កីឡាជាតិ
ក្រុម​កុមារី U-14 កម្ពុជា​ប៉ះ​មី​យ៉ាន់​ម៉ា​នា​វេលា​ម៉ោង២​​រសៀល​នេះ​នៅក្នុង​ទីក្រុង​ហាណូយ
23, Jun 2015 , 8:39 am        
រូបភាព
ដោយ: រួបរួម

ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម១៤ឆ្នាំ ដឹកនាំ​ការប្រកួត​ដំបូង​ក្នុង​ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ប្រចាំ​តំបន់​អាស៊ាន ដែល​ប្រព្រឹត្តទៅ​នៅលើ​ទីលាន YFTC Field ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​កម្ពុជា​បើក​ការប្រកួត​នៅក្នុង​ពូ​ល A ដោយ​ប៉ះ​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា​នា​វេលា​ម៉ោង២រសៀល​ថ្ងៃនេះ មុននឹង​ប៉ះ​ជា​បន្តបន្ទាប់​ជាមួយ​ថៃ និង​ឡាវ។



ក្រុមកីឡា​ការិនី U-14 កម្ពុជា ដឹកនាំ​បង្វឹក​ដោយ លោក មាស សំអឿន អតីត​គ្រូបង្វឹក​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត និង​ក្លិប​វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី ខណៈ​អ្នកស្រី កែវ សូលី​ដា មាន​តួនាទី ជា​អ្នកចាត់ការ​ទូទៅ។

កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ​មី​យ៉ាន់​ម៉ារ ថៃ និង​ឡាវ រីឯ​ពូ​ល B មាន​ម្ចាស់ផ្ទះ​វៀតណាម សឹង្ហ​បុរី ម៉ាឡេស៊ី និង​ហ្វីលីពីន។ ក្រុម​ពីរ​កំពូល​តារាង​នៃ​ពូ​លនីមួយៗនឹង​ឈាន​បន្តទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី២៧ ខែមិថុនា ហើយ​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បី និង​វគ្គ​ផ្តាច់ព្រ័ត្រ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៨ ខែមិថុនា។

នេះ​ជា​លើក​ទី​បី​ហើយ​សម្រាប់​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ប្រចាំ​តំបន់​អាស៊ាន។ កាលពី​ឆ្នាំ២០១៣ ក្រោម​ការដឹកនាំ​របស់​លោក Samuel Schweingruberគ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​នាពេល​បច្ចុប្បន្ន​នោះ ក្រុម​កុមារី​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៥ក្នុងចំណោម៦ក្រុម ដោយ​ម្ចាស់ផ្ទះ​វៀតណាម ជាប់​លេខ១ ថៃ លេខ២ និង​មី​យ៉ាន់​ម៉ារ បាន​លេខ៣ ។

នា​ការប្រកួត​នៅលើ​ទីលាន Thong Nhat Stadium នៃ​ទីក្រុង​ហូជីមិញ កាលពី​ឆ្នាំ២០១៤ លោក អ៊ុំ សាវង្ស បាន​ដឹកនាំ​ក្រុម​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​បី​នៅក្នុង​ពូ​ល A ដោយ​យកឈ្នះ​សឹង្ហ​បុរី ២-១ ចាញ់​វៀតណាម ៨-០ និង​ចាញ់​ហ្វីលីពីន ៥-០ ។ កាលណោះ ថៃ​ក្លាយជា​ម្ចាស់​ជើងឯក ហ្វីលីពីន​លេខ២ និង​ម្ចាស់ផ្ទះ​វៀតណាម​បាន​លេខ៣ ។

ក្រៅពី​តំបន់​អាស៊ាន ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ក៏បាន​រៀបចំ​នៅ​តំបន់ផ្សេងៗក្នុង​ទ្វីបអាស៊ី​ផងដែរ។  នៅ​តំបន់​ខាងកើត​ដែលមាន៨ក្រុម​ចូលរួម កូរ៉េខាងជើង​បាន​លេខ​មួយ ម្ចាស់ផ្ទះ​ចិន​លេខ២ ជប៉ុន​លេខ៣ រួមទាំង​រង្វាន់ Fair Play។ កីឡាការិនី​កូរ៉េខាងជើង Kim Yun Ok រក​គ្រាប់​បញ្ចូល​ទី​ច្រើនជាងគេ​ដោយមាន៩គ្រាប់ ខណៈ​មិត្ត​រួម​ជាតិ​របស់​នាង គឺ Kim Ryo-song ជាប់​ជា​កីឡាការិនី​ឆ្នើម​ប្រចាំការ​ប្រកួត។

នៅ​តំបន់​ខាងលិច​ដែល​មានតែ៥ក្រុម​ចូលរួម ហ្ស៊​ក​ដង់ បាន​ចំណាត់ថ្នាក់​លេខ​មួយ អារ៉ាប់​រួម អេ​មី​រ៉េត បាន​ចំណាត់ថ្នាក់​លេខ​ពីរ ប៉ា​ឡេ​ស្ទី​ន បាន​លេខ​បី ខណៈ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន បាន​រង្វាន់ Fair Play។ កីឡាការិនី​ហ្ស៊​ក​ដង់ LeenYasin Mohammad Al Btoushជាប់​ជា​កីឡាការិនី​ឆ្នើម​ប្រចាំការ​ប្រកួត​ផង និង​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ផង​ដែលមាន​ចំនួន១២គ្រាប់។

រីឯ​នៅ​តំបន់​អាស៊ី​ខាងត្បូង និង​កណ្តាល​ដែលមាន៧ក្រុម​ចូលរួម​នោះ ម្ចាស់ផ្ទះ​នេ​ប៉ាល់ ត្រូវ​ប៉ះ​បង់​ក្លា​ដែ​ស​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ឥណ្ឌា​ប្រជែង​យក​លេខ៣ជាមួយ​អ៊ីរ៉ង់។ ដោយសារតែ​នេ​ប៉ាល់​បានទទួល​រងគ្រោះ​ដោយសារ​រញ្ជួយ AFC មិនទាន់​កំណត់​ការប្រកួត​សារជាថ្មី​ឡើយ ដែល​កន្លងមក គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៥ ខែមេសា។

ក្រុមកីឡា​ការិនី​កម្ពុជា​ដែល​ចូលរួម​នៅ​ឆ្នាំ២០១៥នេះ រួមមាន៖
អ្នកចាំទី៖ ភឿ ធូ, សុខា រតនា, ពឿ​ន គ​ន្ធា
ខ្សែការពារ៖ ចាន់ ធិ​ន, ឡេង ពេជ្រនិល, ញ៉រ ស្រី​ណែ​ត, ស៊ាន សាង​យី, វ័យ ស្រី​ទូច, ឆាយ វ៉ាន់ឌី, ភឿន ស្រី​ល័ក្ខណ៍, ស្រី​លាភ
ខ្សែបម្រើ៖ យ៉​ន សោ​ភ័​ណ្ឌ​រស្មី, ហៀ​ង សារី, សឿន វិ​ផា, រ័ត្ន ឆៃអ៊ាង, ឈឿន គា​នី, ទី សំណាង
ខ្សែប្រយុទ្ធ៖ ម៉េ​ត ម៉ា​យ៉ាន, លឹម សុជា, មូល រស្មី, សុន ស៊ី​ណៃ, ជា ស្រី​ឃួន៕




© រក្សាសិទ្ធិដោយ thmeythmey.com