩

២. ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ពីរ​លំដាប់​ទាប​ចំនួន៤ក្រុម  ក្រុម​ចំណាត់ថ្នាក់​លេខ​បី​ចំនួន៨ក្រុម និង​ក្រុម​លេខ៤ដែល​លំដាប់​មាន​ពិន្ទុ​ខ្ពស់​ជាងគេ (៤ក្រុម) ឈានទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី៣នៃ AFC Asian Cup

៣. ក្រុម​លេខ៤ដែលមាន​លំដាប់​ពិន្ទុ​ទាប (៤ក្រុម)  រួមទាំង​ក្រុម​លេខ៥ (៨ក្រុម) នៃ​ពូ​ល​និមួយៗ ត្រូវ​ប្រកួត​នៅ​វគ្គ Play-off នៃ AFC Asian Cup ដោយ AFC គ្រោង​រៀបចំ​ឲ្យ​មានការ​ប្រកួត​ជុំទីមួយ និង​ជុំ​ទី​ពីរ នា​អំឡុង​ខែមិថុនា និង​ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែ​រូបមន្ត​នៃ​ការប្រកួត​មិនទាន់​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ឡើយ ខណៈ៨ក្រុម​នឹង​ឈានទៅ​ជុំ​ទី​បី AFC Asian Cup។

ដើម្បី​ឲ្យ​ងាយស្រួល​យល់ សារព័ត៌មានថ្មីៗ សូម​លើកយក​ឧទាហរណ៍​មក​បញ្ជាក់​ដូចខាងក្រោម៖

បើ​កម្ពុជា៖

-លេខ១ នឹង​ទទួល​កៅអី​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​បី World Cup និង​ជុំ​ចុងក្រោយ AFC Asian Cup

- លេខ២ អាច​បាន​កៅអី​ជុំ​ចុងក្រោយ AFC Asian Cup (ក្នុងករណី​កម្ពុជា​ស្ថិតក្នុង​ចំណោម​ក្រុម​លេខ២ដែលមាន​លំដាប់​ពិន្ទុ​ខ្ពស់៤ក្រុម) ឬ​វគ្គ​ជម្រុះ​ជុំ​ទី​បី AFC Asian Cup (ក្នុងករណី​កម្ពុជា​ស្ថិតក្នុង​ចំណោម​ក្រុម​ចំណាត់ថ្នាក់​លេខ២ដែលមាន​លំដាប់​ពិន្ទុ​ទាប៤ក្រុម)។

-លេខ៣ បាន​កៅអី​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី៣នៃ AFC Asian Cup

-លេខ៤ លេង​នៅ​វគ្គ​ជម្រុះ​ជុំ​ទី៣នៃ AFC Asian Cup (ក្នុងករណី​កម្ពុជា​ស្ថិតក្នុង​ចំណោម​ក្រុម​ចំណាត់ថ្នាក់​លេខ៤ដែលមាន​លំដាប់​ពិន្ទុ​ខ្ពស់៤ក្រុម) ឬ​លេង​នៅ​វគ្គ Asian Cup qualifying play-off round (ក្នុងករណី​កម្ពុជា​ស្ថិតក្នុង​ចំណោម​ក្រុម​ចំណាត់ថ្នាក់​លេខ៤ដែលមាន​លំដាប់​ពិន្ទុ​ទាប៤ក្រុម)។

-លេខ៥ កម្ពុជាអាច​​លេង​នៅ​វគ្គ Asian Cup qualifying play-off round ដើម្បី​ប្រជែង​ទៅកាន់​ជុំ​ទី​បី​នៃ AFC Asian Cup៕



© រក្សាសិទ្ធិដោយ thmeythmey.com