ជាតិ
សង្គមជាតិ
លោក ឈាង វុន៖ កម្ពុជា​មិនអាច​ពន្យារពេល​អនុម័ត​ច្បាប់ NGO ទៀត​ទេ
23, Jun 2015 , 2:11 pm        
រូបភាព
គណៈកម្មការ​ទី៥នៃ​រដ្ឋសភា នឹងត្រូវ​ទទួលបន្ទុក​សិក្សា​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម។ ក្នុងពេល​សិក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ នាពេលឆាប់ៗខាងមុខនេះ រដ្ឋសភា ក៏​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​និង​អ្នកពាក់ព័ន្ធ​ផងដែរ។



នៅ​ព្រឹក​ថ្ងៃទី​អង្គារ​ទី២៣ខែមិថុនា​នេះ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​ជួប​ពិភាក្សាគ្នា អំពី​សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ដែល​បាន​បញ្ជូនមក​ដល់ដៃរ​ដ្ឋ​សភា នៅ​ថ្ងៃទី១៦ខែមិថុនា កាលពី​សប្តាហ៍​មុន។

លោក​ឈាង វុ​ន អ្នកនាំពាក្យ​រដ្ឋសភាជាតិ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ តាម​ខ្សែ​ទូរ​សព្ទ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ថា គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បានសម្រេច​ប្រគល់​ភារកិច្ច​ទៅ​ឲ្យ​គណៈកម្មការ​ទី៥នៃ​រដ្ឋសភា​ទទួលបន្ទុក​កិច្ចការបរទេស ជា​អ្នកធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​ពិភាក្សា ព្រមទាំង​រាយការណ៍​ទៅកាន់​រដ្ឋសភា អំពី​សេចក្តីព្រាងច្បាប់​នេះ ដោយ​សហការ​ជាមួយនឹង​គណៈកម្មការ​ចំនួន២ទៀត គឺ​គណៈកម្មការ​ទី៤ និង​ទី៦នៃ​រដ្ឋសភា។  ប្រធាន​នៃ​គណៈកម្មការ​ទី៥នៃ​រដ្ឋសភា​ដែល​ទទួលបន្ទុក​សិក្សា​លើ​ច្បាប់​NGOរូបនេះ បាន​ថ្លែងបន្តថា ៖ «គណៈកម្មការនីមួយៗ និង​ជួបប្រជុំ​ផ្ទៃក្នុងរៀងៗខ្លួន ហើយ​ពួកយើង​នឹង​ជួប​ពិភាក្សាគ្នា ដើម្បី​ស្វែង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​សេចក្តីព្រាងច្បាប់​នេះ»។

នៅក្នុងពេល​នៃ​កិច្ចប្រជុំ​ពិភាក្សា និង​សិក្សា​ស្រាវជ្រាវ​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ រដ្ឋសភា ក៏​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ ផងដែរ នាពេលឆាប់ៗខាងមុខនេះ។

លោក ឈាង វុន បញ្ជាក់ថា រដ្ឋសភា​មិនអាច​ពន្យារពេល​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ​តទៅទៀត​បានទេ។ លោក​ថា កម្ពុជា​មិនអាច​បណ្តោយ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាង៥ពាន់​ដែលមាន​វត្ត​មាននៅ​កម្ពុជា ឲ្យ​ធ្វើ​សកម្មភាព​ដោយ​មិនមាន​ច្បាប់​គ្រប់គ្រង​នោះឡើយ។

សូមបញ្ជាក់ថា ខណៈ​រដ្ឋសភា​កំពុងតែ​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ច្បាប់​NGOដ៏​ចម្រូងចម្រាស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​រាប់រយ បាន​ជួបជុំគ្នា​សម្តែង​មតិ​នៅមុខ​រដ្ឋសភា និង​ស្នើ​ឲ្យ​រដ្ឋសភា​បញ្ឈប់​ការអនុម័ត​ច្បាប់​នេះ។ សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ត្រូវបាន​រដ្ឋាភិបាល អះអាងថា បង្កើតឡើង​ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព ក្នុងការ​បង្កើត អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម និង​លើកកម្ពស់​កិច្ចប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​លើ​គ្រប់​វិស័យ។ តែ​យ៉ាងណា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មានការ​ព្រួយបារម្ភ​ថា ច្បាប់​នេះ​អាច​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពួកគេ។ កន្លងមក​សង្គម​ស៊ីវិល​ទាំងនោះ ក៏​ស្នើ​ឲ្យ​រដ្ឋសភា បើក​កិច្ច​ពិគ្រោះ​យោបល់​ដោយ​ចំហរ​ជាមុនសិន​ទៅលើ​សេចក្ដីព្រាងច្បាប់​នេះ មុននឹង​សភា​អនុម័ត។

សេចក្តីព្រាងច្បាប់​ចុងក្រោយ​ស្តីពី អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម មាន៩ជំពូក និង៣៩មាត្រា និង​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​នៅ ថ្ងៃទី៥មិថុនា​កន្លងទៅ។ រដ្ឋាភិបាល​បានសម្រេច​កែសម្រួល​ពាក្យពេចន៍ និង​បាន​ដក​មាត្រា​ចំនួន​ពីរ​ចេញពី​សេចក្តីព្រាងច្បាប់​នេះ គឺ​មាត្រា​ដែល​ចែង​ពី​ការដាក់កំហិត​លើ​ការចំណាយ​ថវិកា​រដ្ឋបាល​របស់​អង្គការ សមាគម និង​នីតិវិធី​នៃ​ការចុះបញ្ជី​របស់​អង្គការ​អន្តរជាតិ៕




© រក្សាសិទ្ធិដោយ thmeythmey.com