ជាតិ
សង្គមជាតិ
ពលរដ្ឋ​សហគមន៍​ត្រពាំង​អញ្ចាញ​ទាមទារ​សំណង៨០០០ដុល្លារ​ក្នុង​មួយ​គ្រួសារ ពី​ធនាគារ ADB
22, Jun 2015 , 4:26 pm        
រូបភាព
 
ពលរដ្ឋ​សហគមន៍​ត្រពាំង​អញ្ចាញ ចំនួន១៣០គ្រួសារ បាន​ប្រមូល​ផ្តុំគ្នា​សាជាថ្មី​នៅ​ព្រឹក​នេះ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ធនាគារ​ADBផ្តល់​សំណង​ចំនួន៨០០០ដុល្លារ​ក្នុង​មួយ​គ្រួសារ ដែល​រង​ការប៉ះពាល់​ពី​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​របស់​ធនាគា​រ​នេះ។



ពលរដ្ឋ​ចំនួន១៣០គ្រួសារ ដែល​រស់នៅ​សហគមន៍​ត្រពាំង​អញ្ចាញ ស្ថិតនៅ​ភូមិ​ត្រពាំង​អញ្ចាញ​ថ្មី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រេចចិត្ត​នាំគ្នា​ទៅ​តវ៉ា​នៅមុខ​ធនាគារ ADB ម្តងទៀត ដើម្បី​សុំ​ឲ្យ​ធនាគារ​នេះ​ផ្តល់​សំណង ៨០០០ដុល្លា ក្នុង​មួយ​គ្រួសារ​ដើម្បី​ស្តារ​ជីវភាព​រស់នៅ​ឡើងវិញ បន្ទាប់ពី​រង​ការខូចខាត​ពី​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​របស់​ធនាគា​រ​អស់​រយៈពេល​ជិត ៤ឆ្នាំ​មកហើយ។

ជាការ​ឆ្លើយតប​នឹង​ការទាមទារ​នេះ ធនាគារ ADBបាន​សន្យាថា​នឹង​ផ្តល់​ចម្លើយ​នៅ​រយៈពេល២០ថ្ងៃ​ទៀត។
តំណាង​ពលរដ្ឋ​សហគមន៍​ត្រពាំង​អញ្ចាញ លោកស្រី មុច សុថា បាន​មានប្រសាសន៍ថា លោកស្រី និង​បងប្អូន​សហគមន៍ នឹង​រង់ចាំ​ចម្លើយ តែ​ប្រសិនបើ​ធនាគារ​មិនមាន​ចម្លើយ ឬក៏​នៅតែ​មិន​ផ្តល់​សំណង​ណាមួយ​នោះទេ ពួកគាត់​នៅតែ​បន្ត​ទាមទារ​ទៀត។ លោកស្រី​បញ្ចាក់​យ៉ាងនេះ​ថា៖ «កន្លងមក ធនាគារ​ធ្លាប់បាន​ប្រាប់​ពួក​ខ្ញុំ​ថា​កុំ​ព្រួយ​បារ​ម្មណ៍ ធនាគារ​នឹង​គិតគូរ​ផ្តល់​សំណង​ដល់​បងប្អូន​សហគមន៍​ឲ្យ​បាន​សមរម្យ។ តែ​ជាក់ស្តែង​ពួកយើង​មិនទាន់​ទទួលបាន​នូវ​សំណង​សមរម្យ​ដូច​អ្វីដែល​ធនាគារ​ធ្លាប់បាន​សន្យា​នោះទេ។ ខ្ញុំ​ផ្ទាល់​ទទួល​បានតែ ដី​ទំហំ ៧ មែត្រ x ១៥ មែត្រ និង​បង្គន់​មួយ​ប៉ុណ្ណោះ»។

តំណាង​សហគមន៍​រូបនេះ ក៏​ស្នើ​ដល់ អ្នកការពារ​សិទ្ធិមនុស្ស ចូលរួម​សង្កេតការណ៍ និង​ជួយ​ជ្រោមជ្រែង​ក្នុងការ​ទាមទារ​របស់​ពួកគាត់ ដើម្បី​ឲ្យ​ពលរដ្ឋ​សហគមន៍​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង ទទួលបាន​នូវ​សំណង​យ៉ាង​ឆាប់រហ័ស​និង​សមរម្យ​ដើម្បី​ស្តារ​ជីវភាព​រស់នៅ​ឡើងវិញ។

គួរ​បញ្ជាក់ថា អស់​រយៈពេល​ជិត៤ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​សហគមន៍​ត្រពាំង​អញ្ចាញ ទាមទារ​សំណង​ពី​ធនាគារ ABDតែ​ការទាមទារ​នេះ មិនទាន់​ទទួលបាន​សំណង​សមរម្យ និង​អាច​ទទួលយកបាន​នោះទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com